ខេត្តកំពង់ធំ ៖ យុវជនឈាមរាវចិត្តក្តៅម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងមិត្តភក្តិរួមការងារម្នាក់ទៀត ពីរឿងដើរជាន់ជើង រួចក៏ចងគំនុំទុកក្នុងចិត្ត លុះដល់ពាក់កណ្តាលអធ្រាត្រ ឃើញយុវជនរងគ្រោះកំពុងដេកលក់លក់ ក៏ធ្វើសកម្មភាពទាញកំបិតកកុកកាប់ប្រហារ បណ្តាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងយ៉ាងរន្ធត់។
ករណីមនុស្សឃាតដោយចេតនាផ្តើមឡើងពីទំនាស់ពាក្យសម្តីតិចតួចខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង០៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះស្នាក់នៅរបស់កម្មករ ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន។
ជនដៃដល់ជាឃាតករដែលកាប់សម្លាប់មិត្តភក្តិរួមការងារយ៉ាងឃោរឃៅនេះ មានឈ្មោះចៀន សុខចាន់ ហៅចាន់រះ អាយុ២២ឆ្នាំ។ ចំណែកជនរងគ្រោះ មានឈ្មោះយាត សុផល អាយុ២៣ឆ្នាំ។ អ្នកទាំង២គឺជាកម្មកររោងពុម្ភ ស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះរបស់ថៅកែឈ្មោះ តាំង ផេង ភេទប្រុស នៅភូមិកំពង់ធំ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន និងមានស្រុកកំណើតនៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ជាមួយគ្នា។
តាមប្រភពពីពីមិត្តភក្តិរួមការងារ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ និងជនដៃដល់ គឺជាអ្នកភូមិជាមួយគ្នា និងបានមកធ្វើការជាកម្មកររោងពុម្ពនៅទីតាំងកើតហេតុខាងលើជាមួយគ្នាមួយរយៈមកហើយ តែមិនធ្លាប់កើតមានទំនាស់ពាក្យសម្តីអ្វី ឬអាក់អន់ស្រពន់ចិត្តអ្វីនឹងគ្នាសោះឡើយពីមុនមក។ ជារៀងរាល់យប់ កម្មករក្នុងរោងពុម្ពទាំងអស់ មានគ្នា១០នាក់ រួមទាំងជនរងគ្រោះ និងជនដៃដល់ផង បាននាំគ្នាដេកនៅក្នុងមុង ជាមួយគ្នា។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ខណៈដែលជនរងគ្រោះភ្ញាក់ពីដំណេក ក្រោកដើរចេញពីមុង មិនប្រយ័ត្ន ក៏បានជាន់ចំជើងរបស់ជនដៃដល់ ធ្វើឱ្យជនដៃដល់ខឹង ក៏កើតជាជំលោះពាក្យសម្តីគ្នាមួយប៉្រាវ រួចក៏ត្រូវមិត្តភក្តិ ផ្សេងទៀត ជួយឃាត់ សម្របសម្រួល ទើបស្ងាត់មាត់រៀងខ្លួន រួចក៏បានរៀបចំខ្លួនចូលបំពេញការងារជាមួយគ្នាតាមធម្មតា ដោយគ្រាន់តែពេញមួយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ជនរងគ្រោះ និងជនដៃដល់ បានតមមាត់តមកជាមួយគ្នា ព្រោះតែអាក់អន់ស្រពន់ចិត្តរៀងៗខ្លួន ហើយ គ្មានអ្នកណាម្នាក់នឹកស្មានដល់ទាល់តែសោះថា គ្រាន់តែរឿងជាន់ជើងតិចតួចសោះ ធ្វើឱ្យជនដៃដល់ខឹងសម្បា ដល់ថ្នាក់ចងគំនុំទុកក្នុងចិត្ត រហូតដល់រកឱកាសផ្តាច់យកជីវិតរបស់ជនរងគ្រោះបែបនេះសោះ។
ប្រភពខាងលើ បានបញ្ជាក់ថា លុះដល់យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្រោយពីហូបបាយល្ងាចរួច ក្រុមកម្មករទាំង១០នាក់ រួមមាន ទាំងជនដៃដល់ និងជនរងគ្រោះផង បាននាំគ្នាចូលកន្លែងដេករៀងៗខ្លួន។ រហូតដល់ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ខណៈដែលម្នាក់ៗបានដេកលង់លក់អស់ ស្រាប់តែជនដៃដល់ ក៏បានក្រោកពីដំណេក ទៅទាញកាំបិតកកុក មកធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះទាំងកំរោល បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងគួរឱ្យរន្ធត់តែម្តង។
ក្រោយពីធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះរួចហើយ ជនដៃដល់ជាឃាតករ បានព្យាយាមរត់គេចខ្លួន ប៉ុន្តែភ្លាមៗនោះ ត្រូវបានមិត្តភក្តិរួមការងារ បាននាំគ្នាដេញតាមចាប់ជនដៃដល់បាន នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្តាត់ដំរីជាន់ខ្លា រួចក៏ប្រគល់ខ្លួនជនដៃដល់ទៅឱ្យសមត្ថ កិច្ចដើម្បីចាត់ការតាមច្បាប់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាឃាតករដៃឆៅ បានឆ្លើយសារភាពថា រូបគេពិតជាបានកាប់សម្លាប់ជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែរូបគេខឹងនឹងរឿងជនរងគ្រោះដើរជាន់ជើង និងឈ្លោះជាមួយរូបគេតាំងពីព្រឹកព្រលឹម រហូតដល់រូបគេចងគំនុំក្នុងចិត្ត រកឱកាសល្អបាន ក៏សម្លាប់ជនរងគ្រោះចោលតែម្តង។
ជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តកំពង់ចាម ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕