Thursday, January 16, 2025
Homeសង្គម និងជីវិតអាណិតណាស់!!! ទារិកាអភ័ព្វ មានក្បាល២ ខ្លួន១

អាណិតណាស់!!! ទារិកាអភ័ព្វ មានក្បាល២ ខ្លួន១

ខេត្តសៀមរាប ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានឈឺពោះសម្រាល និងត្រូវក្រុមគ្រួសារដឹកបញ្ជូនមកកាន់មន្ទីរពេទ្យមួយនៅខេត្តបាត់ដំបង ស្រាប់តែសម្រាលបានទារិកាដ៏ចម្លែកម្នាក់ មានក្បាលដល់ទៅ២ ចំណែកដងខ្លួន និងអវៈយវៈ ផ្សេងៗ មានសភាពធម្មតាប្រក្រតីទាំងអស់។

ទារិកាអភ័ព្វកើតមក មានក្បាល២ខាងលើនេះ ទើបនឹងសម្រាល កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ហើយពេលនេះកំពុង ប្រឈមទៅនឹងការបាត់បង់ជីវិត ខណៈពេលដែលម្តាយឪពុកគ្មានលទ្ធភាពដើម្បីជួយសង្គ្រោះបន្តទៀត។ ទន្ទឹមនោះ ស្ត្រីជាម្តាយបានអំពាវនាវដល់បងប្អូន សប្បុរសជនជិតឆ្ងាយមេត្តាជួយសង្គ្រោះកូនស្រីរបស់នាងផង។

ទារិកាអភ័ព្វខាងលើនេះ មានម្តាយឈ្មោះកេត ម៉ាលី ឪពុកឈ្មោះតាំង សារី មានលំនៅក្នុងភូមិដំណាក់ហ្លួង ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។

តាមសម្តីស្ត្រីជាម្តាយ ទារិកអភ័ព្វខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា សព្វថ្ងៃនេះ ជីវភាពគ្រួសារនាងមានសភាពក្រីក្រតោកយ៉ាក លំបាកខ្លាំងណាស់ ខ្វះមុខខ្វះក្រោយ ស្រាប់តែពេលនេះ ទុក្ខជាន់លើទុក្ខ សម្រាលបានកូនស្រីចម្លែក មានក្បាលដល់ទៅ២ ហើយពេលនេះ សុខភាពកំពុងធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ចំណែកពួកនាងជាឪពុកម្តាយគ្មានលទ្ធភាពព្យាបាលកូននោះទេ។

ស្ត្រីជាម្តាយរូបនេះ បានបន្តថា ដោយសារតែជីវភាពគ្រួសារនាងលំបាកលំបិនពេក ទើបគ្មានលទ្ធភាពទៅតាមដានសុខភាព នៅអំឡុងពេលដែលនាងមានផ្ទៃពោះនោះទេ ហេតុនេះហើយ ទើបមិនដឹងថា កូនក្នុងផ្ទៃមានសភាពចម្លែកក្បាលដល់ទៅ២។ លុះពេលគ្រប់ខែ ឈឺពោះសម្រាល នាងក៏ត្រូវប្តីបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យ ស្រាប់តែកើតមកឃើញកូនស្រីមានក្បាលដល់ទៅ២ ពិតជាចម្លែកបំផុត។

ស្ត្រីជាម្តាយខាងលើនេះ បានបញ្ជាក់ថា ក្រោយពីសម្រាលមកដល់ពេលនេះ កូនស្រីរបស់នាងចាប់ផ្តើមមានសុខភាពទ្រុឌទ្រោម ទើបនាងប្រញាប់ដឹកបញ្ជូនកូនស្រី មកកាន់មន្ទីរពេទ្យគន្ធបុប្ជាខេត្តសៀមរាប ដើម្បីជួយសង្គ្រោះ ហើយពេលនេះ នាងគ្មានលទ្ធភាពព្យាបាលកូននេះទេ តែក៏មិនអាចបោះបង់កូនចោលដែរ ព្រោះកូននេះកើតមកអភ័ព្វខុសគេទៅហើយ មិនអាចពួកនាងជាឪពុកម្តាយបោះបង់ចោលទៀតនោះទេ។

យ៉ាងណា ស្ត្រីជាម្តាយទារិកាអភ័ព្វ កើតមកមានក្បាល២ខាងលើនេះ បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់នាងផងដែលកំពុងជួបទុក្ខលំបាកណាមួយត្រូវការថវិកាដើម្បីព្យាបាលសង្គ្រោះជីវិតកូនស្រីផង៕

RELATED ARTICLES