Thursday, January 16, 2025
Homeសង្គម និងជីវិតទើបតែលែងលះគ្នា! ប្រពន្ធមានប្រុសថ្មី អតីតប្តីខឹងហៅឪទៅតាមវ៉ៃរយះក្បាល

ទើបតែលែងលះគ្នា! ប្រពន្ធមានប្រុសថ្មី អតីតប្តីខឹងហៅឪទៅតាមវ៉ៃរយះក្បាល

ខេត្តកំពង់ចាម ៖ ប្តីប្រពន្ធ២នាក់ ដោយសារតែរស់នៅនឹងគ្នាមិនចុះសម្រុង កើតមានរឿងរកាំរកូសមិនស្វាង ក៏សម្រេចចិត្តលែងលះ ចែកផ្លូវគ្នាដើរ ដោយទើបនឹងទទួលបានសាលក្រមពីតុលាការថ្មីៗ ស្រាប់តែបុរសជាអតីតប្តី តាមដានដឹងថាអតីតប្រពន្ធបានទាក់ទងស្នេហាជាមួយ ប្រុសថ្មី ក៏ផ្ទុះកំហឹង នាំឪពុកបង្កើតរបស់ខ្លួនទៅវាយប្រុសថ្មី១ដុំថ្ម រយះក្បាល និងវាយអតីតប្រពន្ធ បណ្តាលឱ្យជាំដៃទៀតផង លុះក្រោយពេល ដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ទៅព្យាបាល ស្រាប់តែជនបង្កនិងឪពុកបង្កើតរបស់ខ្លួនទៅស្ទាក់វ៉ៃបន្ថែមទៀត ទើបសមត្ថកិច្ចចាប់ក្របួចជាប់ ទាំង២នាក់ឪពុក និងកូន។

ករណីអតីតប្តីទើបនឹងលែងលះគ្នាថ្មីៗ ផ្ទុះហិង្សារឿងប្រពន្ធមានប្រុសថ្មី ក៏លើកគ្នាមកវាយទាំងប្រពន្ធនិងប្រុសថ្មីឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងកើតសាលាកសិកម្មកំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ជនសង្ស័យដៃដល់ជាអតីតប្តី ដែលបង្កហិង្សា មានឈ្មោះភួង ចាន់រិទ្ធី អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ចំណែកបុរសជាឪពុកជនដៃដល់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនដែរនោះ មានឈ្មោះខាត់ ភី អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់ ជាមួយគ្នា។

ដោយឡែក ជនរងគ្រោះដែលត្រូវជនដៃដល់វាយឱ្យរយះក្បាល មានឈ្មោះញឹក ចាន់ថុល ភេទប្រុស អាយុ៥២ឆ្នាំ រងរបួសរយះចំ កណ្តាលក្បាល។ រីឯស្ត្រីរងគ្រោះជាអតីតប្រពន្ធ មានឈ្មោះអ៊ីន គឹមម៉ាច អាយុ២៥ឆ្នាំ រងរបួសជាំដៃ។ ជនរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើជាមួយគ្នា។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាងនិងជនដៃដល់ គឺជាអតីតប្តីប្រពន្ធនឹងគ្នា ដោយបានរៀបការនឹងគ្នាត្រឹមត្រូវតាមច្បាប់ប្រពៃណី ប៉ុន្តែអំឡុងពេលរួមរស់នឹងគ្នា ឃើញថា រកសុភមង្គលមិនឃើញសោះ ចេះតែឈ្លោះប្រកែកគ្នា កើតមានរឿងរកាំរកូសមិនអស់មិន ហើយ ទើបទ្រាំលែងបាន ក៏សម្រេចចិត្តលែងលះ ចែកផ្លូវគ្នាដើរ ដើម្បីរកសុភមង្គល ផ្លូវជីវិតថ្មីរៀងៗខ្លួនទៅ។

ស្ត្រីរងគ្រោះ បន្តថា មួយរយៈមុននេះ ពួកនាងបានលែងលះគ្នាដាច់ស្រេចអស់ហើយ ដោយមានទាំងសាលក្រមពីតុលាការត្រឹមត្រូវទៀតផង ពោលគឺលែងមានទំនាក់ទំនងអ្វីនឹងគ្នាទៀតហើយ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ នៅសុខៗអតីតប្តី បាននាំឪពុកបង្កើតរបស់គេមករករឿង ឈ្លោះប្រកែកជាមួយនាង ដោយចោទថានាងលួចលាក់ទាក់ទងជាមួយប្រុសថ្មី ហើយនាងចង់ប្រាប់ថា ទោះជាពេលនេះ នាងមានស្នេហាជាមួយអ្នកណា ក៏មិនទាក់ទងអីនឹងគេដែរ ព្រោះពួកគេលែងមានឈ្មោះជាប្តីប្រពន្ធនឹងគ្នាទៀតហើយ។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់ពីឈ្លោះប្រកែកគ្នាអស់ចិត្ត ស្រាប់តែជនដៃដល់ជាអតីតប្តីរបស់នាង បានទាញដុំថ្មវាយសំពងទៅលើជនរងគ្រោះឈ្មោះញឹក ចាន់ថុល បណ្តាលរយះក្បាល រួចហើយជនកំណាចនោះ បានវាយមកលើនាង បណ្តាលឱ្យជាំដៃម្នាក់ទៀត។ ក្រោយប្រព្រឹត្តអំពើហិង្សា ដាក់ពួកនាងរួច ជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាលរបួស ស្រាប់តែពេលទៅដល់មុខមន្ទីរពេទ្យ ក៏លេចមុខជនសង្ស័យ និងឪពុកបង្កើតរបស់គេ បានតាមមកស្ទាក់ បំណងវាយមកលើជនរងគ្រោះទាំង២នាក់បន្ថែមទៀត តែភ្លាមនោះ សមត្ថកិច្ចក៏បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ឪពុកកូន នាំយកទៅសាកសួរតែម្តង។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES