Thursday, January 16, 2025
Homeសង្គម និងជីវិតតូចចិត្តខឹងស្រីមិនស្រលាញ់ ចងកសម្លាប់ខ្លួន

តូចចិត្តខឹងស្រីមិនស្រលាញ់ ចងកសម្លាប់ខ្លួន

ខេត្តព្រៃវែង ៖ យុវជនម្នាក់ ត្រូវបានមិត្តភក្តិជិតស្និទ្ធអះអាងថា ដោយសារតែតូចចិត្តនឹងស្រីមិនស្រលាញ់ ក៏ឈឺចិត្តស្អិតទ្រូង ចងកបញ្ចប់ជីវិតនៅលើដើមស្តៅ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង៣០ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុច ដើមស្តៅខាងលិចភូមិចំងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច។

យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាតព្រោះតែតូចចិត្តរឿងស្រីមិនស្រលាញ់នេះ មានឈ្មោះប៉ែត ឆេង អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ថា គាត់មិនដឹងថា មូលហេតុអ្វីបានជាជនរងគ្រោះ ចងកសម្លាប់ខ្លួននោះទេ គ្រាន់តែសង្កេតឃើញថា ប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះហាក់មិនសូវរីករាយសោះ តែក៏មានអ្នកណាចាប់អារម្មណ៍សួរនាំអ្វីដែរ ដោយស្មានថា ជនរងគ្រោះមិនសូវស្រួលខ្លួន ដឹងអី ជនរងគ្រោះបែរជាមានគំនិតខ្លីចងកសម្លាប់ខ្លួនបែបនេះសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះ បានចូលដេកដូចសព្វដង រហូតដល់ព្រឹកព្រលឹម ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ខណៈដែលភ្ញាក់ពីដំណេក ស្រាប់តែបាត់មិនឃើញជនរងគ្រោះ មិនដឹងជាដើរទៅដល់ណា លុះបន្តិចក្រោយមក ក៏មានអ្នកភូមិរត់មកប្រាប់ថា ប្រទះឃើញជនរងគ្រោះ ចងកស្លាប់បាត់ទៅហើយ នៅលើដើមស្តៅខាងលិចភូមិ ធ្វើទើបឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

តាមប្រភពពីមិត្តភក្តិជិតស្និទ្ធរបស់ជនរងគ្រោះម្នាក់ បានបង្ហើបប្រាប់ថា ជនរងគ្រោះបានចាប់ចិត្តស្រលាញ់នារីម្នាក់ ប៉ុន្តែក្រោយពីខាងស្រីបានដឹង ក៏បោះពាក្យសម្តី មិនព្រមទទួលយកស្នេហ៍ពីជនរងគ្រោះវិញទេ ជាហេតុធ្វើឱ្យជនរងគ្រោះខូចចិត្ត ចេះតែស្រងូតស្រងាត់ មិនសូវនិយាយស្តីអ្វីសោះ ទីបំផុត ក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែគោ ចងកភ្ជាប់នឹងដើមស្តៅកំពស់២ម៉ែត្រ បណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES