Friday, January 31, 2025
Homeសន្ដិសុខសង្គមប្តីវ៉ៃបែកមាត់ប៉ោងមុខ ប្រពន្ធទឹកភ្នែក Live Video ផ្អើលហ្វេសប៊ុក

ប្តីវ៉ៃបែកមាត់ប៉ោងមុខ ប្រពន្ធទឹកភ្នែក Live Video ផ្អើលហ្វេសប៊ុក

ខេត្តបន្ទាយមានជ័យ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលមានការចែករំលែកតៗគ្នាពីរឿងរ៉ាវ អំពើហិង្សាក្នុងគ្រួសារមួយ ដែលត្រូវភាគស្ត្រីជាប្រពន្ធអះអាងថា ប្តីរបស់នាងគឺជាថៅកែតំណាងចែកចាយស្រាបៀរដ៏ធំមួយប្រចាំខេត្តបន្ទាយមាន ជ័យ និងធ្លាប់ស្រលាញ់ថ្នាក់ថ្នមប្រពន្ធកូនខ្លាំងណាស់ ស្រាប់តែពេលនេះប្រែប្រួលចិត្តផ្លាស់ប្តូរចរិត បង្ករឿងវ៉ៃដំប្រពន្ធបែកមុខមាត់ រួចគំរាមសម្លាប់ថែមទៀត ទើបធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏សម្រេចធ្វើការ Live Video បង្កឱ្យមានការភ្ញាក់ផ្អើលពេញហ្វេសប៊ុក មុននឹងឈានទៅដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ហេតុការណ៍អំពើហិង្សា ដែលត្រូវស្ត្រីជាប្រពន្ធធ្វើការឡាយវីដេអូ បង្ហាញពីស្ថានភាពបុរសជាប្តីវាយដំរហូតដល់បែកមាត់ប៉ោងមុខនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។

ស្ត្រីរងគ្រោះដែលត្រូវប្តីវាយដំបណ្តាលឱ្យរងរបួសធ្ងន់ ព្រមទាំងគំរាមសម្លាប់ទៀតនេះ មានឈ្មោះសៀង សុវណ្ណារី។ ចំណែកបុរសជាប្តី មានឈ្មោះហែម ហ៊ាង ជាថៅកែចែកចាយស្រាបៀរហ្គេនស៍បឺគ ប្រចាំខេត្តបន្ទាយមានជ័យ និងមានកូន២នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅផ្ទះ តាមបណ្តោយផ្លូវលេខ៣ ជាប់នឹងអគ្គិសនីខេត្តបន្ទាយមានជ័យ។

យោងតាម Live Video ដែលស្ត្រីរងគ្រោះ បានធ្វើការឡាយតាមហ្វេសប៊ុក កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ក្រោយពេល បុរសជាប្តី ប្រើអំពើហិង្សាវាយដំបែកមុខមាត់ និងនិងគំរាមសម្លាប់ទៀតនោះ ស្ត្រីរងគ្រោះដែលស្ថិតក្នុងសភាព ហើមជាំភ្នែកខាងឆ្វេង និងបែកបបូរមាត់ផងនោះ បានដៃកាន់កូនតូចស្រែកយំរៀបរាប់ថា នាងឈ្មោះសៀង សុវណ្ណារី ត្រូវជាប្រពន្ធថៅកែតំណាងចែកចាយស្រាបៀរហ្គេនស៍បឺគ ប្រចាំខេត្តបន្ទាយមានជ័យឈ្មោះហែម ហ៊ាង។ នាងត្រូវបានប្តីប្រើអំពើហិង្សាដោយការដាល់ទាត់ធាក់មកលើនាងបណ្តាលឱ្យបែកមាត់ និងខៀវ ភ្នែករងរបួសជាទម្ងន់។

ស្ត្រីរងគ្រោះ បានបន្តថា ក្រោយពេលប្តីវាយដំ នាងបាននាំកូនរត់គេចពីប្តីចូលក្នុងបន្ទប់ចាក់សោជាប់ ព្រោះខ្លាចប្តីសម្លាប់ ហើយនាងសម្រេចឡាយវីដេអូ ដើម្បីស្នើសុំឱ្យអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកជួយចែករំលែក និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចដើម្បីជួយនាង ព្រោះនាងនិងកូនមិនអាចចេញពីបន្ទប់បានទេ ដោយខ្លាចប្តីនាងសម្លាប់ចោល។ ដោយនាងបញ្ជាក់ថា ផ្ទះរបស់នាងស្ថិតនៅតាមផ្លូវលេខ៣ ជាផ្ទះចែកចាយស្រាបៀរហ្គេនស៍បឺគ ជាប់នឹងអគ្គិសនីកម្ពុជាខេត្តបន្ទាយមានជ័យ។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា នាងស្រឡាញ់ប្តីខ្លាំងណាស់ប៉ុន្តែចុងក្រោយនេះមិនដឹងយ៉ាងម៉េច ប្តីនាងបានប្រើហិង្សាលើនាង ដូចបាល់អ៊ីចឹង ហើយបើគ្មានអ្នកជួយអន្តរាគមន៍ទេ ប្តីនាងអាចនឹងសម្លាប់នាង និងកូនទាំង២ចោលមិនខាន ព្រោះឥឡូវនេះប្តីកំពុងគំរាមសម្លាប់។ បច្ចុប្បន្ន នាងកំពុងមានជំងឺមហារីកឈាមសស៊ីឈាមក្រហម មិនគួរណាប្តីរបស់នាងមិនអើពើ បែរជាប្រើអំពើហិង្សាមកលើនាងបែបនេះសោះ។

ដោយឡែកយោងតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ស្ត្រីរងគ្រោះ ដែលមានឈ្មោះ ពី យ៉ា បានបង្ហោះសារជាច្រើន កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ថា “តើមានអ្នកណាអាចជួយសង្គ្រោះខ្ញុំបាននៅពេលនេះ សូមច្បាប់មេត្តាជួយដល់ខ្ញុំជាស្ត្រីផង មានវិបត្តិ គ្រួសារ ដោយសារអំពើហិង្សាក្នុងគ្រួសារផង…” “ស្ត្រីដែលស្អាតល្អ មិនអាចហាម ឬចងចិត្តប្រុសសាវ៉ាបានឡើយ នេះហើយកម្មអូន យកបងជាប្តី អស់លុយ អស់ឡាន អស់ផ្ទះកល្យាណ បង់ទាំងប្រាណស្រី លាហើយណាថ្លៃ បងដេកគុកចុះ កាយអូនឈឺពិត មិនស្មើចិត្តកម្ម រស់រងប្រេះស្រាំ រង់ចាំមរណៈ…” “ហួសពេលសម្រួលហើយ ប្រពន្ធដូចខ្ញុំ មិនមែនបាល់ចាំទុក ឈប់រំខានខ្ញុំ ដោះស្រាយតាមនីតិវិធីចុះ…” “ស្លាកស្នាមអនុស្សាវរីយ៍ បងស្រលាញ់ណាស់ បងថ្នមអូនណាស់ នាងសុវណ្ណារី សូមអង្វរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយសង្គ្រោះរូបខ្ញុំ នូវបញ្ហាវិប្បត្តិគ្រួសារដោយអំពើហិង្សាដាក់មកលើរូបនាងខ្ញុំ និងកូន បើអស់លោកមិនចង់ឃើញខ្ញុំស្លាប់ដោយសារមនុស្សអវិជ្ជា…” “ចិត្តមិនដាច់ធ្វើស្តេចមិនបាន ព្រមានឱ្យយល់ពីក្តីស្រលាញ់ បើមិនថែទេកុំវ៉ៃ តែវ៉ៃអូន បងបានដេកគុកហើយ សំណាងក្នុងគុកណា អតីតប្តី…” “ម្សិលមិញស្អាតសោះ ថ្ងៃមុខឡើង cute has ha ស្ត្រីដែលមានតម្លៃ ប្តីស្រលាញ់ស្ទើរលេប បើប្តីលេបបានប្តីលេបអូនទុក ហាស់ លេបមែន ស៊ីកណ្តាប់ដៃ ឆ្ងាញ់អត់ប្រពន្ធសម្លាញ់បង អូនសូមស្មាលាហើយ ប្តីដ៏សែនល្អដូចរូបបង…” “សង្ឃឹមថា មានច្បាប់អាចជួយដោះស្រាយរឿងអំពើហិង្សាក្នុងគ្រួសារបាន សូមបុរសទាំងឡាយ កុំអាងសិទ្ធិជាប្តី អាងកម្លាំងបាយ យកហិង្សាជាធំ ប្រពន្ធមិនមែនបាវសាក់ទេ ហ៊ានវ៉ៃហ៊ានដេកគុក ដូចលោកហែម ហ៊ាង ចឹង ស្រាល២ឆ្នាំ ធ្ងន់៥ឆ្នាំ ហ្នឹងអូនរី…” “ខ្ញុំជាស្ត្រីមេផ្ទះ មិនមែនស្រីនៅផ្ទះ ខ្ញុំជាប្រពន្ធស្របច្បាប់ មិនមែនស្រីលួចលាក់ ខ្ញុំមានការសិក្សា មិនមែនអវិជ្ជា ខ្ញុំអាចចិញ្ចឹមកូនរស់ដោយគ្មានប្តី មិនមែនអត់ប្តីងាប់ យល់ឱ្យដល់គិត មិនមែនលេងសើច តែចូលចិត្តធ្វើមែនទែន…”។

ជុំវិញរឿងរ៉ាវអំពើហិង្សាក្នុងគ្រួសារខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីឈ្មោះហែម ហ៊ាង បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES