ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែផុងខ្លួននឹងមិត្តភក្តិខ្ចីម៉ូតូយកទៅបញ្ចាំ មិនហ៊ានចូលផ្ទះខ្លាចប្រពន្ធស្តីបន្ទោស ទើបធ្វើឱ្យប្រពន្ធខឹងផ្តាច់ទំនាក់ទំនងនឹងគ្នា ក្រោយមកបុរសជាប្តីបានព្យាយាមតាមអង្វរលួងលោមសុំត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រម ទើបធ្វើឱ្យបុរសជាប្តីតូចចិត្តតូចថ្លើម ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន ដោយបន្សល់ទុកលិខិតបណ្តាំមួយសន្លឹកផ្តាំឱ្យប្រពន្ធជួយមើលថែកូនស្រីផង។
ករណីបុរសតូចចិត្តប្រពន្ធមិនព្រមរួមរស់ជុំគ្នាវិញ បែរជាដាច់ចិត្តចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដើមជ្រៃ ក្បែរវាលស្រែខាងក្រោយសាលាសង្កាត់ជើងឯក ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត ព្រោះតូចចិត្តរឿងសុំប្រពន្ធត្រូវរ៉ូវគ្នាវិញមិនបាននេះ មានឈ្មោះកែម ឆៃ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះប៉ាក់ ស្រីឡាង អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ និងមានកូនស្រីម្នាក់អាយុ៦ឆ្នាំ មានលំនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសម្តីបុរសឈ្មោះគីម មុន អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់កើតហេតុខាងលើ ដែលជាអ្នកប្រទះឃើញសាកសពមុនគេ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់និងប្អូនប្រុសរបស់គាត់ម្នាក់ទៀត បាននាំគ្នាដើរចេញពីផ្ទះ បំណងទៅរកបាញ់សត្វនៅ ម្តុំវាលស្រែខាងក្រោយសាលាសង្កាត់ជើងឯក។ លុះពេលពួកគាត់ដើរមកដល់ចំណុចខាងក្រោមដើមជ្រៃ ទីតាំងកើតហេតុខាងលើ ក៏បានបញ្ចាំងពិលឆ្លុះរកមើលសត្វ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ចងកជាមួយនឹងខ្សែលួស ថ្ពក់ជាមួយក្រមា ផុតជើងពីដី ប្រហែល១ម៉ែត្រកន្លះ ស្លាប់បាត់ទៅហើយ។ ភ្លាមនោះ ពួកគាត់ទាំង២នាក់បងប្អូនភ័យស្លន់ស្លោ ក៏នាំរត់ត្រឡប់មកដល់ផ្ទះវិញ ហើយក៏បានទូរស័ព្ទផ្តល់ដំណឹងទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះទៅពិនិត្យមើលកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានទៅដល់ទីតាំងកើតហេតុ ក៏បានយកខ្សែមកពទ្ធ័ជុំវិញកន្លែងកើតហេតុ ដើម្បីរងចាំព្រឹកឡើងទើប ទាក់ទងទៅជំនាញកោសល្យវិច័យឱ្យចុះមកពិនិត្យ សាកសព តើថាជាករណីអ្វីឱ្យពិតប្រាកដ។ រហូតដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ បានចុះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ ដោយឡែកនៅក្នុងខ្លួនសាកសព សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំ១សន្លឹក ព្រមទាំងទូរស័ព្ទ១គ្រឿង ទើបទាក់ទងស្រាវជ្រាវ និងផ្តល់ដំណឹងដល់ ម្តាយ ព្រមទាំងប្រពន្ធសព ចុះមកទទួលយកសាកសពយកទៅចាត់ចែងបន្ត។
តាមសម្តីស្ត្រីឈ្មោះប៉ាក់ ស្រីឡាង ត្រូវជាប្រពន្ធរបស់សពជនរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងនិងប្តីបានរួមរស់ នឹងគ្នាអស់រយៈពេល៨ឆ្នាំមំកហើយ និងបង្កើតបានកូនស្រីម្នាក់សព្វថ្ងៃអាយុ៦ឆ្នាំហើយ ទុកជាចំណងនិស្ស័យ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ប្តី ប្រពន្ធនាងស្រលាញ់គ្នាល្អូកល្អិនខ្លាំងណាស់ និងមិនធ្លាប់មានជំលោះអ្វីធំដុំនឹងគ្នាទេ ហើយប្តីរបស់នាង គឺជាមនុស្សដែលស្រលាញ់ប្រពន្ធកូនបំផុត។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា ទើបតែមកដល់រយៈពេលប្រមាណជាង២ខែមុននេះ ប្តីរបស់នាង ស្រាប់តែបាត់ពីផ្ទះដោយមិនដឹងដំណឹង លុះនាងតាមទៅរកដល់ផ្ទះម្តាយក្មេក ទើបដឹងថា ប្តីរបស់នាងបានលង់ខ្លួនជាមួយមិត្តភក្តិលក់ម៉ូតូអស់១គ្រឿង ទើបមិនហ៊ានចូលផ្ទះ។ តាំងពីនោះមក នាងក៏បានផ្តាច់ទំនាក់ទំនងជាមួយប្តីទៅ រហូតដល់ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្តីរបស់នាងបានព្យាយាមតាមលួងលោមអង្វរនាង សុំត្រូវរ៉ូវគ្នាវិញ តែនាងមិនព្រម។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងទៀតថា រាល់ថ្ងៃប្តីតែងទូរស័ព្ទមកអង្វរលន់តួនាងផង ផ្ញើសារមកសុំទោសនាងផង ហើយពេលខ្លះបានមកជួបមុខលត់ជង្គង់សុំរស់នៅជុំប្រពន្ធកូនវិញផង ប៉ុន្តែនាងនៅតែប្រកាន់ចិត្តឆ្លើយថាមិនព្រមជុំគ្នាវិញរហូត ហើយនាងធ្វើបែបនេះ ក៏ព្រោះតែចង់ឱ្យប្តីកែខ្លួនដែរ។ លុះពេលសុំនាងជានាគ្នាវិញមិនបាន ប្តីក៏បានបោះពាក្យសម្តីដាក់នាងថា បើអូនមិនព្រមត្រូវគ្នាវិញទេ អូនចង់ឃើញបងស្លាប់មែនទេ? ចំណែកនាងក៏បានឆ្លើយថា បើសិនជាចង់ស្លាប់ នាងក៏មិនដឹងហាមឃាត់យ៉ាងម៉េចបានដែរ ហើយនាងគ្រាន់តែនិយាយឱ្យតែរួចពីមាត់ប៉ុណ្ណោះ និងមិននឹកស្មានថា ប្តីពិតជាមានគំនិតខ្លីបែបនេះសោះឡើយ។
ប្រពន្ធជនរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នាងមិនឃើញប្តីទូរស័ព្ទមករកនាងទៀតសោះ រហូតដល់វេលាម៉ោង៧កន្លះព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ខណៈដែលនាងកំពុងធ្វើការ ស្រាប់តែម្តាយក្មេកបានទូរស័ព្ទប្រាប់នាងថា ប្តីរបស់នាងចងកស្លាប់ហើយ ធ្វើឱ្យនាងរន្ធត់ចិត្តយ៉ាងខ្លាំង និងហាក់មិនជឿសម្តីនេះសោះ។ ភ្លាមនោះ នាងក៏ចុចទូរស័ព្ទទៅលេខរបស់ប្តី ស្រាប់តែមានប៉ូល៉ិលទទួល រួចប្រាប់ថា ប្តីនាងចងកស្លាប់ហើយ និងកំពុងត្រូវបានសមត្ថកិច្ចដឹកសពតាមរថយន្តសង្គ្រោះ មកតម្កល់នៅក្នុងវត្តសំបួរ ទើបនាងប្រញាប់ធ្វើដំណើរមកដល់វត្តសំបួរ ក៏ប្រទះឃើញប្តីស្លាប់បាត់ទៅហើយ។
ចំណែកស្ត្រីជាម្តាយជនរងគ្រោះ បានបញ្ជាក់ប្រាប់ទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់ម្នាក់នេះ បានលង់ខ្លួនជឿមិត្តភក្តិឱ្យម៉ូតូគេខ្ចីយកទៅបញ្ចាំបាត់ ហើយម៉ត៉ូូនោះ គឺជាម៉ូតូដែលគាត់បានទិញឱ្យកូនប្រុសដោយបង់រំលោះជាមួយអង្គការ និងមិនទាន់បង់រួចផង។ ដោយសារតែរឿងនេះទើបកូនប្រុសមិនហ៊ានចូលផ្ទះ និងត្រូវប្រពន្ធខឹងក៏ឈានដល់ការបែកបាក់គ្នាទៅ។ តាមពិតកូនប្រុសគាត់នេះ ស្រលាញ់ប្រពន្ធកូនរបស់គេខ្លាំងណាស់ និងបានតាមសុំជានាជាមួយប្រពន្ធវិញដែរ តែប្រពន្ធមិនព្រម ទើបធ្វើឱ្យគេគិតខ្លីបែបនេះតែម្តង។
ដោយឡែកលិខិតបណ្តាំមួយសន្លឹកដែលនៅជាប់ខ្លួនជនរងគ្រោះ មានខ្លឹមសារទាំងស្រុងថា “ជូនឪពុកនិងអ្នកម្តាយ ឱ្យកូនសូមទោសផង កូនមិនបានសងគុណលោកទាំងពីរទេ។ ប្រពន្ធជាទីស្រលាញ់ ជួយមើលថែកូនជំនួសបងផង…”។
សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ៕