Thursday, January 16, 2025
Homeសង្គម និងជីវិត២នាក់បងប្អូនបែកថ្នាំ ទាញជណ្តើរដែកសំពងគូទំនាស់ពកក្បាល

២នាក់បងប្អូនបែកថ្នាំ ទាញជណ្តើរដែកសំពងគូទំនាស់ពកក្បាល

ប៉ៃលិន ៖ បុរស២នាក់ត្រូវជាបងប្អូននឹងគ្នា ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏ទៅបង្ករឿងឈ្លោះប្រកែកជាមួយនឹងយុវជនម្នាក់ រហូតឈានដល់ប្រើអំពើហិង្សា ទាញជណ្តើរដែកវាយសំពងយុវជនរងគ្រោះចំក្បាល បណ្តាលឱ្យពកក្បាល ហើមក រងរបួសធ្ងន់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនរងគ្រោះ មានឈ្មោះតិន រឹទ្ធី អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ រងរបួសធ្ងន់ (ពកក្បាល និងហើមក)។ ចំណែកជនសង្ស័យដៃដល់ទាំង២នាក់បងប្អូន រួមមាន ទី១-ឈ្មោះវិច សឿត ហៅផុន អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ និងទី២-ឈ្មោះវិច វុទ្ធី អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង២នាក់ ត្រូវជាបងប្អូននឹងគ្នា រស់នៅភូមិឃុំកើតហេតុខាងលើ និងមានសារជាតិថ្នាំញៀនក្នុងខ្លួនដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់បងប្អូន មិនដឹងជាទៅសម្ងំជក់ថ្នាំញៀននៅឯណាទេ លុះពេលត្រឡប់មកវិញ ក៏រករឿងឈ្លោះប្រកែកជាមួយនឹងជនរងគ្រោះ ហើយក៏ព្រួតគ្នាទៅទាញជណ្តើរដែក មកវាយសំពងជនរងគ្រោះ ចំក្បាល បណ្តាលឱ្យពកក្បាល និងហើមក រងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ហើយក្រោយមក ម្តាយរបស់ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានបណ្តឹងពីម្តាយជនរងគ្រោះរួចមក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចុះធ្វើការស៊ើបអង្កេត និងកំណត់មុខសញ្ញាបាន រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES