Thursday, January 16, 2025
Homeសង្គម និងជីវិតតាអាយុ៧០ តូចចិត្តជំងឺរ៉ាំរ៉ៃ ចងកសម្លាប់ខ្លួន

តាអាយុ៧០ តូចចិត្តជំងឺរ៉ាំរ៉ៃ ចងកសម្លាប់ខ្លួន

ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ លុះស្ថានភាពជំងឺធ្វើទុក្ខមិនឈប់ឈរ លំបាកទ្រាំក៏ដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិវាលធំ ឃុំគគីធំ ស្រុកបារាយណ៍។

បុរសចំណាស់ដែលចងកធ្វើអត្តឃាត មានឈ្មោះណុប សន អាយុ៧០ឆ្នាំ មានប្រពន្ធឈ្មោះឃឹម សេន អាយុ៦៥ឆ្នាំ និងមានកូនចំនួន៣នាក់ (ប្រុស១ ស្រី២) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាច្រើនឆ្នាំមំកហើយ ទោះជាព្យាបាលយ៉ាងណា ក៏មិនបានធូរស្បើយសោះ ហើយមួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺចេះតែធ្វើទុក្ខមិនឈប់ ទើបធ្វើឱ្យប្តីរបស់គាត់ពិបាកក្នុងខ្លួនយ៉ាងខ្លាំង។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា ជារៀងរាល់យប់ ប្តីរបស់គាត់តែងដេកជាមួយចៅតូចនៅខាងក្រោមផ្ទះ លុះមកដល់យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ប្តីគាត់បានចូលដេកជាមួយចៅដូចសព្វដង។ រហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ គាត់បានចុះពីលើផ្ទះ ទៅលុបមុខនៅខាងក្រោយផ្ទះ ស្រាប់តែប្រទះឃើញប្តីចងសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឱ្យគាត់ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមាចងកជាប់នឹងដើមទៀប ខាងក្រោយផ្ទះចំងាយប្រមាណ១០ម៉ែត្រ បណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES