ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅក្បែរផ្លូវ ដោយមានស្លាកស្នាមធ្លុះត្រង់បំពង់ក យ៉ាងជ្រៅ និងមានស្នាមធ្លុះខ្នង១កន្លែង ធ្វើឱ្យមានការសង្ស័យថាជាករណីឃាតកម្ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវចូលវត្តនាគគួច ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ។
សាកសពបុរសរងគ្រោះ ដែលដេកស្លាប់ក្បែរផ្លូវ និងត្រូវគេសង្ស័យថាទទួលរងអំពើឃាតកម្ម មានឈ្មោះរៀម ផ្លូច អាយុ២៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ ត្រូវជាប្អូនថ្លៃលោកអាចារ្យក្មេងម្នាក់ ដែលរស់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។ នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅពេលមានអ្នកភូមិធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ស្តូកស្តូង ក្បែរកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន លុះចូលទៅមើល ក៏ឃើញមានស្លាកស្នាមរបួស និងឈាមជាច្រើន ទើបមានការសង្ស័យថាជាអំពើឃាតកម្ម ក៏ឆោឡោផ្អើលដល់អ្នកភូមិចោមរោមមើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។
លោកខៀវ សុខា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលត្រាច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានមនុស្សដេកស្លាប់នៅចំណុចកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន ក៏ចុះដល់ទីតាំងកើតហេតុ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ព្រមទាំងគ្រូពេទ្យជំនាញ ដើម្បីចុះពិនិត្យ និងធ្វើកោសល្យវិច័យសព។
លោកនាយប៉ុស្តិ៍បន្តថា នៅលើខ្លួនសាកសព សមត្ថកិច្ចបានរកឃើញមានស្នាមមុតដោយវត្ថុមុតស្រួច ត្រង់បំពង់ក១កន្លែង និងខាងក្រោយខ្នង១កន្លែងទៀត ដែលជាហេតុធ្វើឱ្យជនរងគ្រោះហូរឈាមមិនឈប់ រហូតខ្សោះឈាមស្លាប់តែម្តង។ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ករណីនេះ មិនមែនជាករណីឃាតកម្មអ្វីនោះទេ តែជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយនៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់កញ្ចាស់ពណ៌លឿងរបស់ខ្លួនទាំងយប់ស្ងាត់តែម្នាក់ឯង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ដួលកង់នៅក្បែរផ្លូវ បណ្តាលឱ្យជុងដែក កង់ចំបំពង់ក មុតយ៉ាងជ្រៅ ហើយបុរសរងគ្រោះបានប្រះខ្នងទៅលើកង់ បណ្តាលឱ្យជុងមុតខ្នង១កន្លែងទៀត ធ្វើឱ្យហូរឈាមយ៉ាងច្រើន ណាមួយ យប់ស្ងាត់មិនមានអ្នកដឹង ទើបធ្វើឱ្យជនរងគ្រោះហូរឈាមដល់ខ្សោះខ្លួនស្លាប់។ រហូតដល់ព្រឹកឡើង ទើបមានអ្នកប្រទះឃើញ ក៏ភ្ញាក់ផ្អើលតគ្នា ថាជាករណីឃាតកម្ម តែតាមពិតជនរងគ្រោះជិះកង់ដួលខ្លួនឯង ជុងនឹងដែកកង់ស្លាប់សោះ។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យយ៉ាងល្អិតល្អន់រួចមក សមត្ថកិច្ចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕