ភ្នំពេញ ៖ បុរសម្នាក់បានចេញពីផ្ទះដើរលេងលង់ខ្លួន រហូតអស់លុយមិនហ៊ានចូលផ្ទះ ក៏បែរជាធ្វើសកម្មភាពចុះទៅក្នុងរណ្តៅដីមួយកន្លែង ដែលគេកាយដីសម្រាប់បុកសសរគ្រឹះ ខំប្រឹងកាយដី និងអះអាងថា តាមរកប្រពន្ធដើម្បីសុំទោស បណ្តាលឱ្យសម្លៀកបំពាក់ប្រឡាក់សុទ្ធតែភក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចរណ្តៅដី ក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅខាងត្បូងស្នងការដ្ឋានរាជធានីភ្នំពេញ សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ។
បុរសដែលចុះកាយដីក្នុងរណ្តៅតាមរកប្រពន្ធនេះ មានឈ្មោះប៊ន វាសនា អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ មិនដឹងជាដើរមកពីណាទេ ក៏ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ចូលទៅក្នុងការដ្ឋានសំណង់ រួចបានលោតចូលទៅក្នុងរណ្តៅដី ដែលគេជីកដើម្បីចាក់ បណ្តុះសសរគ្រឹះ និងបានព្យាយាមប្រើដៃកាយដី ធ្វើឱ្យសម្លៀកបំពាក់ប្រឡាកដីឡើងស្រម៉ក។
ប្រភពដដែលបន្តថា ដោយឃើញសភាពមិនប្រក្រតីរបស់បុរសខាងលេិនេះ ទើបប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍។ លុះសមត្ថកិច្ចចុះមកដល់ ហៅឱ្យឡើងពីរណ្តៅដីមកខាងលើ សួរនាំ ក៏ស្រាប់តែបុរសនោះ បានឆ្លើយថា រូបគេកំពុងកាយតាមរកប្រពន្ធ ព្រោះរូបគេបានដើរតាមប្រពន្ធរហូត ស្រាប់តែមកបាត់នៅត្រង់រណ្តៅដី១នេះ ទើបចុះកាយដីរកតែម្តង ដើម្បីសុំទោសប្រពន្ធ ពីរឿងដែលខ្លួនដើរផឹកស៊ីអស់លុយពីខ្លួន។
ដោយឃើញថា សម្តីសំដៅ និងកាយវិការរបស់បុរសខាងលើ ហាក់មិនប្រក្រតី ទើបសមត្ថកិច្ច បាននាំខ្លួនបុរសរូបនោះ ទៅកាន់ប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ ដើម្បីធ្វើការសួរនាំបន្ថែម។
លុះក្រោយពេលនាំខ្លួនដល់ប៉ុស្តិ៍ បុរសខាងលើហាក់ស្វាងដឹងខ្លួនឡើងវិញ ក៏បានសារភាពប្រាប់ថា រូបគេមានលំនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុក ទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ហើយមូលហេតុដែលបណ្តាលឱ្យខ្លួនមកដល់ភ្នំពេញនេះ គឺមកពីរូបគេដើរលេងលង់ខ្លួន ចូលច្រៀងខារ៉ាអូខេ បន្ទាប់មកក៏បានជក់គ្រឿងញៀនមួយថង់តូចតំលៃ៥ម៉ឺនរៀល ក៏បណ្តាលឱ្យក្លាយជាបែបនេះតែម្តង ពោលគឺរវើរវាយឃើញប្រពន្ធ ក៏ចេះតែដើរតាមសុំទោសប្រពន្ធដល់ក្នុងរណ្តៅដីបែបនេះ។
ក្រោយពីសាកសួរដឹងសាច់រឿងអស់ហើយ សមត្ថកិច្ចបានទាក់ទងទៅរកសាច់ញាតិបុរសខាងលើ ដើម្បីមកទទួលយកបុរសនេះ ត្រឡប់ទៅផ្ទះវិញ៕