ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទ្រង់ត្រាស់សម្តែងថា “គុណវិបត្តិ ៦យ៉ាង នាំឱ្យមនុស្សល្ងង់” មានខ្លឹមសារអប់រំជ្រៅណាស់ សម្រាប់ បណ្ឌិត បញ្ញវន្ត ឬអ្នកនយោបាយ យកទៅពិចារណា ព្រោះល្ងង់ក្នុងព្រះពុទ្ធដីកា ពុំមែនជាមនុស្សល្ងង់ពីកំណើត ឬខួរក្បាល មានបញ្ហានោះទេ។ តាមពិត “ល្ងង់” មានច្រើនប្រភេទ ពិសេស មនុស្សដែលមានគុណវិបត្តិ ទាំង៦យ៉ាងនេះ ព្រះពុទ្ធអង្គ ទ្រង់ឱ្យវៀរចាកការសេពគប់ជាមួយ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ព្រះសមណគោតម បរមគ្រូ ទ្រង់ពន្យល់ពុទ្ធបរិស័ទថា “មនុស្សល្ងង់ មានគុណវិបត្តិ ៦យ៉ាង ៖
គឺទី១ ខឹងដោយគ្មានហេតុផល ទី២-និយាយពាក្យរោយរាយអត់ប្រយោជន៍ ទី៣-កែប្រែដោយគ្មានការរីកចម្រើន ទី៤-សាកសួរ យោបល់គេដោយគ្មានវត្ថុបំណង ទី៥-ទុកចិត្តមនុស្សមិនមើលប្រវត្តិ ទី៦-ធ្វើខ្មាំងសត្រូវជាមួយនឹងមិត្តសម្លាញ់។ មុននឹងបរិយាយលម្អិតពីគុណវិបត្តិ ទាំង៦យ៉ាងនេះ យើងសូមបង្ហាញឱ្យស្គាល់អ្វីដែលហៅថា “ល្ងង់” ជាមុនសិន។
“ល្ងង់” មានន័យថា មិនចេះ មិនយល់ ងងឹតឈឹង នឹកអ្វីមិនឃើញ។ ល្ងង់ពីកំណើត បណ្តាលមកពីខួរក្បាលមានបញ្ហា តាំងពីនៅក្នុងពោះម្តាយម៉្លេះ ឬមានកម្មតាមផ្តន្ទា បណ្តាលឱ្យរឡិករឡក់ ល្ងីល្ងើ រាប់មិនដល់ដប់ ដែលខ្មែរយើងហៅថា “ល្ងង់សព្វ ជាតិ ល្ងង់ដប់គត់ ល្ងង់ងោះ ឡឺកឺ” ជាដើម។ មនុស្សល្ងង់ប្រភេទនេះ ជួនកាលគេហៅ “មិនគ្រប់ទឹក” ក៏មានដែរ បើជាបុរស សូម្បីមានប្រពន្ធ យប់ផ្សំដំណេកដំបូង ទាល់តែប្រពន្ធបង្រៀនទើបចេះ ដែលទស្សនាវដ្តីតែងចុះផ្សាយជារឿយៗ ពីរឿង បុរសល្ងង់បានប្រពន្ធជួយបង្ហាត់ក៏ញៀនញ៉ាម ប៉ុន្តែ បើប្រពន្ធមិនឱ្យ ជួនកាលប្តីល្ងង់នោះ ពេបស្ប៉ែបដូចកូនក្មេងក៏មានដែរ។ មនុស្សល្ងង់ប្រភេទនេះ គេអត់ប្រកាន់ទេ ធ្វើម៉េចកម្មអកុសលផ្តល់ឱ្យគ្នាយ៉ាងនេះទៅហើយ មានតែជួយឱ្យលុយកាក់ ស្បៀងអាហារគ្រាន់បានចិញ្ចឹមជីវិត។ ក្មេងរឡិករឡក់ខ្លះក៏ទៅនៅវត្ត ទោះជាព្រះសង្ឃព្យាយាមបង្រៀនអក្សរយ៉ាងណា ក៏គ្នាមិន ចេះ មិនយល់ តែបើប្រើរែកទឹកស្រះ យកមកចាក់ពាងប្រគេនព្រះសង្ឃប្រើប្រាស់ គេធ្វើបានល្អណាស់។
ដោយឡែក “ល្ងង់” មួយប្រភេទទៀត គឺបណ្ឌិត បញ្ញវន្ត អ្នកនយោបាយដែលដើរផ្លូវខុស ព្រោះចំណេះពេញខ្លួន លុះ បញ្ចោញសកម្មភាព នាំឱ្យខូចខាតផលប្រយោជន៍ គឺ “ល្ងង់” នេះឯង ដែលព្រះបរមគ្រូ ទ្រង់ពន្យល់ពុទ្ធបរិស័ទថា មានគុណ វិបត្តិ ៦យ៉ាងនោះ ដែល “នគរធំ” សូមសាកល្បងបរិយាយលម្អិតដូចខាងក្រោម ៖
១.ឆាប់ខឹងដោយគ្មានហេតុផល ៖ ចំណុចនេះ បើអ្នកនយោបាយ ឬបណ្ឌិតមិនចេះរបៀប “ឈ្នះក្រោធដោយការមិន ក្រោធតប” នឹងដើរជាន់គុណវិបត្តិនេះមិនខាន។ ជួនកាល គ្រាន់តែឮគេប្រាប់ គេជេរ គេបន្តុះបង្អាប់ ក៏ខឹងច្រឡោតមួយរំពេច ឧទាហរណ៍ ដូច “ព្រះរាម” គ្រាន់តែឮគេប្រាប់ និងបានឃើញរូបគំនូរយក្សក្រុងរាពណ៍ ដែលព្រះនាងសិតា គូរលាក់ក្រោមគ្រែ ក៏ខឹងតូង រួចប្រើព្រះលក្សណ្ម៍ ឱ្យចាប់អគ្គមហេសីទៅសម្លាប់ បានត្រឹមស្តាយក្រោយមួយជីវិត។ នេះព្រះរាមជាតួអង្គ “វិស្ណុអវតារ” ផង ចុះទម្រាំមនុស្សសាមញ្ញ បើឆាប់ខឹងដោយគ្មានហេតុផល មិនពិចារណា នឹងនាំឱ្យមានវិប្បដិសារៈមិនខានឡើយ។
២.និយាយពាក្យរោយរាយឥតប្រយោជន៍ ៖ បើជាមនុស្សល្ងង់ពីកំណើត មិនចេះនិយាយស្តីអីច្រើនទេ ប៉ុន្តែ បណ្ឌិត បញ្ញវន្ត អ្នកនយោបាយដែលពូកែវោហារសាស្ត្រ បើនិយាយខ្វះសុជីវធម៌ ប្រើពាក្យមិនគួរគប្បីទៅលើគេ នឹងនាំឱ្យអាប់ឱនកិត្តិយស។
៣.កែប្រែដោយគ្មានការរីកចម្រើន ៖ កត្តានេះ អ្នកនយោបាយ ឬប្រធានគណបក្សនីមួយៗ មុននឹងកែច្បាប់ លក្ខន្តិកៈ គួរសម្លឹងទៅអនាគត កុំគិតតែបច្ចុប្បន្ន។ បើកែទៅបានរីកចម្រើន សឹមកែ តែបើធាក់ថយ ខាតបង់ គួរកុំកែល្អជាង។
៤.សាកសួរគេដោយគ្មានវត្ថុបំណង ៖ បណ្ឌិត បញ្ញវន្ត អ្នកនយោបាយ មុននឹងសួរបុគ្គលណាម្នាក់ ត្រូវគិតថា “សួរដើម្បី អ្វី?” សូម្បីតែសួរថា “បងប្អូនសុខសប្បាយជាទេ?” បើអ្នកស្រុកឆ្លើយថា “សុខតែកាយ តែមិនសប្បាយចិត្ត” ត្រូវអ្នកសួរយក ចម្លើយនោះមកពិចារណា មានដំណោះស្រាយបន្ទាន់ មិនមែនសួររួច ដើរចេញឆ្កុយនោះទេ។
៥.ទុកចិត្តមនុស្សមិនស្គាល់ប្រវត្តិ ៖ រាជសីហ៍ យល់ព្រមទទួលចចក ជាមិត្ត ដោយមិនបានតាមដានពុតត្បុតរបស់ចចក ទីបំផុត រាជសីហ៍ល្ងង់នោះ ក៏ក្លាយជាចំណីចចក។ យ៉ាងណាមិញ បណ្ឌិត បញ្ញវន្ត អ្នកនយោបាយ មុននឹងទទួលបុគ្គលណាជា មិត្ត គួរតាមដានប្រវត្តិរូបឱ្យច្បាស់សិន ទើបមិនស៊យស៊ុន។
៦.ធ្វើខ្មាំងសត្រូវជាមួយមិត្តសម្លាញ់ ៖ កត្តានេះសំខាន់ណាស់ ខណៈដែលបណ្ឌិត បញ្ញវន្ត អ្នកនយោបាយ បានឡើងទៅ ដល់ទីខ្ពស់ មានបុណ្យស័ក្តិថ្កុំថ្កើង ស្រាប់តែភ្លេចមិត្តភក្តិធ្លាប់កម្សត់អត់ឃ្លានជាមួយគ្នា។ លុះមិត្តនោះអាក់អន់ចិត្ត ក៏រិះគន់ បន្តុះបង្អាប់ ឬប្រឆាំងជំទាស់ដោយប្រការណាមួយ ដែលភាសាសាមញ្ញថា “ត្រកួនភ្លេចបឹង” បានត្រឹមអន្តរាយកេរ្តិ៍ឈ្មោះ។
គុណវិបត្តិទាំង៦យ៉ាងនេះ ព្រះពុទ្ធអង្គតម្រូវឱ្យវៀរចាក ពោលគឺ១-កុំឆាប់ខឹង ខ្វះការពិចារណា ២-ត្រូវនិយាយតែ ពាក្យពីរោះ ផ្អែមល្ហែម ៣-កែប្រែច្បាប់លក្ខន្តិកៈ ត្រូវឱ្យមានការរីកចម្រើនគ្រប់វិស័យ ៤-កុំសេពគប់មនុស្សអែបអប ឡេមឡឺម គិតតែប្រយោជន៍ផ្ទាល់ខ្លួន ៥-ត្រូវសួរយោបល់មនុស្សជុំវិញខ្លួន ដោយមានវត្ថុបំណងច្បាស់លាស់ និង៦-មិនត្រូវបោះបង់មិត្តភក្តិ ដែលធ្លាប់រាប់អានគ្នាពីមុន។
ដូច្នេះយើងឃើញថា សម្រាប់មនុស្សល្ងង់ពីកំណើត ឬល្ងង់សព្វជាតិ គ្មានអ្នកណាប្រកាន់ទេ ព្រោះដឹងថា ខួរក្បាលគ្នា អន់ ប៉ុន្តែ បើអ្នកចេះដឹង ធ្វើឱ្យមានគុណវិបត្តិទាំង៦យ៉ាងនេះកើតឡើង ច្បាស់ជាគេប្រកាន់ធ្ងន់ណាស់។ អ្នកចេះដែលមហាជន មើលឃើញថា ល្ងង់ មាន៣យ៉ាងទៀត គឺល្ងង់មិនដឹងអ្វីទាំងអស់១ ល្ងង់ដឹងខុសពីការដែលខ្លួនដឹង១ និងល្ងង់ដឹងផ្សេងពីការ ដែលខ្លួនត្រូវដឹង១។ ល្ងង់ ៣យ៉ាងនេះ មាននៅក្នុងខួរក្បាលបណ្ឌិត បញ្ញវន្ត អ្នកនយោបាយ ដែលយើងមិនចាំបាច់ពន្យល់។ ទោះយ៉ាងណា រឿងល្ងង់នេះ សូម្បីតែព្រះអរហន្ត ក៏មានល្ងង់ដែរ ឧទាហរណ៍ដូចជំនាន់ពុទ្ធកាល នៅក្នុងវត្តជេតពន មាន បង្គន់ ឬ “វច្ចកុដិ” តែ១ សម្រាប់ព្រះសង្ឃដោះទុក្ខសត្វ (ជុះ)។ កាលនោះ មានសាមណេរ ១អង្គ ទៅឈររង់ចាំចូលបង្គន់ លុះមានភិក្ខុសង្ឃ ១អង្គមកដល់ ក៏ដណ្តើមចូលបង្គន់មុន ទុកឱ្យលោកនេននោះ ឈរចាំ។ លុះភិក្ខុអង្គនោះចេញមកវិញ ក៏ មានភិក្ខុមួយអង្គទៀតមកដល់ អាងខ្លួនចាស់វស្សា ក៏ដណ្តើមចូលបង្គន់ ទុកឱ្យលោកនេននោះ ឈរចាំរហូតដល់ឈឺពោះ រាន់ខ្លាំងពេក ខំប្រឹងទប់មិនឱ្យលាមកចេញបាន ក៏ដួលសន្លប់នៅមុខបង្គន់ បានជ្រាបទៅដល់ព្រះពុទ្ធអង្គ។ រឿងបង្គន់នេះ ជាដើមចម នាំឱ្យព្រះពុទ្ធដាក់វិន័យសិក្ខាបទថា “លោកសង្ឃណាមកដល់មុន ត្រូវចូលមុន មិនឱ្យអាងចាស់វស្សា ឬជាអរហន្ត នោះទេ”។ វិន័យសិក្ខាបទរឿងបង្គន់ ចង់បង្ហាញថា សូម្បីអង្គអរហន្ត អាចហោះហើរដើរលើអាកាសបាន ក៏ល្ងង់ដែរ គឺល្ងង់ ត្រង់ដណ្តើមចូលបង្គន់មុន ទុកឱ្យលោកនេនឈរចាំរហូតដួលសន្លប់។ ចុះទម្រាំបណ្ឌិត បញ្ញវន្ត អ្នកនយោបាយ ជាបុថុជ្ជន តើ ល្ងង់យ៉ាងណាទៅ?
សរុបទៅ “មនុស្សល្ងង់ មានគុណវិបត្តិ ៦យ៉ាង” មានន័យយ៉ាងនេះឯង។ ហេតុនេះ សម្រាប់មនុស្សល្ងង់សព្វជាតិ ឡឺកឺ មិនគ្រប់ទឹកគ្មានអ្នកណាប្រកាន់ទេ ប៉ុន្តែ បើបណ្ឌិត បញ្ញវន្ត អ្នកនយោបាយ មានចំណេះជំនាញណែនខ្លួន បែរជាបណ្តោយ ឱ្យគុណវិបត្តិទាំង៦នេះ ចូលខ្លួនបាន នឹងនាំឱ្យថយសិរីសួស្តី អាប់ឱនកិត្តិយសមិនខានឡើយ…៕
ដោយ អាចារ្យថាំ