Thursday, January 16, 2025
Homeសង្គម និងជីវិតចៅប្រុសទាញពូថៅដេញកាប់ជីដូន ព្រោះតែជម្លោះរឿងសង់ផ្ទះ 

ចៅប្រុសទាញពូថៅដេញកាប់ជីដូន ព្រោះតែជម្លោះរឿងសង់ផ្ទះ 

ខេត្តកោះកុង ៖ បុរសចិត្តកំណាចម្នាក់ខឹងនឹងជីដូនសង់ផ្ទះ លយចូលដីរបស់ខ្លួនបន្តិច មិនព្រមនិយាយប្រាប់តាមសម្រួលនោះទេ បែរជាផ្ទុះកំហឹងទាញពូថៅដេញកាប់ជីដូន ធ្វើឱ្យស្ត្រីចំណាស់រងគ្រោះ ភ័យរត់គេចទាំងព្រលឹងចុងសក់ និងត្រូវបានសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។

ជនដៃដល់ដែលទាញពូថៅដេញកាប់ជីដូនរូបនេះ មានឈ្មោះទិត្យ ដា ងាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។ ចំណែកលោកយាយរងគ្រោះ មានឈ្មោះគឹម ព្រីង អាយុ៨១ឆ្នាំ មានលំនៅជាប់ព្រំដីគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីចំណាស់រងគ្រោះ បានរៀបចំសង់កូនខ្ទមផុតពីដីមួយ គ្រាន់ជ្រក នៅបាំងភ្លៀងបាំងខ្យល់ លុះទើបនឹងសង់បានបន្តិច លើកសសរស្មាច់ ប្រក់ស្បូវ ក្រាលក្តារ មិនទាន់បានបាំងជញ្ជាំងផង ស្រាប់តែត្រូវជនសង្ស័យខាង លើ បានមករករឿងឈ្លោះប្រកែក ដោយចោទស្ត្រីចំណាស់រងគ្រោះ ថាបានសង់ផ្ទះលយចូលដីរបស់គេ និងថែមទាំងបានប្រើអំពើហិង្សា ទាញពូថៅ ស្ទុះដេញកាប់លោកយាយរងគ្រោះទាំងកំរោល ធ្វើឱ្យលោកយាយភ័យស្លន់ស្លោ ប្រឹងរត់គេចខ្លួនទាំងព្រលឹងចុងសក់។

ប្រភពដដែលបន្តថា ដោយឃើញសភាពឃោរឃៅរបស់ជនសង្ស័យខាងលើ ទើបអ្នកជិតខាងបានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច និងបានចូលទៅជួយឃាត់ លុះបន្តិចក្រោយមក សមត្ថកិច្ចបានចុះមកដល់ ចាប់ឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានទាញពូថៅដេញកាប់ជីដូនមែន តែមិនទាន់បានបង្កគ្រោះថ្នាក់អ្វីនៅឡើយ ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។ ចំណែកមូលហេតុ គឺដោយសារតែរូបគេខឹងនឹងជីដូនដែលសង់ផ្ទះលយចូលដីរបស់គេ។

ជនសង្ស័យត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES