Sunday, May 5, 2024
Homeបរិយាយ បណ្ឌិតខ្វែងគំនិតគ្នារឿងប្រជាធិបតេយ្យ

 បណ្ឌិតខ្វែងគំនិតគ្នារឿងប្រជាធិបតេយ្យ

កាលពីពេលថ្មីៗនេះ រាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ “ដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា” ដោយមានវាគ្មិនសំខាន់ៗ ព្រមទាំងប្រធាន អនុប្រធានគណបក្សនយោបាយខ្លះចូលរួម។ វាគ្មិនទាំងអស់ ភាគច្រើនជាបណ្ឌិត ប៉ុន្តែនៅពេលចូលរបៀបវារៈ អ្នកតាមដានមើលឃើញថា “បណ្ឌិតខ្វែងគំនិតគ្នារឿងប្រជាធិបតេយ្យ” ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ប្រជាធិបតេយ្យ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ប្រជាធិបតេយ្យ” អានថា “ប្រជាធិប៉ាក់តៃ” ជាភាសាបាលី-សំស្ក្រឹត ដែលខ្មែរបានយកពាក្យនេះមកប្រើយូរអង្វែងហើយ សំដៅដល់ “ភាពនៃប្រទេសដែលមានប្រជារាស្ត្រជាអធិបតី គឺប្រទេស ឬរដ្ឋបាលដែលមានប្រជាជនជាធំ ក្នុងការរើស តំណាងរបស់ខ្លួនឱ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស”។ ប្រជាធិបតេយ្យ ឬរដ្ឋអធិបតេយ្យ (កុំដាក់ “ភាព” ពីមុខ) បាន ចាប់កំណើតឡើងតាំងពីកទឹកកដីមកម៉្លេះ ប៉ុន្តែមនុស្សមិនទាន់ចេះប្រើ លុះចូលមកដល់សតវត្សចុងក្រោយនេះ ក៏មានអ្នក ដឹកនាំលទ្ធិធំៗ ដូចជាកាល់ម៉ាក្ស អង់ហ្គែល ឡេនីន ម៉ៅ សេទុង បំផុសឱ្យមនុស្សគ្រប់ជាតិសាសន៍ ធ្វើបដិវត្តន៍ ដណ្តើម យកប្រជាធិបតេយ្យ។ ចំណែកលោកវ៉ាស៊ីងតោន ប្រធានាធិបតីទី១ នៃសហរដ្ឋអាមេរិក ក៏បានសាបព្រោះលទ្ធិប្រជាធិបតេយ្យ ដំបូងគេនៅអាមេរិក តាមរយៈការបោះឆ្នោតជ្រើសតាំងរបប “ប្រធានាធិបតីនិយម”។

ប្រជាធិបតេយ្យ មានច្រើនប្រភេទ ដូចជា ប្រជាធិបតេយ្យបែបកុម្មុយនីស្ត (ចិន រុស្ស៊ី វៀតណាម គុយបា) តែងបោះឆ្នោតធម្មតា ប៉ុន្តែមិនអនុញ្ញាតឱ្យមានពហុបក្ស។ ប្រជាធិបតេយ្យបែបផ្តាច់ការ (បណ្តាប្រទេសខ្លះនៅអាហ្វ្រិក) បោះឆ្នោត ធម្មតា ប៉ុន្តែអ្នកកាន់អំណាចគ្មានអាណត្តិ គឺធ្វើរហូតមួយជីវិត។ ប្រជាធិបតេយ្យ សេរី ពហុបក្ស មានការប្រកួតប្រជែងដណ្តើម សន្លឹកឆ្នោតយកអំណាច ដូចអាមេរិក ជាដើម។ ប្រជាធិបតេយ្យ ចែកជា២ទៀត គឺរាជានិយម និងសាធារណរដ្ឋនិយម ដូចកម្ពុជា កាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

តាមពិត ប្រជាធិបតេយ្យ កើតឡើងតាំងពីសម័យបុព្វកាលម៉្លេះ ពោលគឺបើមានបញ្ហាអ្វីដោះស្រាយមិនចេញ ស្តេច មេទ័ព រាជានុសិទ្ធិ តែងបើក “ប្រជាសវនាការ” ដើម្បីសួរយោបល់រាស្ត្រ ដូចព្រះបាទជយវរ្ម័នទី៧ ព្រះចៅអធិរាជនៃចក្រភពអង្គរ ទ្រង់ព្រះរាជទានប្រជាសវនាការ ២ដង ក្នុង១ថ្ងៃ ដើម្បីស្តាប់មតិយោបល់រាស្ត្រ។ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ក៏ជាអ្នកប្រជាធិបតេយ្យដែរ ព្រោះព្រះអង្គហ៊ានលះបង់រាជសម្បត្តិ យាងទៅសាងផ្នួស រស់នៅជាលក្ខណៈប្រមូលផ្តុំជាមួយព្រះសង្ឃ សាវ័ក គោរពគ្នា តាមលំដាប់វស្សាចាស់ខ្ចី ដោយមិនគិតពីវណ្ណៈក្សត្រ ព្រាហ្មណ៍ វេស្សៈ ឬសូទ្រៈ។ សង្គមបុព្វកាល គ្មានការបោះឆ្នោតទេ ប៉ុន្តែ ការសាកសួរមតិយោបល់រាស្ត្រដែលកាត់មកពីគ្រប់ខេត្តខណ្ឌ ឈ្មោះថា ប្រជាធិបតេយ្យ គឺយកប្រជាជនជាធំនេះឯង។

កាលពីពេលថ្មីៗនេះ អស់លោកបណ្ឌិតបានជួបពិភាក្សាតុមូល នៅរាជបណ្ឌិត្យសភា ដោយបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យ ត្រូវមានទិដ្ឋភាព ៨យ៉ាង គឺ “ទី១ សេរីភាពសារព័ត៌មាន ការជួបប្រជុំបង្កើតគណបក្សនយោបាយ។ ទី២-រៀបចំ ការបោះឆ្នោត ដោយសេរីយុត្តិធម៌ និងទៀងទាត់។ ទី៣-ផ្ទេរអំណាចដោយសន្តិវិធី។ ទី៤-ផ្តល់តម្លៃដល់មតិភាគច្រើន។ ទី៥-គោលការណ៍បែងចែកអំណាចតាមរដ្ឋធម្មនុញ្ញ។ ទី៦-ការចូលរួម របស់ប្រជាពលរដ្ឋក្នុងដំណើរការប្រជាធិបតេយ្យ។ ទី៧-តម្លាភាព។ ទី៨-សេរីភាពក្នុងការបញ្ចោញមតិ។

កត្តាសំខាន់ៗទាំង៨នេះ វាគ្មិនដែលបានចូលរួម និយាយខុសគ្នា ខ្វែងយោបល់គ្នា ដូចជាលោកបណ្ឌិតគិន ភា ជាអ្នក សម្របសម្រួល មានយោបល់ម៉្យាង លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច មានយោបល់ផ្សេង ខណៈដែលលោកផាត់ ស៊ីកាន ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ យល់ផ្សេង លោកសាម ស៊ុនឌឿន អនុប្រធានបក្សប្រជាធិបតេយ្យ យល់ផ្សេង លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានមតិទៅផ្លូវខុសគ្នា។ ការខ្វែងគំនិតរបស់បណ្ឌិត និងអ្នក នយោបាយនេះហើយ ហៅថា “ប្រជាធិបតេយ្យ” ពោលគឺនៅក្នុងសង្គមប្រជាធិបតេយ្យ លុះត្រាតែមាន “ស្របនិងប្រឆាំង” ទើបបាន ប៉ុន្តែ បើពេលប្រជុំ ស្រាប់តែនាំគ្នាលើកដៃព្រោងព្រាត ស្រប១០០%នោះ មិនហៅថា ប្រជាធិបតេយ្យនោះទេ។

សូមរំព្ញកថា របបសង្គមរាស្ត្រនិយម ក៏បើកឱ្យមានប្រជាធិបតេយ្យដែរ  ពោលគឺ សម្តេចឪ ព្រះបរមរតនកោដ្ឋ បើកសិទ្ធិឱ្យអ្នក ប្រឆាំងបញ្ចោញមតិតាមចិត្ត ប៉ុន្តែមានថ្ងៃមួយ ពេលព្រះអង្គកោះហៅអ្នកប្រឆាំងចូលប្រជុំនៅក្នុងព្រះបរមរាជវាំង លុះចេញ មកវិញ ស្រាប់តែមេប៉ូលិសដែលស្អប់ពួកប្រឆាំង បញ្ជាកូនចៅដោយសម្ងាត់ ឱ្យចាំគប់ដុំថ្មដាក់ពួកប្រឆាំង បែកមុខ បែកមាត់។ កាលនោះលោកស្វាយ សូរ កែវ ម៉ុងគ្រី ទ្រង់នរោត្តម ភូរិស្សរា ចេញតាមទ្វារខាងជើង ត្រូវដុំថ្មឈាមក្បាល ចំណែកលោកតាន់ គឹមហួន ចេញតាមទ្វារខាងកើត រួចខ្លួន ប៉ុន្តែក៏ភ័យផ្អែមមាត់ដែរ ព្រោះតែពួកប៉ូលិសឆ្មាំស្រែកជេរម្តាយ កាយឪពុកអ្នកដែលប្រឆាំង។

នៅក្នុងរបបប៉ុល ពត ក៏បើកឱ្យមានប្រជាធិបតេយ្យដែរ ដោយធ្លាប់បោះឆ្នោតជ្រើសតំណាងរាស្ត្រម្តង ដោយយកតែគណៈស្រុក ធ្វើបេក្ខជន ប៉ុន្តែអ្នកបោះបានត្រឹមតែបោះ អត់ដឹងថា បេក្ខជនណាជាប់។ មានការប្រជុំរាល់៣ថ្ងៃម្តង ១សប្តាហ៍ម្តង តាមក្រុម តាម សហករណ៍ និងយូរៗប្រជុំធំម្តង ដោយបើកឱ្យប្រជាជនឡើងមានយោបល់ ប៉ុន្តែបើហ៊ាននិយាយខុស មាគ៌ាតែមួយម៉ាត់ យប់ឡើងក៏បាត់ខ្លួន។

ចំណែករបបលន់ នល់ ក៏បើកឱ្យមានប្រជាធិបតេយ្យដូចគ្នា ប៉ុន្តែកាសែតណាហ៊ានរិះគន់មន្ត្រីជាន់ខ្ពស់ នឹងត្រូវបិទ ឬ ចាប់ចាងហ្វាងកាសែត ដាក់គុក រហូតមានពាក្យថា “ប្រជាធិបតេយ្យ ឬតៃកវាក់ ជាពាក្យគន្លាស់ថា “ទាក់កវ៉ៃ”។

ដូច្នេះប្រជាធិបតេយ្យ លុះត្រាតែបង្កើតច្បាប់ម៉ឺងម៉ាត់ ហ្មត់ចត់មិនលម្អៀងទៅតាមនិន្នាការនយោបាយ ទើបបាន ដូច ទស្សនវិទូប្លាតុង (ភឡៅទឿណ) បានសរសេរថា “នីតិនិពន្ធ គឺត្រូវរកក្នុងចំណោមអ្នកអប់រំពិតប្រាកដ ពោលគឺអ្នកតែងច្បាប់ ពុំត្រូវរើសរកក្នុងចំណោមមនុស្សអាក្រក់ ខ្វះការអប់រំ ខ្វះចរិយាសម្បត្តិ គ្មានស្គាល់ការអប់រំនោះឡើយ ព្រោះថា បើច្បាប់ បង្កើតដោយចោរ ឬជនផ្តាច់ការណាម្នាក់ វាជាកត្តាបណ្តាលឱ្យមានអយុត្តិធម៌ ឬក៏ច្បាប់នោះ នឹងមានលក្ខណៈប្រាសចាក សីលធម៌ មនុស្សធម៌ពុំខាន”។ ទស្សនវិជ្ជារបស់ប្លាតុង ត្រូវបានយកទៅសិក្សាពេញសកលលោក ដើម្បីពង្រឹងនីតិរដ្ឋនេះឯង ដូច្នេះបើ “បណ្ឌិតខ្វែងគំនិតគ្នារឿងប្រជាធិបតេយ្យ” គួររក្សាទុក ដើម្បីឱ្យមាន “មតិស្រប និងមតិប្រឆាំង”។ ផ្ទុយទៅវិញ បើបណ្ឌិតយល់ស្របតាមគ្នា ឬ “ទៅទាំងប៉ីទាំងស្គរ” នោះ មិនចំប្លង់ប្រជាធិបតេយ្យនោះទេ នឹងធ្វើឱ្យប្រជាពលរដ្ឋមើល ឃើញបណ្ឌិតក្នុងទិដ្ឋភាពមិនល្អ ឬមិនហ៊ានសេពគប់។ នៅក្នុងធម៌ “មង្គលសូត្រ” សម្តែងថា “អសេវនា ច ពាលានំ បណ្ឌិតា នញ្ច សេវនា បូជា ច បូជនីយានំ ឯតម្មង្គល មុត្តមំ” (កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ១ កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ១ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ១ ទាំង៣នេះ ឈ្មោះថា ជា មង្គលដ៏ឧត្តម។ ពោលគឺ បើបណ្ឌិតល្អ គេសេពគប់ តែបើមិនល្អ គ្មានអ្នកណាហ៊ានរាប់អាន។

សរុបទៅ “បណ្ឌិតខ្វែងគំនិតគ្នារឿងប្រជាធិបតេយ្យ” គឺធ្វើឱ្យមានប្រជាធិបតេយ្យ ប៉ុន្តែ បើនាំគ្នាលើកដៃព្រោងព្រាត ឯកភាព តាមគ្នា គ្មានមតិប្រឆាំងនោះ មិនហៅប្រជាធិបិតេយ្យនោះទេ។ បណ្ឌិតម្នាក់ៗ មានជំនាញខុសគ្នា និន្នាការនយោបាយ ក៏ខុសគ្នាដែរ អ៊ីចឹងគួរបន្តស្របខ្លះ ប្រឆាំងខ្លះទើបល្អ ប៉ុន្តែបើខឹងអ្នកប្រឆាំង ឬអ្នកបញ្ចោញមតិមិនស្របបំណងខ្លួន ស្រាប់តែចេញមកវិញ មានអ្នកចាំគប់ ដុំថ្ម ដូចសម័យសង្គមរាស្ត្រនិយម ឬបាត់ខ្លួនដូចសម័យប៉ុល ពត និងតៃកវាក់ ដូចសម័យលន់ នល់ មិនហៅប្រជាធិបតេយ្យនោះទេ៕

ដោយ អាចារ្យថាំ

RELATED ARTICLES