ខេត្តកំពត ៖ លោកតាម្នាក់នេះ មានអាយុលើសពី១០០ឆ្នាំទៅហើយ ប៉ុន្តែការចងចាំនៅល្អខ្លាំងណាស់ អាចចាំបាននូវរឿងរ៉ាវអតីតកាលគ្មានចន្លោះ គ្រាន់តែត្រចៀកធ្ងន់ ស្តាប់មិនសូវលឺ យ៉ាងណា លោកតាបានរៀបរាប់ពីកំណើតស្នេហារបស់គាត់ ដែលធ្លាប់មានប្រពន្ធរហូតដល់ទៅ ៣នាក់ ដោយក្នុងនោះ២នាក់បានស្លាប់អស់ទៅហើយ នៅឡើយប្រពន្ធទី៣ ទើបនឹងមានវ័យ៦៧ឆ្នាំ នៅរួមរស់ថែរក្សាតារហូតដល់សព្វថ្ងៃ។
លោកតាអាយុ១០៥ខាងលើនេះ មានឈ្មោះគល់ យើន អាយុ១០៥ឆ្នាំ មានប្រពន្ធឈ្មោះឡុង សារឿន អាយុ៦៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិ ជ័យតាស្វាយ ឃុំតាកែន ស្រុកឈូក។
លោកតាគល់ យើន បាននិយាយប្រាប់ថា ត្បិតថាគាត់ចាស់មែន តែគាត់អាចចាំបាននូវរឿងរ៉ាវអតីតកាលទាំងអស់ គ្រាន់តែសព្វថ្ងៃនេះ លោកតាមានបញ្ហាត្រចៀករៀងធ្ងន់បន្តិច ស្តាប់មិនសូវលឺ ទាល់តែនិយាយដោយប្រើសំឡេងខ្លាំងៗ ទើបអាចស្តាប់គ្នាបាន ចំណែកសុខភាពក៏ទ្រុឌទ្រោមទៅតាមវ័យដែរ និងថែមទាំងមានជំងឺសន្លាក់ មិនអាចក្រោកដើរហើរទៅណាបានឡើយ។
លោកតាគល់ យើន បានរៀបរាប់ថា គាត់មានស្រុកកំណើតនៅភូមិតាអោក ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ហើយកាលពីក្មេងគាត់រៀន សូត្របានត្រឹមថ្នាក់ទី៦ (ជំនាន់ដើម) និងបានចេញទៅបន្តការសិក្សានៅភ្នំពេញជាច្រើនឆ្នាំទៀត។ លុះរៀនចប់ គាត់ក៏បានប្រឡងចូលធ្វើជាប៉ូលិស និងបម្រើការងារមួយនេះអស់រយៈពេលជាច្រើនឆ្នាំ។ និយាយពីរឿងប្រពន្ធកូនវិញ លោកតាធ្លាប់មានប្រពន្ធដល់ទៅ ៣នាក់ឯណោះ ដោយក្នុង នោះប្រពន្ធទីី១ និងប្រពន្ធទី២ សុទ្ធតែជាមេម៉ាយដូចគ្នា និងរួមរស់ជាមួយបានជាង២០ឆ្នាំ ក៏ត្រូវប្រពន្ធស្លាប់ចោលអស់ ទើបគាត់បានយកប្រពន្ធ ទី៣ មានវ័យក្មេងជាងលោកតាជិតពាក់កណ្តាលឯណោះ និងបានរួមរស់មកដល់សព្វថ្ងៃ ហើយបានប្រពន្ធនេះហើយ ជួយមើលថែលោកតាដែលជរា ពិការដើរទៅណាមិនរួច។
លោកតាគល់ យើន បានបន្តថា លោកតាបានរៀបការជាមួយប្រពន្ធទី១ តាំងពីអាយុ២២ឆ្នាំ ដោយកាលណោះប្រពន្ធនោះឈ្មោះមួង ភុន គឺជាស្រីមេម៉ាយកូន១ ហើយក្រោយពីរួមរស់ជាមួយតាបានជាង២០ឆ្នាំ រកកូនមួយគ្រាប់មិនបានសោះ បន្ទាប់មកប្រពន្ធក៏ឈឺស្លាប់បាត់ទៅ។ បន្ទាប់ពីប្រពន្ធទី១ស្លាប់ចោលទៅ លោកតាក៏បានយកប្រពន្ធទី២ ឈ្មោះអឿ ម៉ៅ ជាស្ត្រីមេម៉ាយកូន១ដូចប្រពន្ធទី១ដែរ និងបានរួមរស់នឹងគ្នា អស់រយៈពេលជិត៣០ឆ្នាំឯណោះ បង្កើតបានកូន៤នាក់ (ប្រុស១ ស្រី៣) រួចប្រពន្ធទី២នោះ ក៏ឈឺស្លាប់បាត់ទៀត។ ក្រោយពីប្រពន្ធទាំង២នាក់ សុទ្ធតែស្លាប់ចោលអស់ លោកតាក៏បានប្រពន្ធទី៣ឈ្មោះឡុង សារឿន អាយុប្អូនតាសឹងតែពាក់កណ្តាល ហើយក៏រួមរស់ជាមួយគ្នារហូតមកដល់ សព្វថ្ងៃ ប៉ុន្តែរកកូន១គ្រាប់ធ្វើថ្នាំមិនបានសោះ។
លោកតាអាយុ១០៥រូបនេះ បន្តថា គាត់និងប្រពន្ធទី៣ បានមកតាំងលំនៅក្នុងភូមិឃុំនេះ តាំងពីមិនទាន់មានមនុស្សម្នាច្រើននៅឡើយ ដោយកាលណោះ តំបន់នេះ ស្ថិតក្រោមការកាន់កាប់របស់ខ្មែរក្រហមនៅឡើយ និងសំបូរទៅដោយសត្វអសិរពិស និងសត្វសាហាវជាច្រើន ព្រម ទាំងមានព្រៃឈើធំៗ ក្រោយមក ប្តីប្រពន្ធគាត់ចេះតែរុករាន កាប់ព្រៃដើម្បីបង្កបង្កើនផល ចិញ្ចឹមជីវិត គ្រាន់បានរស់ពីមួយពេលទៅមួយពេល។ តាំងពីក្មេងរហូតដល់សព្វថ្ងៃអាយុ១០៥ឆ្នាំ លោកតាមិនធ្លាប់ឈឺអ្វីធ្ងន់ធ្ងរ ឬឈឺសន្ធំនោះទេ គ្រាន់តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកតាមានជំងឺ សន្លាក់ ទើបដើរទៅណាមិនរួច ដេកលើកន្ទេលតែមួយកន្លែង។ នៅពេលទំនេរ លោកតាតែងអានសៀវភៅធម៌ ដោយសារតែភ្នែកលោកតា នៅភ្លឺ អាចមើលច្បាស់ អានអក្សរដាច់នៅឡើយ ដោយមិនចាំបាច់ពាក់វែនតាជាជំនួយក៏បានដែរ។
លោកយាយឡុង សារឿន អាយុ៦៧ឆ្នាំ ត្រូវជាប្រពន្ធលោកតាអាយុ១០៥ បានឱ្យដឹងថា តាមពិតទៅ អាយុយាយតិចជាងតាឆ្ងាយណាស់ តែបើមើលពីសំបកក្រៅ យាយហាក់ចាស់ជាងតាវិញ។ រាល់ថ្ងៃនេះ ត្បិតថាយាយអាយុតិចជាងតាមែន តែមានជំងឺច្រើនមុខណាស់ មិនដូច តានៅតែរឹងមាំ គ្មានជំងឺអ្វីធ្ងន់ ក្រៅពីជំងឺសន្លាក់នោះទេ។ សព្វថ្ងៃ តាយាយរស់នៅតែ២នាក់ មើលថែបម្រើគ្នាទៅវិញទៅមក ចំណែកផ្ទះនៅដាច់ឆ្ងាយពីអ្នកភូមិ រីឯផ្លូវធ្វើដំណើរទៅមកក៏តូច ត្រូវដើរតាមភ្លឺស្រែ។ យ៉ាងណាក្តី នៅតែមានអ្នកស្រុកអាណិតអាសូរ យកបាយទឹកមកជូនជាញឹកញាប់ ណាមួយអ្នកភូមិគោរពស្រលាញ់ប្តីយាយណាស់ ដោយសារតែគាត់ជាមនុស្សស្លូតបូត និងមានអាយុវែងលើសគេក្នុងភូមិ។ ជាមួយនេះ លោក យាយសុំអំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារលោកយាយផង ព្រោះរស់នៅសព្វថ្ងៃខ្វះខាតច្រើនណាស់៕