Thursday, January 16, 2025
Homeសង្គម និងជីវិតម៉ែរវល់ការងារក្នុងផ្ទះ កូនរត់លេងធ្លាក់ទឹកស្រះលង់ស្លាប់

ម៉ែរវល់ការងារក្នុងផ្ទះ កូនរត់លេងធ្លាក់ទឹកស្រះលង់ស្លាប់

ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់ត្រូវម្តាយបណ្តោយឱ្យរត់លេងក្បែរៗផ្ទះជាមួយនឹងក្មេងៗក្នុងភូមិប៉ុន្មាននាក់ទៀត ខណៈដែលម្តាយរវល់ធ្វើការងារក្នុងផ្ទះ ស្រាប់តែអកុសល ក្មេងប្រុសរងគ្រោះ បានរត់លេងរអិលជើងធ្លាក់ចូលក្នុងទឹកស្រះ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះហ៊ី លីហុង អាយុ៣ឆ្នាំ មានឪពុកឈ្មោះហ៊ី ចាន់ថា អាយុ៣៦ឆ្នាំ មុខរបរជាងកាត់ កញ្ចក់ និងជាងដំប៉ោត ម្តាយឈ្មោះព្រំ ស៊ីនួន អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ដោយសារតែនាងរវល់ធ្វើការងារក្នុងផ្ទះ ទើបបណ្តោយឱ្យកូនប្រុស រត់លេងជាមួយនឹងក្មេងៗក្នុងភូមិដទៃទៀត នៅក្បែរៗផ្ទះ។ លុះមួយសន្ទុះក្រោយមក ក៏មានក្មេងៗបានរត់មកប្រាប់ថា កូនប្រុសរបស់នាងបានលង់ទឹក ទើបនាងរួមនឹងអ្នកភូមិប្រញាប់នាំគ្នាស្ទុះរត់ទៅមើល តែពេលទៅដល់ ក៏ប្រទះឃើញថា កូនប្រុសបានលង់ទឹកស្លាប់បាត់ទៅហើយ។

តាមសម្តីក្មេងៗដែលរត់លេងជាមួយក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួគគេបានរត់លេងជាមួយគ្នានៅក្រោយ ផ្ទះ ស្រាប់បន្តិចក្រោយមកក៏បាត់ក្មេងប្រុសរងគ្រោះ មិនដឹងទៅណា ទើបពួកគេបានរត់ទៅប្រាប់ម្តាយក្មេងរងគ្រោះ នាំគ្នាដើររក ស្រាប់តែឃើញ ក្មេងប្រុសរងគ្រោះនៅក្នុងទឹកស្រះ រួចក៏នាំគ្នាចុះស្រង់យកមកធ្វើចលនាដើម្បីសង្គ្រោះ ប៉ុន្តែគួរឱ្យសោកស្តាយហួសពេលទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសលវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺពុំមានពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES