Thursday, January 16, 2025
Homeសង្គម និងជីវិតនាំកូនលេងទឹក ភ្លេចខ្លួនលង់ស្លាប់ ម៉ែយំបោកខ្លួន

នាំកូនលេងទឹក ភ្លេចខ្លួនលង់ស្លាប់ ម៉ែយំបោកខ្លួន

ភ្នំពេញ ៖ ក្មេងប្រុសតូចម្នាក់ ត្រូវបានក្រុមគ្រួសារនាំយកទៅហែលទឹកលេងនៅក្នុងអាងហែលទឹកទំនើបមួយកន្លែង ស្រាប់តែខណៈដែលក្រុមគ្រួសារភ្លេចខ្លួនបន្តិច ក្មេងប្រុសរងគ្រោះក៏បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យស្ត្រីជាម្តាយយំសោកបោកខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអាងហែលទឹក យីហោ ពិភពទឹកដ៏អស្ចារ្យ (Fantastic Water World) ដែលមានទីតាំងនៅហ្គ្រេនភ្នំពេញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ក្មេងប្រុសរងគ្រោះ ដែលលង់ទឹកស្លាប់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ដោយសារតែម្ចាស់ទីតាំងអាងហែលទឹកខាងលើ បានព្យាយាមលាក់បាំង សូម្បីតែសមត្ថកិច្ចក៏មិនរាយការណ៍ប្រាប់ផង។

លោកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ថា ពិតជាមានក្មេងប្រុសម្នាក់លង់ទឹកស្លាប់នៅក្នុងអាងហែលទឹក យីហោពិភពទឹកដ៏អស្ចារ្យ (Fantastic Water World) ដែលមានទីតាំងនៅហ្គ្រេនភ្នំពេញ ប្រាកដមែន ប៉ុន្តែពេលកើតហេតុមិនមានជនរងគ្រោះណាម្នាក់ប្តឹងសមត្ថកិច្ចទេ រហូតមកដល់ពេលនេះ។

លោកអធិការបន្តថា ករណីក្មេងលង់ទឹកអាងស្លាប់នេះ កើតឡើងតាំងពីរសៀលថ្ងៃអាទិត្យទី១១ ខែមីនា ឆ្នាំ២០១៨មកម៉្លេះ ប៉ុន្តែភ្លាមៗខាងម្ចាស់ទីតាំងមិនបានសហការផ្តល់ព័ត៌មានឱ្យសមត្ថកិច្ចដឹងទេ រហូតទាល់តែមានពលរដ្ឋរាយការណ៍មកលោកទើបដឹង ហើយលោកបានចាត់កម្លាំងជំនាញឱ្យចុះទៅស្រាវជ្រាវ។ ក្រោយសាកសួរម្ចាស់ទីតាំង សមត្ថកិច្ចបានរកឃើញថា ពិតជាមានក្មេងប្រុសម្នាក់បានលង់ទឹកនៅក្នុងអាងហែលទឹក ដែលមានទីតាំងខាងលើមែន ហើយក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ជាអកុសលក្មេងប្រុស រងគ្រោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

តាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ និងជាអ្នកជួយសង្គ្រោះក្មេងដែលលង់ទឹកនោះ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះមានអាយុប្រមាណ៥ទៅ៦ឆ្នាំ បានទៅហែលទឹកលេងជាមួយម្តាយ ក្រោយពីហែលទឹកលេងបានមួយសន្ទុះ នៅម៉ោងប្រហែលជា២រសៀល ក្មេងនោះបានលង់ទឹក ។ ភ្លាមៗនោះ ពលរដ្ឋដែលនៅលេងក្បែរនោះ បានព្យាយាមជួយសង្គ្រោះបឋមដែរ ប៉ុន្តែមិនអាចជួយ ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែនៅពេលដល់មន្ទីរពេទ្យគន្ធបុប្ផា គ្រូពេទ្យបានប្រាប់ថា ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយ។

ពលរដ្ឋដែលនៅកន្លែងកើតហេតុបានរិះគន់ថា ទីតាំងអាងហែលទឹក យីហោពិភពទឹកដ៏អស្ចារ្យ (Fantastic Water World) នៅហ្គ្រេនភ្នំពេញនេះ បានលក់សំបុត្រឱ្យភ្ញៀវជាកុមារ ក្នុងតម្លៃចាប់ពី៥ ទៅ៦ដុល្លារ ប៉ុន្តែគ្មានបានដាក់សន្តិសុខ ឬបុគ្គលិកប្រចាំការ ដើម្បីជួយសង្គ្រោះកុមារនៅអំឡុងពេលកើតមានបញ្ហាលង់ទឹកជាយថាហេតុនោះទេ ហេតុនេះ ទើបពេលមានបញ្ហា បណ្តាលឱ្យក្មេងរងគ្រោះត្រូវបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងថែមទាំងត្រូវបានម្ចាស់ទីតាំង ព្យាយាមលាក់បាំងព័ត៌មានកុំឱ្យបែកធ្លាយទៅវិញ៕

RELATED ARTICLES