ភ្នំពេញ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ ព្រោះតែខឹងនឹងរឿងសុំលុយប្រពន្ធមិនបានតាមបំណង ក៏ផ្ទុះកំហឹង ចាប់ប្រពន្ធវាយដំធ្វើទារុណកម្ម រួចយកខ្សែភ្លើងមកឆក់ប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ និងថែមទាំងបានគំរាមឪពុកម្តាយ បងប្អូនមិនឱ្យចូលជួយទៀតផង រហូតដល់ប្រពន្ធទ្រាំទ្រលែងបាន ក៏សម្រេចដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ច ជួយចាប់ប្តីកំណាចយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្តីចិត្តកោងកាច គ្មានធម៌មេត្តា ប្រើហិង្សាវ៉ៃដំធ្វើទារុណកម្ម យកខ្សែភ្លើងឆក់ប្រពន្ធខ្លួនឯងនេះ មានឈ្មោះឡូត ប៊ុនថន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអឿន សាមាន អាយុ២២ឆ្នាំ មុខរបរជួយលក់ដូរបងថ្លៃ មានជម្ងឺបេះដូង ប្រចាំកាយ (រងរបួសធ្ងន់)។ ប្តីប្រពន្ធអ្នកទាំងពីរ ស្នាក់នៅផ្ទះជួល ក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានឱ្យដឹងថា នាងនិងប្តីកំណាចនេះ បានចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេលជាង១ឆ្នាំមកហើយ តែមកដល់សព្វថ្ងៃនៅមិនទាន់មានកូន១គ្រាប់នៅឡើយ។ តាំងពីរួមរស់នឹងគ្នាមក ជីវិតនាងជួបតែភាពអាប់អួរ សោះកក្រោះ ព្រោះតែប្តីគឺជាមនុស្សមាន ចរិតកោងកាច និងមិនដែលជួយគិតគូរពីរឿងរកការងារធ្វើរកប្រាក់ចិញ្ចឹមជីវិតនោះទេ មួយថ្ងៃៗចេះតែដើរលេងប៉ោឡែ ផឹកស៊ី ជក់ថ្នាំញៀន ហើយពេលខ្លះមិនត្រឹមតែទៅជក់ថ្នាំជាមួយបក្ខពួកនៅខាងក្រៅទេ ថែមទាំងនាំបក្ខពួកចូលផ្ទះសម្ងំជក់ថ្នាំទៀតផង ហើយរាល់ពេលដែលប្តីនេះ ស្រវឹងស្រា ឬបែកថ្នាំម្តងៗ តែងរករឿងវាយធ្វើបាប និងប្រើទារុណកម្មមកលើនាងជាប្រពន្ធ សព្វគ្រប់បែបយ៉ាង ធ្វើឱ្យនាងរស់នៅទាំងភ័យខ្លាច។
ស្ត្រីរងគ្រោះជាប្រពន្ធបន្តថា នៅមុនពេលកើតហេតុ ដោយសារតែឃើញទង្វើរបស់ប្តីនេះ កាន់តែខុសឆ្គងពីមួយថ្ងៃទៅមួយថ្ងៃ ទើបបងប្អូនឪពុកម្តាយ បានស្តីប្រដៅអប់រំជាញឹកញាប់ដែរ តែប្តីនេះ មិនខ្ចីយកត្រចៀកស្តាប់សោះ និងថែមទាំងគំរាមវ៉ៃឪពុកម្តាយបងប្អូនទៀតផង។ កន្លងមក ប្តីកំណាចរូបនេះ ធ្លាប់បានតខ្សែភ្លើងយកមកឆក់ប្រាណនាងចំនួន២ដងរួចមកហើយ ព្រោះតែខឹងសុំលុយនាងមិនបាន។
ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ប្តីកំណាចរបស់នាងមិនដឹងជាទៅជក់ថ្នាំនៅឯណាមិនដឹង ត្រឡប់មកដល់ផ្ទះវិញក៏មកទាររកលុយនាងចំនួន១ម៉ឺនរៀល ដើម្បីយកទៅទិញថ្នាំញៀនជក់បន្ត លុះនាងហុចលុយឱ្យ ៥ពាន់រៀល ស្រាប់តែប្តីនេះច្រឡោតខឹងថា លុយប៉ុណ្ណឹងទិញថ្នាំញៀនម៉េចគ្រប់ រួចក៏ស្ទុះមកវាយដំនាង បណ្តាលឱ្យប៉ោងមុខមាត់ ឆ្អល់ណែនដើមទ្រូង រងរបួសធ្ងន់តែម្តង។
នៅពេលប្រទះឃើញហេតុការណ៍ហិង្សាបែបនេះ ឪពុកម្តាយ រួមនឹងបងប្អូនជនកំណាចខាងលើ បាននាំគ្នាចូលទៅឃាត់ ស្រាប់តែត្រូវជននោះគំរាមកាប់ ប្រសិនបើអ្នកណាចូលជួយ លូកដៃក្នុងរឿងប្តីប្រពន្ធរបស់គេ។ ដោយឃើញសភាពមិនស្រួល ទើបស្ត្រីជាប្រពន្ធ រួមដំណើរជាមួយបងថ្លៃស្រី នាំគ្នារត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍ចោមចៅ៣ ដើម្បីឱ្យជួយអន្តរាគមន៍ តែត្រូវបានជនបង្កខាងលើដឹងខ្លួនមុន រត់គេចបាត់ មុនប៉ូលិសចុះទៅដល់។
តាមសម្តីស្ត្រីឈ្មោះឡូត ស្រីរ័ត្ន អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ត្រូវជាបងស្រីបង្កើតរបស់ជនបង្ក បានឱ្យដឹងថា នាងមានបងប្អូន៤នាក់ (ប្រុស៣ ស្រី១) ហើយនាងគឺជាកូនច្បងគេ ចំណែកប្អូនញៀនថ្នាំខាងលើ (ជនបង្ក) គឺជាកូនទី២ គ្មានការងារធ្វើ ហើយបង្កបញ្ហាក្នុងគ្រួសារ វាយជេរប្រមាថទាំងឪពុកម្តាយ បងប្អូនជាញឹកញាប់ ចំណែកស្ត្រីជាប្រពន្ធវិញ ត្រូវប្តីវាយសឹងរាល់ថ្ងៃទៅហើយ ដាក់កំណត់ក្នុងគ្រួសារ ធ្វើយ៉ាងណាក្នុងមួយថ្ងៃ ត្រូវតែឱ្យលុយគេ១ម៉ឺនរៀលដាច់ខាត ដើម្បីយកទៅទិញថ្នាំញៀនជក់ រហូតមកដល់រសៀល ថ្ងៃទី០៣ ខែមីនា ក៏ផ្ទុះរឿងជាថ្មីក្នុងគ្រួសារ ដោយសារប្អូនប្រុសរូបនេះ វាយធ្វើបាបប្រពន្ធ គម្រាមឪពុកម្តាយ បងប្អូន ទើបទ្រាំលែងបាន នាំគ្នារត់ទៅប្តឹងប៉ូលិសតែម្តង។
ជុំវិញករណីហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀនខាងលើ ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានប្រើប្រាស់ពេលជាច្រើនម៉ោង ទាំងមេភូមិ កម្លាំងប្រជាការពារភូមិ រួមនឹងសាច់ញាតិ រងចាំឃ្លាំមើលជនបង្ក។ រហូតដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ទើបលេចមុខជនបង្ក លបវិលវិញចូលផ្ទះវិញ ក៏ត្រូវបានកម្លាំងនគរបាលព័ទ្ធចាប់ខ្លួនបាន នាំទៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕