ភ្នំពេញ ៖ យុវជនម្នាក់ ព្រោះតែខឹងនឹងឪពុកម្តាយស្តីបន្ទោសតិចតួច ក៏ទាញម៉ូតូមួយគ្រឿងជិះចេញពីផ្ទះទាំងយប់ ទៅរកមិត្តភក្តិដើរលេង ដើម្បីកាត់សាញ ស្រាប់តែត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពចាប់ទាញទម្លាក់ពីលើម៉ូតូ រួចប្លន់យកម៉ូតូទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខភោជនីយដ្ឋាន បុប្ជារាជនី តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
យុវជនរងគ្រោះដែលត្រូវចោរប្លន់ម៉ូតូទៅបាត់ មានឈ្មោះយ៉ុន ចាន់បញ្ញា អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ្ប។ ចំណែកម៉ូតូដែលចោរប្លន់យកទៅ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FK-5853។
តាមសម្តីយុវជនរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេត្រូវឪពុកម្តាយស្តីបន្ទោសតិចតួច ទើបធ្វើឱ្យ ផ្ទុះកំហឹង ក៏ទាញម៉ូតូជិះចេញពីផ្ទះ បំណងទៅជួបមិត្តភក្តិនៅម្តុំស្ទឹងមានជ័យ បំណងនាំគ្នាទៅដើរលេងកាត់សាញ តេដោយរូបគេស្គាល់ផ្លូវមិនច្បាស់ ក៏ជិះវង្វេងទៅដល់ចំណុចកើតហេតុខាងលើ ទើបឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវ ដើម្បីរង់ចាំមិត្តភក្តិមកយក ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក និងស្លាកលេខ បានជិះមកឈប់អែបពីក្រោយរូបគេ ហើយក៏ធ្វើសកម្មភាពចាប់ទាញរូបគេទម្លាក់ពីលើម៉ូតូ រួចក៏ប្លន់យកម៉ូតូរបស់គេជិះចេញទៅបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបានដឹកយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទួលសង្កែ ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕