ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានចោទប្រកាន់ទៅលើនារីវ័យក្មេងម្នាក់ ថាបានបង្កើតឱ្យមានទំនាក់ទំនងស្នេហាភេទដូចគ្នា (ស្រីស្រលាញ់ស្រី) និងថែមទាំងថ្លើមធំ ហ៊ានពង្រាត់ប្អូនស្រីរបស់គាត់ចេញពីទ្រូងប្តីរបស់គេ ដែលកំពុងស្រលាញ់ពេញបេះដូង ទីបំផុតស្ត្រីចំណាស់ ជាបងស្រីតាមទាន់ ក៏កើតមានជំលោះបែកផ្សែង ផ្អើលដល់អ្នកដំណើរចោមរោមមើល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខមជ្ឈមណ្ឌលអ៊ែតវ៉ូត ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ស្ត្រីទាំង២នាក់ ដែលកើតមានជំលោះបែកផ្សែងពេញផ្លូវ រឿងស្នេហាភេទដូចគ្នា (ស្រីស្រលាញ់ស្រី) ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភាគីស្ត្រីចំណាស់ ដែលចោទប្រកាន់ថា ភាគីម្ខាងទៀត បានពង្រត់ប្អូនស្រីរបស់គាត់ចេញពីប្តី មានវ័យប្រមាណ ជាង៤០ឆ្នាំ ស្លៀករ៉ូបពណ៌ទឹកក្រូច និងពាក់អាវរងាដៃវែងពណ៌ក្រហម។ ចំណែកភាគីនារីវ័យក្មេងដែលទទួលរងការចោទ ប្រកាន់ថាជាមនុស្សស្រីស្រលាញ់ស្រី និងពង្រត់ប្រពន្ធគេចេញទៅនោះ មានវ័យប្រមាណ២០ឆ្នាំ ស្លៀករ៉ូបពណ៌ក្រហម និងពាក់អាវរងាដៃវែង បង្កង់ពណ៌ប្រផេះលាយទឹកក្រូច និងជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ក្រហម។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីនារីវ័យក្មេង កំពុងជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្ស៊ីតែម្នាក់ឯង ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខស្ត្រីចំណាស់ជាភាគីទំនាស់ បានចេញមកស្ទាក់ពីមុខ រួចធ្វើការចោទប្រកាន់ទៅលើនារីវ័យក្មេងរូបនោះថា បានបង្កាត់ភ្លើងស្នេហ៍ភេទដូចគ្នា (ស្រីស្រលាញ់ស្រី) ជាមួយនឹងប្អូនស្រីរបស់គាត់ម្នាក់ដែលមានប្តីរួចទៅហើយ និងថែមទាំងបានពង្រត់គ្នា គេចចេញពីប្តី ដែលត្រូវជាប្អូនថ្លៃរបស់គាត់ទៀតផង។
ចំណែកភាគីនារីវ័យក្មេងវិញ ហាក់មិនបានតបតអ្វីទាំងអស់ ដោយសារតែខ្មាសដល់អ្នកដំណើរ ឬមិនចង់តមាត់ជាមួយគូទំនាស់ នាំឱ្យបែករឿងរ៉ាវកាន់តែវែងឆ្ងាយ ក៏សុខចិត្តអង្គុយសំកុកលើម៉ូតូ និងព្យាយាមយកដៃបាំងមុខ។
ក្រោយកើតហេតុ មានអ្នកដំណើរតាមផ្លូវ បាននាំគ្នាឈប់ចោមរោមមើលយ៉ាងច្រើន រហូតផ្អើលដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងបំណងហៅភាគីទាំងសងខាងទៅសួរនាំ ស្រាប់តែភាគីទាំងពីរ បាននាំគ្នាឡើងជិះម៉ូតូចាកចេញទៅវិញរៀងខ្លួនបាត់អស់ទៅ។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងភាគីទាំងសងខាង ដើម្បីបញ្ជាក់ថា តើពិតជាមានរឿងរ៉ាវដូចការបញ្ជាក់ប្រាប់ពីប្រភព័ត៌មានខាងលើមែន ឬក៏អត់នោះទេ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធទាំងអស់៕