ខេត្តតាកែវ ៖ ប្តីប្រពន្ធ២នាក់ បានរួមរស់នឹងគ្នាប្រកបដោយសុភមង្គលជាច្រើនឆ្នាំមកហើយ ស្រាប់តែចុងក្រោយ ខណៈដែលប្តីរវល់ចេញទៅធ្វើការនៅស្រុកឆ្ងាយ បែរជាប្រពន្ធបែកគំនិត ទាក់ទងប្រុសថ្មីតាមទូរស័ព្ទ រហូតដល់ដាច់ចិត្តវេចបង្វេចចុះចោលប្តីនិងកូនទៅតាមប្រុសថ្មី ហើយទោះជាប្តីតាមទៅអង្វរកសុំឱ្យត្រឡប់មករួមរស់ជុំគ្នាវិញយ៉ាងណាក៏មិនព្រមសោះ ទើបធ្វើឱ្យបុរសជាប្តីឈឺចិត្តស្អិតទ្រូង ដើរផឹកតែស្រាស្រវឹងអួទីនួ ចុងក្រោយក្អតឈាមស្លាប់យ៉ាងអាណោចអាធ័ម ចោលកូន៥នាក់ ឱ្យរស់នៅកំព្រោវទនា។
បុរសដែលក្អួតឈាមស្លាប់ ព្រោះតែឈឺចិត្តរឿងប្រពន្ធរត់ចោលនេះ មានឈ្មោះសួន សឿន មានស្រុកកំណើតនៅភូមិត្រពាំងគង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់។ ចំណែកប្រពន្ធជើងល្អដែលដាច់ចិត្តចុះចោលប្តី និងកូនដោយគ្មានអាល័យ មានឈ្មោះភិន សារ៉េត សព្វថ្ងៃមានប្តីថ្មី បង្កើតបានកូន១ និងបាននាំគ្នាចេញទៅរកស៊ីនៅស្រុកថៃបាត់អស់ទៅហើយ។
តាមសម្តីស្ត្រីឈ្មោះកាន់ ញ៉ អាយុ៦៣ឆ្នាំ ត្រូវជាម្តាយរបស់បុរសឈ្មោះសួន សឿន ដែលក្អួតឈាមស្លាប់ព្រោះតែប្រពន្ធផិតក្បត់នោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ គឺជាកូនទោលក្នុងគ្រួសារ និងជាកូនប្តីទី១របស់គាត់ កាលពីក្មេងមិនបានរៀនសូត្រអ្វីចេះដឹងជ្រៅជ្រះទេ ព្រោះតែជីវភាពខ្សត់ខ្សោយពេក រហូតដល់ធំពេញវ័យកំលោះ ក៏បានចាប់ចិត្តស្រលាញ់គ្នាជាមួយនឹងនាងភិន សារ៉េត ហើយក៏ត្រូវពួកគាត់ជាចាស់ទុំទាំងសងខាង សម្រេចរៀបចំផ្សំផ្គុំឱ្យរៀបការ ក្លាយជាប្តីប្រពន្ធនឹងគ្នារហូតមក ដោយកាលនោះ ពួកគេទាំង២នាក់សុទ្ធតែនៅវ័យក្មេង និងជាកំលោះក្រមុំដូចគ្នា។
អ្នកមីង កាន់ ញ៉ បានបន្តថា ក្រោយពីរៀបការរួច ប្តីប្រពន្ធពួកគេមិនបានបែកផ្ទះចេញទៅរស់នៅផ្សេងនោះទេ គឺបានមករស់នៅជុំគ្នា ជាមួយគាត់ជាម្តាយ និងបានរួមរស់បង្កើតបានកូនដល់ទៅ៧នាក់ តែស្លាប់អស់២នាក់ សព្វថ្ងៃនៅសល់តែ៥នាក់ប៉ុណ្ណោះ (ប្រុស៣ ស្រី២)។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមកឃើញថា កូនៗទាំង២នាក់នេះ ចេះស្រលាញ់គ្នាល្អូកល្អិនណាស់ ទៅណាមួយជំហានតែបណ្តើរគ្នាត្រសង បាត់មុខគ្នា ១ម៉ោងសឹងមិនបាន និងមិនដែលកើតមានទំនាស់អ្វីធំដុំឡើយ។
អ្នកមីង កាន់ ញ៉ បានឱ្យដឹងទៀតថា ក្រោយមកដោយសារតែសមាជិកគ្រួសារកើនឡើងច្រើន (កូនច្រើន) ទើបធ្វើឱ្យជីវភាពគ្រួសារ កាន់តែដុនដាបខ្លាំង ជាហេតុធ្វើឱ្យកូនប្រុសរបស់គាត់ (សួន សឿន) បានសម្រេចចិត្តចេញទៅធ្វើការងារឆ្ងាយផ្ទះ ដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់ជីវិត គ្រួសារ ដោយទុកឱ្យប្រពន្ធ នៅផ្ទះមើលថែកូន។ ដូចពាក្យចាស់ថា “ឃ្លាតឆ្ងាយណាយចិត្ត” មិនខុសមែន គ្រាន់តែប្តីបែកចេញឆ្ងាយយូរបន្តិច កូនប្រសារស្រីរបស់គាត់ (ភិន សារ៉េត) ចាប់ផ្តើមបែកគំនិត ចេះប្រើទូរស័ព្ទ យកលុយដែលប្តីខំធ្វើការផ្ញើមកឱ្យទិញទូរស័ព្ទ ចុចខលចុះឡើងមិន ឈប់ ស្រាប់តែក្រោយមក ក៏ទាក់ទងស្គាល់បុរសម្នាក់ (មិនស្គាល់ឈ្មោះ) នៅខេត្តព្រៃវែង និងតែងនិយាយសាសងគ្នាតាមទូរស័ព្ទរាល់យប់ ទីបំផុត កូនប្រសារស្រីនេះ ក៏ដាច់ចិត្តវេចបង្វេចចុះចោលប្តី និងកូនៗបាត់ ស្កាត់ទៅរួមរស់នឹងប្រុសថ្មីលើទឹកដីខេត្តព្រៃវែង សម្ងំសោយសុខយ៉ាង អស់ដៃ។
ស្ត្រីជាម្តាយបុរសអភ័ព្វ បានបន្តថា ក្រោយពេលដឹងថាប្រពន្ធចុះចោលផ្ទះបាត់ កូនប្រុសរបស់គាត់ (សួន សឿន) បានត្រឡប់មកផ្ទះវិញភ្លាម តែគេមិនមានកំហឹងនឹងប្រពន្ធអ្វីសូម្បីមួយចុងក្រចក ដោយគេយល់ថា ប្រពន្ធឆោតល្ងង់ជឿងលង់សម្តីប្រុសអូសទាញ ទើបទៅជាបែបនេះ ព្រោះយ៉ាងណា គេមិនជឿថា ប្រពន្ធនេះ មានសណ្តានក្បត់ប្តី និងកូននោះទេ។ ក្រោយមក កូនប្រុសនេះ បានតាមតាមស៊ើបសួរដំណឹងប្រពន្ធរហូត ស្គាល់អាសយដ្ឋានដែលនាងកំពុងរួមរស់ជុំប្រុសថ្មីនោះ ហើយក៏តាមទៅរកដល់ផ្ទះ និងបានអង្វរកលន់តួ ហៅប្រពន្ធឱ្យត្រឡប់មកផ្ទះរស់នៅជុំគ្នា ដែរ តែប្រពន្ធមិនព្រម។ បន្ទាប់មកទៀត កូនប្រុសគាត់ នៅតែរង់ចាំទទួលប្រពន្ធដៃ២ ដោយមិនប្រកាន់ទោសអូសដំណើរអ្វីទាំងអស់ ប្រសិនបើនាងព្រមត្រឡប់មកវិញ តែចាំបាត់ៗ ទើបកូនប្រុសគាត់បានទៅរកគ្រូហោទស្សន៍ទាយមើល និងត្រូវគ្រូហោប្រាប់ថា ប្រពន្ធត្រូវស្នេហ៍របស់គេ ហើយកូនប្រុសនេះ ក៏បានរកគ្រូបន្សាបដែរតែនៅតែមិនឃើញប្រពន្ធវិលវិលសោះ។
ស្ត្រីជាម្តាយខាងលើ បានបញ្ជាក់ថា ក្រោយមកទៀត កូនប្រុសរបស់គាត់បានទទួលដំណឹងថា ប្រពន្ធរបស់គេ (ភិន សារ៉េត) មានកូនម្នាក់ជាមួយប្តីក្រោយ ហើយបាននាំគ្នាចេញទៅធ្វើការនៅស្រុកថៃបាត់ហើយ ទើបធ្វើឱ្យកូនប្រុសនេះ ឈឺចិត្តស្អិតទ្រូង ដើរតែផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃ រហូតដល់ចុងក្រោយ ក៏ក្អួតឈាមស្លាប់ចោលកូន៥នាក់តែម្តង។ សព្វថ្ងៃចៅទាំង៥នាក់ ត្រូវធ្លាក់បន្ទុកលើគាត់ជាជីដូនមើលថែ តែពេលនេះ ចៅប្រុសម្នាក់បានចេញទៅធ្វើការនៅស្រុកគេបាត់ហើយ។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគី ស្ត្រីឈ្មោះភិន សារ៉េត ដែលទទួលរងការចោទប្រកាន់ថា បានរត់ចោលប្តីនិងកូន ទៅតាមប្រុសថ្មី រហូតធ្វើឱ្យប្តីឈឺចិត្តក្អួតឈាមស្លាប់បាននោះទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕