ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុម មានគ្នា៣នាក់ បាននាំគ្នាធ្វើសកម្មភាពដេញតាមវាយ និងកាប់យុវជនចំនួន២នាក់ ដល់ក្នុងមន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ និងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ជនរងគ្រោះទាំង២នាក់ ដែលត្រូវក្រុមក្មេងទំនើងដេញកាប់ដល់ក្នុងមន្ទីរពេទ្យ រួមមាន ទី១-ឈ្មោះពៅ ខុន អាយុ២៣ឆ្នាំ មុខរបរលក់មីឆា ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា និងទី២-ឈ្មោះឌី ណា អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅម្តុំរង្វង់មូលកាំកូស៊ីធី។ ចំណែកក្រុមជនសង្ស័យ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងចេញល្បាតតាមគោលដៅនៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី ស្រាប់តែប្រទះឃើញយុវជនយុវជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GU-8316 ជិះឌុបគ្នាសំដៅចូលក្នុងមន្ទីរពេទ្យរុស្សី ក្នុងល្បឿនយ៉ាងលឿនទាំងសភាពភ័យស្លន់ស្លោ ស្រាប់តែភ្លាមនោះ ឃើញមានក្មេងទំនើងមួយក្រុម មានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ចាម 1S-0735 និង១គ្រឿងទៀតម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-6436 ប្រដេញតាមពីក្រោយ បំណងដេញវាយ និងកាប់ទៅលើក្រុមជនរងគ្រោះ។
ប្រភពដដែលបន្តថា ភ្លាមៗនោះ ក្រុមសន្តិសុខប្រចាំមន្ទីរពេទ្យ រួមនឹងកម្លាំងសមត្ថកិច្ចដែលកំពុងល្បាតប្រទះឃើញ ក៏ចូលទៅជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួនក្រុមជនបង្ក និងនាំទាំងជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីសាកសួរពីដំណើររឿងឱ្យបានច្បាស់លាស់ ជាមុនសិន មុននឹងចាត់ការតាមនីតិវិធី៕