Thursday, January 16, 2025
Homeសង្គម និងជីវិតបើកបាស់ឮខ្លាំង ខឹងគេប្រាប់ សំពង៧បំពង់ទីប

បើកបាស់ឮខ្លាំង ខឹងគេប្រាប់ សំពង៧បំពង់ទីប

ភ្នំពេញ ៖ សន្តិសុខក្រុមហ៊ុនឯកជនម្នាក់ កំពុងយាមប្រចាំការ ក៏បានបើកបាស់ស្តាប់ចម្រៀងលំហែអារម្មណ៍ តែដោយបើកសំឡេងខ្លាំងៗពេក ធ្វើឱ្យសន្តិសុខម្នាក់ទៀតទ្រាំមិនបាន ក៏ដើរទៅប្រាប់ថា បន្ថយសំឡេងបន្តិចទៅ ថ្លង់ណាស់ ស្រាប់តែជនបង្កហេតុខឹងច្រឡោត ក៏តបតដោយសម្តីអសុរោះ រួចទាញបំពង់ទីបសំពងទៅលើជនរងគ្រោះ ចំនួន៧បំពង់ទីប បណ្តាលឱ្យបែកក្បាល បាក់ដៃ រងរបួសធ្ងន់។ ចំណែកជនបង្កហេតុ ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចគោលដៅយាមប្រចាំការក្នុងផែស្ងួត តេង ឡាយ ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះ ដែលត្រូវគូទំនាស់សំពង ៧បំពង់ទីប រងរបួសធ្ងន់នោះ មានឈ្មោះញ៉ឹក ភារី អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខ យាមផែស្ងួត តេង ឡាយ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនបង្កហេតុ មានឈ្មោះនឹម ថេន អាយុ២៣ឆ្នាំ មុខរបរសន្តិសុខឯកជន MPA យាមនៅផែ ស្ងួត តេង ឡាយ ជាមួយគ្នា ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់ និងជន- បង្កហេតុដែលជាសន្តិសុខឯកជនដូចគ្នា និងយាមប្រចាំការនៅផែស្ងួត តេង ឡាយ ជាមួយគ្នា កំពុងយាមប្រចាំការ ដូចសព្វមួយដង។ បន្ទាប់មក ដោយឃើញជនបង្កហេតុខាងលើ ចាក់បាស់នៅកន្លែងយាម លាន់ឮសំឡេងខ្លាំងៗពេក រំខានដល់គាត់ ទើបគាត់បានដើរទៅឃាត់ថា កុំចាក់ឮពេក បើកស្តាប់តែគ្នាឯងនឹងទៅបានហើយ។ ខណៈនោះ ជនបង្កហេតុខាងលើបានជេរទៅកាន់ជនរងគ្រោះថា “ម៉េចអាចោរម៉្រាយ អញចាក់តែអញតើ!” ឮបែបនេះ ជនរងគ្រោះ ដែលមានវ័យចំណាស់ជាង បានតបតទៅជនបង្កហេតុវិញថា “ឯងក៏ឈ្លើយម៉េស អាចោរម៉្រាយ” ស្រាប់តែភ្លាមនោះ ជនបង្កហេតុបានស្ទុះទៅ ទាញបំពង់ទីប មកវាយគាត់ជាជនរងគ្រោះចំនួន ៧បំពង់ទីប បណ្តាលឱ្យបែកក្បាល និងបាក់ដៃ ខាងឆ្វេង រងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហើយនាំជនបង្កហេតុខាងលើ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដោយទាមទារសំណងជំងឺចិត្តចំនួន៣ពាន់ដុល្លារ តែជនបង្កហេតុ អត់មានលុយសង ទើបកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES