Friday, January 31, 2025
Homeសន្ដិសុខសង្គមពលរដ្ឋរិះគន់ ប៉ូលិសខណ្ឌមានជ័យ ផាកពិន័យប្រើសម្តីថ្លោស

ពលរដ្ឋរិះគន់ ប៉ូលិសខណ្ឌមានជ័យ ផាកពិន័យប្រើសម្តីថ្លោស

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានធ្វើបញ្ចោញប្រតិកម្ម ធ្វើការរិះគន់ចំពោះមន្ត្រីនគរបាលខណ្ឌមានជ័យ ដែលបានដាក់កម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចគោលដៅគល់ស្ពានព្រែកទាល់ទាំង២ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យខ្មែរ-សូវៀត ហៅ ពេទ្យរុស្សី ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ថាបានប្រើកាយវិការ និងសម្តីមិនសមរម្យ ដាក់ប្រជាពលរដ្ឋ បើទោះជាប្រជាពលរដ្ឋអ្នកដំណើរខ្លះ បានទទួលស្គាល់កំហុសរបស់ខ្លួនទៅហើយ។

ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុន បានលើកឡើងថា នៅចំណុចគល់ស្ពានព្រែកទាល់ទាំង២ ពោលគឺទាំងស្ពានទី១ និងស្ពានទី២ សព្វថ្ងៃនេះ គេឃើញមានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យជាច្រើនបានដាក់ពង្រាយ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ និងចាប់ផាកពិន័យចំពោះអ្នកដំណើរ ដែលបានប្រពឹត្តល្មើស មិនថាជិះម៉ូតូដោយមិនមានពាក់មួកការពារសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយនោះទេ ហើយអ្វីដែលសំខាន់ គឺស្ពានព្រែកទាល់ ទាំងស្ពានទី១ និងស្ពានទី២ សុទ្ធតែជាផ្លូវឯកទិស ពោលគឺមិនអនុញ្ញាតឱ្យមានការធ្វើដំណើរទៅមកនោះឡើយ ដោយក្នុងនោះ ស្ពានទី១ អនុញ្ញាតឱ្យតែមានការធ្វើដំណើរ ចុះពីលើផ្លូវលេខ២៧១មកតែប៉ុណ្ណោះ ចំណែកស្ពានទី២ អនុញ្ញាតឱ្យតែធ្វើដំណើរឡើងទៅលើផ្លូវលេខ២៧១ ប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានបន្តថា ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលឃើញសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់បែបនេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋមួយចំនួននៅតែបន្តល្មើស មិនគោរព ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ នៅត្រង់ថា តាមការសង្កេតឃើញក្រុមសមត្ថកិច្ចដែលដាក់គោលដៅនៅគល់ស្ពានព្រែកទាល់ទាំង២ ហាក់មានចរិតក្រអើតក្រទម ប្រើកាយវិការ និងពាក្យសម្តីមិនសូវសមរម្យសោះ សូម្បីតែប្រជាពលរដ្ឋ អ្នកដំណើរខ្លះ បានយល់ព្រមទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនទៅហើយ នៅតែត្រូវសមត្ថកិច្ចប្រើសម្តីស្តីបន្ទោស មិនស្គាល់ក្មេងចាស់សោះឡើយ។

ប្រជាពលរដ្ឋម្នាក់ ដែលធ្លាប់ទទួលរងការផាកពិន័យនៅត្រង់ចំណុចគល់ស្ពានព្រែកទ័លទី២ បានបញ្ជាក់ប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា ថ្ងៃមួយគាត់បានជិះម៉ូតូឌុបប្រពន្ធទៅផ្សារ ដោយគាត់ជាអ្នកបើកបរមានពាក់មួកការពារសុវត្ថិភាពត្រឹមត្រូវ តែទាស់ប្រពន្ធមិនបានពាក់មួកនោះទេ ព្រោះគិតថាទៅក្បែរនេះប៉ុណ្ណោះ ស្រាប់តែទៅដល់គោលដៅសមត្ថកិច្ចខាងលើ ក៏លេចមុខសមត្ថកិច្ចមួយរូប បានស្ទុះចេញមកស្ទាក់ពីមុខម៉ូតូរបស់គាត់ ហើយមិនទាន់បាននិយាយថាម៉េចផង ក៏ចាប់ដកសោម៉ូតូគាត់ រួចរុញគាត់ទាំងតតេះតតះឱ្យចូលកៀន ធ្វើដូចគាត់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ជាចោរប្លន់ លុះគាត់សួរនាំថា មានការអីលោកប៉ូលិស ស្រាប់តែលោកប៉ូលិសបានឆ្លើយវិញទាំងកន្ថោរថា មិនបាច់សួរច្រើនទេ ទៅជួបគេ គេប្រាប់ថាខុសអីហើយ។ តាមពិត គាត់ទទួលស្គាល់ថាពួកគាត់មានកំហុស ត្រង់ថា ប្រពន្ធរបស់គាត់អត់មានពាក់មួក តែមិនដល់ថ្នាក់ប៉ូលិសមកចាប់អូសដូចចោរ រួចប្រើកាយវិការ និងសម្តី ធ្វើដូចពួកគាត់ជាមនុស្សព្រៃមិនស្គាល់ច្បាប់ទម្លាប់បែបនេះដែរ។

ប្រជាពលរដ្ឋម្នាក់ទៀត ដែលជួបហេតុការណ៍មិនសូវខុសគ្នាប៉ុន្មាននេះ បានប្រាប់ដែរថា គាត់ក៏ធ្លាប់ជួបបញ្ហានេះដែរ ជាក់ស្តែងនៅព្រឹក ថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨ គាត់ជិះម៉ូតូដោយមានពាក់មួក និងកញ្ចក់មើលក្រោយត្រឹមត្រូវ សំដៅទៅផ្សារសុវណ្ណា ហើយដោយគិតថា ថ្ងៃសៅរ៍ ប៉ូលិសមិនធ្វើការ ដឹងអីទៅដល់គល់ស្ពានទី១ ក៏ត្រូវប៉ូលិសចាប់គ្រឹប ដកសោរមុនសិន ទើបប្រាប់ថា អ៊ុំជិះបញ្ច្រាសហើយ លុះគាត់ប្រាប់ ថាសុំទោសក្មួយ អ៊ុំដឹងថាជិះបញ្ច្រាស តែស្មានថាថ្ងៃសៅរ៍ក្មួយអត់ធ្វើការ ណាមួយត្រូវទៅផ្សារសុវណ្ណា បើវៀងតាមស្ពានទី២ ឃើញថាឆ្ងាយណាស់ ទើបជិះតាមនេះទៅ ស្រាប់តែក្មួយប៉ូលិសប្រើសម្តីទាំងគំរោះគំរើយថា ជិះខុស ចេះតែរកលេសហើយប៉ូលិសដូចខ្ញុំធ្វើការគ្មានស្គាល់សៅរ៍ អាទិត្យទេ ដើម្បីបម្រើរាស្ត្រ តែរាស្ត្រធ្វើឱ្យឈឺក្បាលរហូត យ៉ាប់ណាស់។ គ្រាន់តែស្តាប់សម្តីរបស់ក្មួយប៉ូលិសនេះចប់ គាត់អត់មានពាក្យអីត្រូវបកស្រាយទៀតទេ ក៏យល់ព្រមឱ្យគេអូសម៉ូតូឡើងឡាន រួចទៅបង់ប្រាក់ពិន័យនៅខណ្ឌដើម្បីនាំយកម៉ូតូត្រឡប់មកវិញ។

ប្រជាពលរដ្ឋ បានលើកឡើងថា ស្ពានព្រែកទាល់នេះ ដើមឡើយ គឺមហាស្ទះចរាចរណ៍ មិនថាព្រឹក ឬល្ងាចនេះទេ ព្រោះតែមានអ្នក ដំណើរតែធ្វើដំណើរទៅមក ដោយមិនគោរពផ្លាកសញ្ញាចរាចរណ៍ឯកទិស តែមិនដែលឃើញមុខសមត្ថកិច្ចចុះមកផាកពិន័យ ឬជួយសម្រួលចរាចរណ៍អីទេ លុះក្រោយពេលសម្តេចនាយករដ្ឋមន្ត្រី ស្រែកឱ្យមានការពង្រឹងច្បាប់ចរាចរណ៍ ស្រាប់តែសមត្ថកិច្ចធ្វើការសស្រាក់សស្រាំណាស់ មិនថាថ្ងៃសៅរ៍ អាទិត្យនោះទេ តែជាមួយនេះ មានមន្ត្រីនគរបាលខ្លះអនុវត្តហួសតួនាទី និងមានចរិតកោងកាច ស្រែកសម្លុតប្រជាពលរដ្ឋ ប្រើកាយវិការ និងសម្តីសំដៅដាក់ពលរដ្ឋដូចចោរ ហាក់គ្មានសីលធម៌ក្នុងខ្លួនបន្តិចណាសោះ ហើយខ្លះឆ្លៀតឱកាសជំរិតទារលុយពីពលរដ្ឋ ជាថ្នូរ នឹងការមិនផាកពិន័យ អូសម៉ូតូទៅខណ្ឌទៀតផង។

ដោយសារតែប្រទះឃើញទង្វើអវិជ្ជមានមួយចំនួនខាងលើ ទើបប្រជាពលរដ្ឋបានទទូចសុំស្នើដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យ និងពង្រឹងសីលធម៌របស់មន្ត្រីនគរបាលមួយចំនួនផង ព្រោះពេលខ្លះ អាងតែខ្លួនស្លៀកឯកសណ្ឋានសមត្ថកិច្ច មានស័ក្តិពាក់លើស្មា ក៏បញ្ចោញចរិតច្រឡោមខាម សម្លុតគំរាមប្រជាពលរដ្ឋស្លូតត្រង់ដែលជាអ្នកដំណើរ មើលទៅពិតជាអសីលធម៌ ដែលមិនអាចទទួលយកបានសោះ។

ជុំវិញប្រតិកម្ម និងការរិះគន់របស់ប្រជាពលរដ្ឋចំពោះមន្ត្រីនគរបាលខណ្ឌមានជ័យខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES