Thursday, November 21, 2024
Homeបរិយាយដឹងចិត្តមិត្តក្នុងគ្រាក្រ

ដឹងចិត្តមិត្តក្នុងគ្រាក្រ

ខណៈដែលលោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលកំពុងជាប់ពន្ធនាគារ ពីបទ “ប្រមាថកងទ័ព” បានផ្ញើសារជារបៀបស្តាយក្រោយដែលលោកសេពគប់ប៉ះ “មិត្តឱកាសនិយម” អាចថា មកពីលោកមិនបានតាមដានបុគ្គលិក លក្ខណៈបុគ្គលដែលត្រូវសេពគប់នោះ ឱ្យបានច្បាស់លាស់ លុះលោកមានអាសន្ន ពុំសូវមានអ្នកទៅសួរសុខទុក្ខ ដែល “នគរធំ” ក្តាប់បានបញ្ហានេះ ក៏លើកពី “ដឹងចិត្តមិត្តក្នុងគ្រាក្រ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

គម្ពីរ “ស្រីហិតោបទេស” ភាគទី១ ស្តីពី “ការគប់មិត្ត” ទំព័រ៥៨ កថាខណ្ឌទី៧២ បានសរសេរថា “គេដឹងចិត្តមិត្តក្នុង គ្រាក្រ ដឹងចិត្តទាហានក្លៀវក្លាក្នុងសង្គ្រាម ដឹងចិត្តស្មោះត្រង់ក្នុងការសងបំណុលគេ ដឹងចិត្តភរិយាក្នុងគ្រាខ្សត់ទ្រព្យ និង ដឹងចិត្តផៅពង្សក្នុងគ្រាវិនាសអន្តរាយ”។ កត្តាដឹងចិត្តមនុស្សនេះ យើងសូមលើកយកតែចំណុច “ដឹងចិត្តមិត្តក្នុងគ្រាក្រ” មក បរិយាយលម្អិតដូចខាងក្រោម ខណៈដែលលោកសួន សេរីរដ្ឋា ឱបបង្វេចមកពីអាមេរិក បង្កើត “គណបក្សអំណាចខ្មែរ” មាន អ្នកហែហមសន្ធឹក លុះដល់លោកដើរចូលពន្ធនាគារ ក៏បាត់មុខអ្នកហែហម មិនសូវឃើញទៅជិត។

“មិត្ត” សំដៅដល់មនុស្សរាប់អានគ្នាជិតស្និទ្ធ សម្លាញ់ ក្លើម្រាក់ ពួកម៉ាក ភឿន ព្រៀងលាន ឬអាម៉ាក។ មិត្ត ចែកជាច្រើនប្រភេទ ដូចជា បាបមិត្ត ទ្រុស្តមិត្ត បច្ចាមិត្តជាដើម ចាត់ទុកជា “មិត្តអាក្រក់”។ រីឯកល្យាណមិត្ត សមរមិត្ត គឺជាមិត្ត ល្អកម្ររកបាន។ “សមរមិត្ត” (សាក់ម៉មិត) សំដៅដល់មិត្តប្តូរស្លាប់រស់ជាមួយគ្នា កុំច្រឡំ “សមមិត្ត” (សាក់ម៉ាក់មិត) ដែល មានន័យថា មិត្តស្មើៗគ្នា។

ករណីលោកសួន សេរីរដ្ឋា ផ្ញើសារបង្ហាញការកត់សម្គាល់ថា “អ្នកហែហម” គឺជា “មិត្តឱកាសនិយម” អ្នកតស៊ូពេលអត់ ឃ្លានគឺជា “មិត្តឧត្តមគតិ” តែឧត្តមគតិនេះ ពួកគេហ្នឹង អាចដូរជាដុំបាយពេលពួកគេទ្រាំនឹងការអត់ឃ្លានលែងបាន ប៉ុន្តែ លោកដាក់ចំណុចសំខាន់ថា អ្នកស្មោះត្រង់គឺជា “កល្យាណមិត្ត” ដែលជាមិត្តកម្ររកបាន និងមិនងាយរកបាន។ ដូច្នេះ តើ ត្រូវធ្វើដូចម្តេចរកឱ្យបាន “កល្យាណមិត្ត” ឬ “សមរមិត្ត”? សំណួរនេះ លុះត្រាតែអនុវត្តតាមគម្ពីរ “ស្រីហិតោបទេស” ដែល ចារទុកថា “ដឹងចិត្តមិត្តក្នុងគ្រាក្រ” នេះឯង។ “គ្រាក្រ” ពុំមែនសំដៅដល់ភាពក្រីក្រ អត់អង្ករច្រកឆ្នាំង តែមួយមុខនោះទេ ប៉ុន្តែពេលឈឺថ្កាត់ ជាប់គុកច្រវាក់ខ្នោះឃ្នាង ឬមានគ្រោះថ្នាក់ដោយប្រការផ្សេងៗ បើមានមិត្តណាទៅអើតឈ្ងោកលើក ទឹកចិត្ត មិនចាំបាច់តែមានលុយយកទៅឱ្យនោះទេ ដែលកត្តានោះ ឈ្មោះថា “ជាមិត្តល្អកម្ររកបាន”។

នៅក្នុងសមរភូមិ ពេលយុទ្ធជនណាម្នាក់ត្រូវខ្មាំងបាញ់ឱ្យរងរបួសដេកដួលក្នុងថ្លុកឈាម បើមានយុទ្ធមិត្តជួយគ្រាហ៍នាំ រត់ឱ្យផុតពីការចាប់ជាឈ្លើយសឹករបស់ភាគីម្ខាងទៀត យុទ្ធមិត្តនោះ មានឈ្មោះថា “សមរមិត្ត” គឺមិត្តប្តូរស្លាប់រស់ជាមួយ គ្នា។ នៅពេលរូបវន្តបុគ្គលណាម្នាក់ រងទុក្ខទោសក្នុងពន្ធនាគារ ក្លាយជាទណ្ឌិត បើមានមិត្តឧស្សាហ៍ចេញចូលសួរសុខទុក្ខ ផ្តល់ កម្លាំងចិត្ត ឈ្មោះថា “កល្យាណមិត្ត”។

ផ្ទុយទៅវិញ ពេលខ្មាំងបាញ់ត្រូវ ស្រាប់តែយុទ្ធជនឯទៀតរត់ចោលអស់ ឈ្មោះថា “បាបមិត្ត”។ បើក្បត់គ្នា ឬបោកបញ្ឆោត គ្នាឱ្យរលាយកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិ ឈ្មោះថា “ទ្រុស្តមិត្ត”។ មិនថាតែមនុស្សទេ ដែលពិបាកស្វែងរកមិត្តល្អ សូម្បីសត្វតិរច្ឆាន ក៏ “ស៊ីសាច់គ្នាឯងដែរ” បើសិនជាវាស្រេកឃ្លាន។ ឧទាហរណ៍រឿង “រាជសីហ៍ និងចចក” ដកស្រង់ចេញពីវណ្ណកម្ម “គតិលោក” បានតំណាលពីរាជសីហ៍ បានយកចចក ជាមិត្ត ដោយមិនពិនិត្យបុគ្គលិកលក្ខណៈឱ្យច្បាស់លាស់។ រាជសីហ៍នោះ តែង ចាប់ម្រឹគីម្រឹគា ស៊ីរាល់ថ្ងៃ ដោយចែករំលែកសាច់ឱ្យចចកបានស៊ីឆ្អែតដែរ ព្រោះចចក ប៉ិនអែបអប លើកជើង។ ថ្ងៃមួយ ចចកគិតថា សព្វសាច់សត្វក្នុងព្រៃនេះវាស្គាល់រសជាតិអស់ហើយ នៅឡើយតែសាច់រាជសីហ៍ មិនដឹងជាឆ្ងាញ់យ៉ាងណាទេ គួរតែរកល្បិចបោកប្រាស់យកសាច់ស៊ីឱ្យបាន។ គាប់ជួនចចកបានឃើញថ្មដា ១ផ្ទាំងលើកំពូលភ្នំ ភ្លឺដូចកញ្ចក់ ក៏ទៅកុហក រាជសីហ៍ថា មានរាជសីហ៍កំណាច១ក្បាលទៀត ចង់ប្រលងប្ញទ្ធិនឹងមិត្តឯង។ ឯរាជសីហ៍ ជាសត្វល្ងង់ អាងកម្លាំង ក៏ប្រើចចក ឱ្យនាំទៅដល់ទីតាំងនោះ ដើម្បីកម្ទេចគូសត្រូវឱ្យបាក់បបខ្លបខ្លាច ដូចឃ្លោងឃ្លាថា “តម្រាកម្រើកចិត្ត អាងឥទ្ធិប្ញទ្ធិ ឥត វិញ្ញាណ ថាគ្រានោះមែនមាន សត្វចចកមួយអប្រិយ។ នៅក្នុងគុហាស្ងាត់ អាស្រ័យសត្វជាចំណី ដោយសារសត្វរាជសីហ៍ ជា មិត្តភក្តិស្មគ្រ័ស្មាគម។ ថ្ងៃមួយចចកចរ ឡើងសិង្ខរចូលល្អាងភ្នំ យល់ថ្មដាមួយធំ ភ្លឺដូចឋានកញ្ចក់ឆ្លុះ។ ចចកយល់ឆាយា នៃ អាត្មានៅក្នុងនោះ ដឹងជាស្រមោលច្នោះ កើតកួចចិត្តគិតទ្រុស្តមិត្ត។ គិតថាទៅមុសា ប្រាប់សីហាប្រកបប្ញទ្ធិ ថាមានបច្ចាមិត្ត ចង់លងប្ញទ្ធិ ជំនាញកល។ មិត្តអញកាន់មានះ អាងតបះកំហែងហល់ តែថាបញ្ញាទាល់ យល់ស្រមោលគង់បោលដាក់…”។ នៅត្រង់បញ្ចប់ឃ្លោងឃ្លា បញ្ជាក់ថា “អនិច្ចាសត្វសីហា ភ្លើងទោសាដុតឱ្យក្ស័យ មោហាបញ្ញាខ័យ ជំនាញជ័យនឹងរូបឯង។ លុះទៅវិនាសប្រាណ នេះព្រោះគ្មានបញ្ញាឈ្វេង យកតែមានះឯង មកសម្តែងតាំងជាមុខ”។

រឿង “រាជសីហ៍ និងចចក” ចប់ត្រឹមចចកបានស៊ីសាច់រាជសីហ៍ និងបង្ហាញថា បើខ្លួនអាងអំណាចគ្មានអ្នកណាដល់ អាច នឹងភ្លាត់ស្នៀតឱ្យបាបមិត្តបោកប្រាស់ដល់នូវសេចក្តីវិនាសអន្តរាយ។ យ៉ាងណាមិញ ករណីលោកសួន សេរីរដ្ឋា ដែលមកពី អាមេរិក សម្បូរដុល្លារ ក៏មានមិត្តខ្លះអែបអប ហែហមហៃអើៗ ទោះជាលោកសរសេររិះគន់វាយប្រហារបក្សកាន់អំណាច ដោយប្រើពាក្យធ្ងន់ៗ ដូចជាថា “អាខូច អាយ៉ងយួន” ជាដើម ឯមិត្តភក្តិហែហមទាំងនោះ មិនជួយឃាត់ ជាហេតុនាំឱ្យលោក សួន សេរីរដ្ឋា ភ្លេចស្មារតីហ៊ានវាយប្រហារប្រមាថដល់កងទ័ព ក៏រងការប្តឹងផ្តល់រហូតជាប់ពន្ធនាគារ។ នៅពេលគាត់ក្លាយ ជាអ្នកទោស ដូចជាមិនឃើញមិត្តណាលើកសរសើរគាត់ថាជា “វីរបុរស” នោះឡើយ បែរជាសំងំគេចវេះ ខ្លះមិនរវល់ចូល ទៅសួរសុខទុក្ខគាត់ផង ដោយអាងលេសថា ខ្លាចពាក់ព័ន្ធនឹងច្បាប់។

ដូច្នេះបើសិនជាមិត្តល្អក្ររកបាន ច្បាស់ជាគេសរសើរគាត់ ឬនាំគ្នាទៅសួរសុខទុក្ខគាត់រាល់សប្តាហ៍មិនខាន តែនេះមានតែ មនុស្សស្និទ្ធស្នាលប៉ុន្មាននាក់ទៅជួប។ ចំណែកលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ដែរនោះ ក៏ត្រូវមិត្តភក្តិរត់ចោលអស់ ឃើញតែភរិយាម្នាក់ និងមេធាវីដែលចូលសួរសុខទុក្ខគាត់ ហើយអ្នករត់ចោលគាត់ អាចមានលេសថា ដាក់ពាក្យសុំចូលជួបដែរ តែតុលាការមិនឱ្យចូល។

“ដឹងចិត្តមិត្តក្នុងគ្រាក្រ” នៅមានការវែកញែកច្រើនច្រកទៀត សូម្បីបក្សកាន់អំណាច ក៏គួរប្រុងប្រយ័ត្នដែរ ក្រែងប៉ះ បាបមិត្ត ឬទ្រុស្តមិត្ត។ បាបមិត្ត ប៉ិនអែបអបណាស់ គេមិនថាខ្លួនជាមិត្តនោះទេ តែបានដាក់ខ្លួនដូច “ចៅហ្វាយ និងបាវបម្រើ” បើចៅហ្វាយនាយនៅមានអំណាច និងទ្រព្យសម្បត្តិ មិត្តទាំងនោះ បញ្ចោរបញ្ចើច ប៉ុន្តែ បើសិនជាអស់អំណាច ដូចប៉ុល ពត ក៏ត្រូវមិត្តភក្តិរត់ចោលអស់ ទុកឱ្យគាត់ស្លាប់កណ្តាលទ្រូងព្រៃនៅអន្លង់វែង។

សរុបទៅ “ដឹងចិត្តមិត្តក្នុងគ្រាក្រ” ជាមរតកសាសន៍របស់កវីបណ្ឌិតបុរាណាចារ្យបន្សល់ទុក សម្រាប់ទូន្មានមនុស្សគ្រប់ រូប ជាពិសេស អ្នកនយោបាយឱ្យមានការប្រុងប្រយ័ត្នក្នុងការសេពគប់មិត្ត។ បើសេពគប់ខុស អាចដូចសត្វរាជសីហ៍ ក្លាយ ជាចំណីចចក ឬដូចលោកសួន សេរីរដ្ឋា ដែលត្អូញត្អែរផ្ញើសារចេញពីក្នុងគុក បង្ហាញការស្តាយក្រោយដែលគាត់សេពគប់ប៉ះ “មិត្តឱកាសនិយម” ដោយមិនអាចរកបាន “កល្យាណមិត្ត” ឬ “សមរមិត្ត”៕

ដោយ អាចារ្យថាំ

RELATED ARTICLES