ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកថ្ម១គ្រឿងកំពុងបើកបរនៅលើដងផ្លូវសុខៗ ក៏ស្រាប់តែរបូតកង់ក្រោយ១គ្រាប់ចេញពីរថយន្ត គាប់ជួនរថយន្តដឹកកម្មករ១គ្រឿងបើកមកពីក្រោយក្នុងល្បឿនលឿន គេចមិនផុតក៏ជ្រុលទៅបុកកង់រថយន្ត ធ្វើឱ្យក្រឡាប់ផ្ងាជើង ចាក់កម្មករចោលពេញផ្លូវ បណ្តាលឱ្យនារីវ័យក្មេងម្នាក់ស្លាប់ និងទទួលរងរបួសធ្ងន់ស្រាល៥៥នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២-១៣ ស្ថិតក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ។
នារីរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនត្រូវបានស្គាល់ឈ្មោះនៅឡើយ គ្រាន់តែដឹងថា មានអាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ នឹងបម្រើការងារនៅក្រុមហ៊ុនកាត់ដេរ និងផលិតស្បែក ជើងខន់ធីញុអូសឹឡាក់គី។
លោកចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ មានរថយន្តបែនដឹកថ្ម១គ្រឿងម៉ាក FUSO ពណ៌ប្រផេះ ពាក់ស្លាកលេខ ចង្កូតស្តាំ KP-S0442 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥១ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបែនដឹកថ្មនោះ ក៏បានដាច់របូតកង់ខាងក្រោយ រត់នៅលើផ្លូវ ហើយស្របពេលនេះ ក៏មានរថយន្តដឹកកម្មករ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AK-7131 បើកមកពីក្រោយគេចមិនផុត ក៏ជ្រុលទៅបុកកង់ឡាននោះ រួចកិនធ្វើឱ្យរថយន្តដឹកកម្មករនោះក្រឡាប់ទាំងកំរោលតែម្តង ធ្វើនារីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។
លោកប្រធានមន្ទីរការងាររូបនេះបន្តថា ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកកម្មករ បានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកក្នុងរថយន្ត មានក្រុមកម្មករសរុបចំនួន៥៦នាក់ មានអ្នករងគ្រោះសរុប៤៨នាក់ ប្រុស៤នាក់ របួសធ្ងន់៦នាក់ ស្រាល៤១នាក់ ស្លាប់ម្នាក់។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៥៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជនផ្សេងៗគ្នា ក្នុងនោះបញ្ជូនទៅព្យាបាលនៅ ១-គ្លីនិកសម្ភពសម្រាកព្យាបាលថ្នល់ទទឹងចំនួន៨នាក់ របួសស្រាល។ ២-គ្លីនិកសម្ភពសម្រាកព្យាបាល ទេព មង្គល ចំនួន៧នាក់ (របួសធ្ងន់ប្រុសស្រី២នាក់) នឹងត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញទាំង២នាក់។ ៣-គ្លីនិកសម្ភពព្យាបាល សុខា បែកចាន ចំនួន៣២នាក់។
លោកចឹក បូរិន បានបញ្ជាក់ថា រាល់ថ្លៃចំណាយការព្យាបាលអ្នករងរបួស និងថ្លៃដឹកសពកម្មការិនីម្នាក់ខាងលើនេះ គឺជាការចំណាយរបស់របបបេឡាជាតិសន្តិសុខសង្គម៕