Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិប្រពន្ធរត់តាមប្រុសថ្មី ប្តីស្រែកចោរៗ!

ប្រពន្ធរត់តាមប្រុសថ្មី ប្តីស្រែកចោរៗ!

ដោយមិនដឹងធ្វើអីគេកើត ខណៈដែលប្រពន្ធរត់ឡើងម៉ូតូប្រុសស្ទាវ ស្រាប់តែ បុរសជាប្តីស្រែកចោរៗ! ផ្អើលអ្នកភូមិកាន់ កាំបិត ពូថៅមកជួយស្ទាក់ផ្លូវ លុះសាកសួរដឹងពីរឿងប្រពន្ធផិតរត់តាម សហាយ ម្នាក់ៗបានត្រឹមហួសចិត្ត។ ករណីបែបនេះ បណ្តាលមកពីប្តីក្រីក្រពេក ឯប្រុសសហាយនោះ មានម៉ូតូជិះឡូយសង្ហា ប៉ុន្តែ វាសនាស្រីផិតនោះ ប្រហែលមិនបានយូរទេ គង់តែទឹកភ្នែកជូតក្បាលជង្គង់…។

លោកខុម សុខា អាយុ២៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា លោកជាកូនច្បង ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះខន ខុម ម្តាយឈ្មោះសន ខន។ លោកបានរៀបការតាមប្រពៃណីជាមួយនារី ម្នាក់ឈ្មោះត្រេន ពុទ្ធារី ហៅក្តែង អាយុប្អូនលោក២ឆ្នាំ តាំងពីឆ្នាំ២០១៦ ដែលប្រពន្ធនេះមានស្រុកកំណើតនៅភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកខេត្តជាមួយគ្នា ដោយបង្កើតបានកូនស្រីម្នាក់ សព្វថ្ងៃមានអាយុជាង១ខួប។ ចាប់ដៃគ្នាដំបូង ប្តី ប្រពន្ធលោកល្អូកល្អិននឹងគ្នាណាស់ ទាស់ត្រង់ជីវភាព យ៉ាប់យ៉ឺនបានមុខខ្វះក្រោយ បានព្រឹកខ្វះល្ងាច ទើប លោកសម្រេចចែកផ្លូវគ្នារកស៊ី។ លោកមានជំនាញ ខាងសំណង់ ក៏ចេញធ្វើការសំណង់ ឯប្រពន្ធជំនាញ ខាងការងាររោងចក្រ ក៏ទៅដាក់ពាក្យចូលធ្វើការនៅ រោងចក្រស្បែកជើង នៅកំពង់ស្ពឺ ឯណោះ។ លោកត្រូវរស់នៅជាមួយឪពុកម្តាយក្មេក ព្យាយាមរកលុយ ទិញថ្នាំព្យាបាលជំងឺពួកគាត់ផង ឧបត្ថម្ភខ្លួនឯងផង ដោយបែកគ្នាតាំងពីព្រលឹមទល់ព្រលប់ទើបជួបគ្នា ជួនកាល ប្រពន្ធមានលេសក៏ប្រាប់ថា នាងមិនបានមកផ្ទះ ទេ ត្រូវដេកជាមួយមិត្តភក្តិស្រីៗ ក្នុងបន្ទប់ជួល។

លោកខុម សុខា និងនាងត្រេន ពុទ្ធារី ហៅក្តែង

លោកខុម សុខា បន្តទៀតថា តាំងពីបានការងារធ្វើក្រោមម្លប់ មានម៉ាស៊ីនត្រជាក់មក នាងក្តែង ប្រពន្ធ លោកធ្លាប់ដូររោងចក្រ ដើម្បីរកកន្លែងស្រួល និងធ្វើខ្លួនផាត់ក្រែមថែមម្សៅ ខុសពីធម្មតា។ ពេលដេក ជាមួយប្តីម្តងៗ នាងមិនសូវស្និទ្ធស្នាលដូចមុន ជួនកាលបែរ ខ្នងដាក់ប្តីក៏មានដែរ ដោយត្អូញថា ធ្វើការអស់កម្លាំង។ ក្រោយមកក៏មានគេប្រាប់ថា ប្រពន្ធនេះ ពេលចេញទៅធ្វើការ ឬទៅណាម្តងៗ តែងតែមានប្រុសស្ទាវម្នាក់ បើកម៉ូតូ និងអត់ស្លាកលេខ ឌុបនាងទៅ និងបង្កភាពស្និទ្ធស្នាលនឹងគ្នាលើសប្តីប្រពន្ធទៅទៀត។ អ្វីដែលធ្ងន់បំផុតនោះ កម្មការិនីរោងចក្រធ្វើការ ជាមួយនាងបើកលុយអស់ហើយ ប៉ុន្តែ រូបនាងម្នាក់ប្រាប់ប្តីថា មិនទាន់បើកទេ លុះបើកបាន ក៏កុហកថា សងគេអស់ហើយ បណ្តាលឱ្យលោកវេទនាចិត្ត រកលុយទិញទឹកដោះគោឱ្យកូនបៅស្ទើរមិនបាន។

នាងត្រេន ពុទ្ធារី ហៅក្តែង

លោកខុម សុខា បន្តទៀតថា ថ្ងៃមួយលោក ក៏ព្យាយាមតាមដានប្រពន្ធ ស្រាប់តែឃើញនាងឈរ ឱបថើបគ្នាជាមួយប្រុសស្ទាវ ក្បែរចិញ្ចើមថ្នល់ ដោយ ចតម៉ូតូក្បែរនោះ។ បន្ទាប់ពីឃើញជាក់ស្តែងនឹងភ្នែក បែបនេះ លោកមិនហ៊ានទៅជិតពួកគេទេ បានត្រឹម អង្វរពីចម្ងាយប្រាប់ប្រពន្ធថា ឱ្យឈប់ក្បត់ប្តីទៀតទៅ ប្រយ័ត្នទឹកភ្នែកជួតក្បាលជង្គង់ ឱ្យចេះអាណិតអាសូរ ឪពុកម្តាយកំពុងមានជំងឺ ឯកូនតូចមិនទាន់ឈប់បៅទឹកដោះគោ។ ទោះជាលោក

លោកខុម សុខា និងកូន

អង្វរក៏នាងក្តែង មិនរវល់ យកត្រចៀកស្តាប់ដែរ រួចលោតឡើងកែបម៉ូតូ ពីក្រោយប្រុសសហាយ និងបើកចេញទៅ មិនស្រណោះ ប្តី និងកូនប៉ុនក្រចក ធ្វើឱ្យលោកទ្រាំលែងបានក៏ស្រែក ទាំងកំហឹងថា “ចោរៗ!” ដឹងអី! ស្រាប់តែផ្អើលអ្នកភូមិរត់ ប្រសេចប្រសាចចេញពីផ្ទះ ខ្លះកាន់កាំបិត ពូថៅ ដំបង ដុំថ្ម មកជួយស្ទាក់ចោរ។ លុះលោកនិយាយ ប្រាប់ពីរឿងអាចោរស្ទាវមកឆក់ប្រពន្ធលោកទៅ ធ្វើឱ្យ អ្នកភូមិហួសចិត្ត បន្ទោសលោកថា អាវែកគ្រប់គ្នា រួចពួកគាត់ក៏រំសាយជួរ បោះដុំថ្មចោល វិលចូលផ្ទះ បាត់អស់ទៅ។


អ្នកស្រីប៉ន នី អាយុ៥២ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងថា តាំងពីប្រពន្ធរត់តាមប្រុសស្ទាវជាង១ខែ កន្លងមកនេះ គាត់ឃើញលោកសុខា ដេកឱបកូន លួងកូន ពេលវាយំរកម្តាយម្តងៗ។ ជារឿយៗ សុខា តែងតែ យករូបថតប្រពន្ធផិតនោះ មកមើលហើយមើលទៀត ទំនងអាឡោះអាល័យប្រពន្ធខ្លាំងណាស់ ជួនកាល ក៏យំជាមួយកូនស្រីតូច ឃើញថា រកមិនបានទេ បុរស ស្មោះត្រង់នឹងប្រពន្ធបែបនេះ។

អ្នកស្រីប៉ន នី

អ្នកស្រីសន ខន អាយុ៥១ឆ្នាំ ជាម្តាយបង្កើត របស់លោកសុខា បានឱ្យដឹងថា គាត់ហួសចិត្តនឹងកូន ប្រសាស្រីនោះណាស់ ដែលភ្លើតភ្លើននឹងកាមតណ្ហា រត់ចោលប្តីនិងកូន។ កូនប្រុសគាត់នេះស្មោះត្រង់នឹង ប្រពន្ធណាស់ សូម្បីតែមានគេប្រាប់ថា ប្រពន្ធផិត ក៏មិនហ៊ានប្រើអំពើហិង្សាអ្វីដែរ ឥឡូវបានត្រឹមទន្ទឹងមើល ផ្លូវប្រពន្ធវិលវិញ គាត់ហួសចិត្តតែម្តង។ ស្រីចិត្តដាច់ ដូចនាងក្តែង កូនប្រសាគាត់នោះ ក៏រកមិនសូវបានដែរ ព្រោះពេលរៀបឡើងម៉ូតូនោះ ប្តីពកូនទៅអង្វរនាង ឱ្យឈប់ភ្លើតភ្លើន តែនាងមិនអាសូរកូនតូចកំពុងយំ សស្រាក់នោះទេ បែរជាលោតឡើងម៉ូតូចេញទៅបាត់។ តាមអ្នកភូមិខ្លះ ដែលបានដឹង អាប្រុសស្ទាវនោះជិះម៉ូតូ ស៊ុយហ្ស៊ុយគីស្មាស់ គ្មានស្លាកលេខ ប្រហែលជា លួចគេក៏មិនដឹង ហើយសង្ស័យជាសមាសភាពញៀន ថ្នាំទៀតផង ដែលគាត់សន្និដ្ឋានបានថា មិនយូរមិន ឆាប់នាងក្តែង នឹងដើរចូលគុកជាមួយសហាយ ទឹកភ្នែកជូតក្បាលជង្គង់មិនខាន។

អ្នកស្រីសន ខន

រីឯអ្នកជិតខាងមួយចំនួន បាននិយាយលាយ សំណើចថា ពេលឮលោកសុខា ស្រែកចោរៗនោះ ពួកគាត់ស្មានថា ចោរលួចម៉ូតូ ក៏ទាញកាំបិតពូថៅ ទៅជួយស្ទាក់ផ្លូវចោរ ដឹងអី! ប៉ះអាចោរស្ទាវលួច ប្រពន្ធគេសោះ។ ឥឡូវអាចោរម៉ូតូស្លាស់ នាំស្រីផិតនោះ ទៅបាត់ហើយ មិនហួសពីទៅសំងំសុខនៅភ្នំពេញ និង រកស៊ីលួចឆក់នោះទេ ច្បាស់ជាកម្មទាន់ជាន់កែង រងគ្រោះ ក្នុងពេលឆាប់ៗនេះមិនខានឡើយ…”៕

RELATED ARTICLES