ខេត្តតាកែវ ៖ ស្ត្រីម្នាក់នេះ មានវាសនាអភ័ព្វខុសគេ មានប្តីដល់ទៅ២ដង តែមិនសមបំណងម្តងណាសោះ ក្នុងនោះ ប្តីទី១ កំពូលប្រចណ្ឌ រករឿងវាយដំរាល់ថ្ងៃ រហូតដល់ទ្រាំលែងបាន ក៏ចែកផ្លូវគ្នាដើរ លុះបានប្តីទី២ នឹកស្រមៃថានឹងរួចផុតចាកទុក្ខ រស់នៅក្នុងសុភមង្គល ដឹងអី ប៉ះប្តីត្រចៀកស គ្រាន់តែចាប់ផ្តើមមានផ្ទៃពោះបាន៤ខែ ស្រាប់តែប្តីជឿសម្តីម៉ែ និងសាច់ញាតិចាក់រុក ក៏ទាមទារលែងលះ ទុកឱ្យនាងស្ពាយពោះ សុំផ្ទះគេស្នាក់នៅ ទន្ទឹងចាំថ្ងៃសម្រាលកូន និងប្រកាសឱ្យកូននេះទៅអ្នកដែលចង់បានយកទៅចិញ្ចឹម។
ស្ត្រីអភ័ព្វដែលត្រូវប្តីទី២លែងលះ អត់មានលទ្ធភាពចិញ្ចឹមកូន ក៏ប្រកាសឱ្យកូនទៅគេ មានឈ្មោះខឹម សុខគា អាយុ៣០ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ និងមានស្រុកកំណើតនៅភូមិត្រពាំងគាត ឃុំពោធិ៍អង្គ្រងស្រុកបសេដ្ឋ។
នាងខឹម សុខគា បានរៀបរាប់ពីដំណើរជីវិតប្រាប់ថា នាងគឺជាកូនបន្ទាប់ពៅក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៥ ស្រី៣) មានម្តាយឈ្មោះប៉ែ សុខុម អាយុ៦៦ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេងដោយសារតែស្ថានភាពជីវភាពគ្រួសាររបស់នាង ទីទ័លក្រខ្លាំងពេក ទើបនាងមានឱកាសរៀនសូត្រ បានត្រឹមតែថ្នាក់ទី៣ប៉ុណ្ណោះ ក៏ឈប់រៀនវិញ ពោលគឺរៀនមិនទាំងចប់បឋមសិក្សាផង។ កាលពីពេញវ័យក្រមុំ មានប្រុសកំលោះចោម សុំស្នេហ៍នាងរាប់មិនអស់ដែរ តែនាងមិនហ៊ានប្រថុយទេ ដោយសម្រេចលើម្តាយទុកឪពុកដាក់ រហូតដល់ក្រោយមក ខណៈដែលនាងទើបនឹងមាន វ័យ១៧ឆ្នាំ ក៏មានបុរសម្នាក់ឈ្មោះអោ ឌុល អាយុបងនាង៦ឆ្នាំ បានចូលមកស្តីដណ្តឹងនាងដល់ម៉ែឪ ទើបឪពុកម្តាយនាងសម្រេចយល់ព្រមលើកនាងឱ្យរៀបការជាមួយគ្នាត្រឹមត្រូវតាមច្បាប់ប្រពៃណី។
នាងខឹម សុខគា បន្តរៀបរាប់ថា ក្រោយពីចាប់ដៃគ្នាជាប្តីប្រពន្ធរួច នាងនៅធ្វើការងារផ្ទះ ចំណែកប្តីចេញទៅបើកឡានដឹកគ្រឿងសំណង់ ឱ្យគេនៅផ្សារថ្នល់បត់ និងរួមរស់រហូតបង្កើតបានកូនចំនួន៣នាក់ (ប្រុស១ ស្រី២) ជាចំណងនិស្ស័យ។ នៅអំឡុងពេលរួមរស់នឹងគ្នាអស់រយៈពេល១០ឆ្នាំមក ជីវិតនាងរស់នៅជួបទុក្ខច្រើនជាងសុខ ទឹកភ្នែកច្រើនជាងស្នាមញញឹម ដោយសារតែប្តីគឺជាមនុស្សកំពូលប្រចណ្ឌ រករឿងប្រចែប្រចណ្ឌ ប្រពន្ធរកលេខដាក់គ្មាន ហើយប៉ុន្មានឆ្នាំចុងក្រោយ ប្តីនេះចេះដើរផឹកស្រា រករឿងឈ្លោះប្រកែក និងប្រើហិង្សាវាយដំនាងជាប្រពន្ធមិនស្វាង រហូតដល់នាងទ្រាំរួមរស់ជាមួយប្តីទៀតលែងបាន ក៏សម្រេចលែងលះចែកផ្លូវគ្នាដើរវិញទៅ។
នាងខឹម សុខគា បានឱ្យដឹងថា ក្រោយពីលែងលះប្តីមិនបានប៉ុន្មាន នាងក៏បានស្គាល់កំលោះម្នាក់តាមទូរស័ព្ទ ដោយកំលោះនោះ មានឈ្មោះសើ ណែត អាយុប្អូននាង៤ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ លុះត្រូវកំលោះឈ្មោះណែត ប្រើពាក្យផ្អែមល្ហែម លួងលោមសុំស្នេហ៍តាមទូរស័ព្ទយូរៗទៅ នាងក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេ រហូតដល់ដាច់ចិត្តកាត់កេរ្តិ៍កាត់ខ្មាស ឡើងទៅរួមរស់ជាមួយប្រុស ដោយមិនបានសែនព្រេន ឬរៀបការអ្វីទាំងអស់ ពោលគឺរួមរស់នឹងគ្នាដោយគ្មានខាន់ស្លាតែម្តង ដោយរំពឹងថា អនាគតរបស់នាងនឹងបានភ្លឺស្វាងឡើងវិញ នៅពេលទទួលបានប្តីក្មេងសម្តីផ្អែមបែបនេះ។
នាងសុខគា បានឱ្យដឹងទៀតថា ដឹងអី ប៉ះចំប្តីក្មេងត្រចៀកស ជឿតាមតែសម្តីម្តាយ និងសាច់ញាតិរបស់ខ្លួន រករឿងនាងមិនឈប់ ហើយក្រោយពីរួមរស់នឹងប្តីក្មេងបាន៧ខែ នាងក៏មានផ្ទៃញ្ទោះ៤ខែ ស្រាប់តែប្តីនេះ មិនដឹងជឿតាមសម្តីម៉ែ ឬបងប្អូនខ្លួនយ៉ាងម៉េចមិនដឹង ក៏ទាមទារ ចែកផ្លូវជាមួយគ្នា ដោយប្រាប់ថា រស់នៅមិនចុះសម្រុង ណាមួយគេហាក់អស់និស្ស័យជាមួយនាងហើយ ធ្វើឱ្យនាងរកពាក្យអ្វីមកស្តីតបមិនបានឡើយ ហើយទោះចង់ប្តឹងក៏មិនកើត ព្រោះពួកនាងគ្មានខាន់ស្លាទេ។ បន្ទាប់ពីចែកផ្លូវជាមួយប្តីទី២នេះទៅ នាងមិនហ៊ានត្រឡប់ទៅផ្ទះវិញទេ ព្រោះខ្មាសគេ ខណៈដែលនាងមានផ្ទៃពោះអត់ប្តី ហេតុនេះ នាងសុខចិត្តដើរសុំផ្ទះអ្នកភូមិស្នាក់នៅបណ្តោះអាសន្ន ទម្រាំកូនក្នុងផ្ទៃកើតមក ទើបនាងត្រឡប់ទៅស្រុកកំណើតវិញ ហើយពេលកូនក្នុងផ្ទៃកើតមកនេះ នាងសម្រេចថា នឹងផ្តល់ទៅឱ្យអ្នកដែលចង់បានកូនយកទៅចិញ្ចឹម ព្រោះនាងគ្មានលទ្ធភាពចិញ្ចឹមកូនទេ ហើយបើបងប្អូនណាចង់បានកូនក្នុងផ្ទៃរបស់នាង ដែលពេលនេះ មានអាយុ៤ខែហើយ សូមទំនាក់ទំនងមកនាង តាមរយៈទូរស័ព្ទលេខ ០៩៧ ២៨៨ ០៨៣៥។
លោកសើ ណែត អាយុ២៦ឆ្នាំ ត្រូវជាប្តីទី២ របស់នាងខឹម សុខគា បានឱ្យដឹងថា រវាងគាត់ និងនាងសុខគា ពិតជាប្តីប្រពន្ធនឹងគ្នាមែន តែមិនមានខាន់ស្លាអ្វីនោះទេ ហើយពេលនេះនាងកំពុងមានផ្ទៃពោះ៤ខែ បន្ទាប់ពីរួមរស់នឹងគ្នាបាន៧ខែ។ សព្វថ្ងៃនេះ ដោយសារតែពួកគេទាំង២នាក់ រួមរស់មិនចុះសម្រុងនឹងគ្នា ទើបសម្រេចបែកចែកផ្លូវគ្នាទៅ។
លោកសើ ណែត បន្តថា ចំណែករឿងកូនក្នុងផ្ទៃនោះ ដំបូងឡើយ នាងសុខគា ថាចង់យកចេញ តែពេទ្យទារដល់ទៅ៥០០ដុល្លារ ទើបគ្មានលុយយកចេញ ក៏សម្រេចទុកបែបនេះទៅ ហើយចាំពេលសម្រាលរួច នឹងប្រគល់ឱ្យគេ តែសុំជាថ្នូរនឹងប្រាក់ចំនួន១៥០០ដុល្លារ។ ចំណែកគាត់ក៏មិនថាអ្វីដែរ គឺសម្រេចលើនាងទៅចុះ ព្រោះពួកគេបានបែកផ្លូវគ្នាទៅហើយ៕