ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បានរោទិ៍ម៉ូតូលាន់ឮសម្លេងខ្លាំងៗ រហូតដល់បុរសជាមន្ត្រីយោធាម្នាក់ស្នាក់នៅជិតខាងគ្នា ថ្លង់ពេករកដេកពួនមិនបាន ក៏ចេញទៅហាមថាកុំឱ្យរោទិ៍ម៉ូតូឮខ្លាំងពេក តែបុរសនោះមិនត្រឹមតែមិនស្តាប់ប៉ុណ្ណោះទេ ថែមទាំងរោទិ៍ម៉ូតូកាន់តែលឺ បំណងឌឺដងឱ្យទៀត ទើបធ្វើឱ្យបុរសជាយោធាទប់កំហឹងមិនបាន ក៏ទាញពូថៅស្ទុះចូលទៅកាប់បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់។
ករណីអំពើហិង្សាផ្តើមចេញពីរឿងរោទិ៍ម៉ូតូលាន់ឮសម្លេងខ្លាំងៗ ហាមមិនស្តាប់នេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច។
ជនបង្កហេតុ ដែលកាប់បុរសម្នាក់រយះក្បាល ខឹងរឿងរោទិ៍ម៉ូតូលឺខ្លាំងពេក មានឈ្មោះ ម៉ម ប៊ុនធឿន អាយុ៥២ឆ្នាំ មុខរបរជាមន្ត្រីយោធា មានលំនៅក្នុងភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច។ ចំណែកបុរសរងគ្រោះ មានឈ្មោះ ប៊ុត ធូ អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា រងរបួសធ្ងន់ត្រង់ក្បាល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានរោទិ៍ម៉ូតូរបស់ខ្លួនដោយសម្លេងលាន់លឺយ៉ាងខ្លាំង ជាហេតុធ្វើឱ្យជនបង្កដែលស្នាក់នៅក្បែរនោះ អត់ទ្រាំមិនបាន ក៏ចេញមកហាមជនរងគ្រោះ ថាកុំរោទិ៍ម៉ូតូលឺពេក ថ្លង់ណាស់ រកដេកពួន អត់បានទេ ប៉ុន្តែជនរងគ្រោះមិនព្រមស្តាប់ និងថែមទាំងរោទិ៍ម៉ូតូរបស់ខ្លួនកាន់តែឮជាងមុនទៅទៀត បំណងឌឺដងឱ្យជនបង្ក រហូតដល់ជនបង្ក ទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញពូថៅ កាប់ប្រហាទៅលើជនរងគ្រោះ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីព្យាបាលរបួស។ ចំណែកជនបង្កហេតុ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវីធី៕