ភ្នំពេញ ៖ ស្ត្រីជើងល្អម្នាក់ បានធ្វើសកម្មភាពលបចូលទៅក្នុងប៉ុស្តិ៍នគរបាល វះមុងលោកនាយរងប៉ុស្តិ៍ដែលកំពុងសម្រាន្តលង់លក់ លួចយកទូរស័ព្ទចំនួន៣គ្រឿង លុះម្ចាស់ទូរស័ព្ទភ្ញាក់ដឹងខ្លួនទាន់ ចាប់ក្របួចជាប់ ស្រាប់ធ្វើឱ្យស្ត្រីដៃឆើតតូចចិត្តតូចថ្លើម ក៏ដោះអាវប្រុងចងកសម្លាប់ខ្លួន តែសំណាងល្អត្រូវប៉ូលិសប្រទះឃើញទាន់ពេល។
ករណីដ៏គួរឱ្យហួសចិត្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងប៉ុស្តិ៍រដ្ឋបាលកន្ទោក តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីសង្ស័យថ្លើមធំដែលលបចូលប៉ុស្តិ៍ប៉ូលិស រួចវះមុងប៉ងលួចទូរស័ព្ទសមត្ថកិច្ច តែរត់មិនរួច បែរជាតូចចិត្តចង់ចងកសម្លាប់ខ្លួននេះ មានឈ្មោះគន្ធា អាយុ៤០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាម្ចាស់ទូរស័ព្ទ រួមមាន ទី១-ឈ្មោះឃុន សុភក្តី ភេទប្រុស អាយុ៣៦ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលកន្ទោក និងទី២-ឈ្មោះអង សុខិម ភេទប្រុសអាយុ៤៩ឆ្នាំ ជានាយរងប៉ុស្តិ៍នគរបាលកន្ទោក។
តាមប្រភពពីមន្ត្រីនគរបាលជាជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទើបនឹងត្រឡប់មកពីចេញល្បាតក្នុងមូលដ្ឋាន រួចក៏ចូលទៅក្នុងមុងដើម្បីសម្រាកនៅក្នុងប៉ុស្តិ៍ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខស្ត្រីសង្ស័យខាងលើ បានលបចូលមក ក្នុងបរិវេណប៉ុស្តិ៍ ហើយធ្វើសកម្មភាពវះមុង លួចយកទូរស័ព្ទដៃចំនួន៣គ្រឿង រួមមានម៉ាក iPhone 6Plus ១គ្រឿង Samsung ១គ្រឿង និង Nokia ១គ្រឿង បានសម្រេចហើយ និងប្រុងរត់គេចខ្លួន តែស្របពេលនោះ ដោយសារមូសខាំពេក ទើបពួកគាត់បានភ្ញាក់ដឹងខ្លួន ក៏ប្រទះឃើញជនសង្ស័យរត់ចេញ ក៏នាំគ្នាដេញចាប់បានមកវិញ និងបានប្រទះឃើញទូរស័ព្ទទាំង៣គ្រឿងនៅជាប់ខ្លួនជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យមិនព្រមសារភាពថា ខ្លួនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចទេ តែយ៉ាងណាក្តី ដោយសារសមត្ថកិច្ចមានភ័ស្តុតាងជាក់ស្តែង ទើបសម្រេចឃុំខ្លួនស្ត្រីជើងល្អរូបនេះបណ្តោះអាសន្ត រង់ចាំកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌចាត់ការបន្ត។
សមត្ថកិច្ចប៉ុស្តិ៍កន្ទោក បានបញ្ជាក់ឱ្យដឹងទៀតថា នៅអំឡុងពេលដែលសមត្ថកិច្ចធ្វើការឃុំខ្លួន ស្ត្រីដៃឆើតខាងលើនៅក្នុងបន្ទប់នោះ ស្រាប់តែស្ត្រីសង្ស័យបានដោះអាវយកទៅចងនឹងចម្រឹងបង្អួចបម្រុងនឹងចងកសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានសមត្ថកិច្ចប្រទះឃើញ និងចូលទៅ ជួយទាន់ពេលវេលា៕