ភ្នំពេញ ៖ យុវជនជាជាងកញ្ចក់ម្នាក់ បានដាក់ជណ្តើរដែកឡើងទៅស្វានចាប់កញ្ចក់បង្អួចដោយខ្វះការប្រុងប្រយ័ត្ន មិនបានមើលក្រោម ក៏ដាក់ជណ្តើរដែកកិនពីលើខ្សែភ្លើង បណ្តាលឱ្យដាច់រលាត់ឆ្លងចរន្តឆក់សន្លប់ស្តូកស្តឹង និងត្រូវគេដឹកបញ្ជូនទៅសង្គ្រោះជីវិតភ្លាមៗដែរ តែត្រូវគ្លីនិក ឯកជនចំនួន២ បានបដិសេធមិនទទួលព្យាបាលជនរងគ្រោះ ទីបំផុត ទម្រាំដឹកដល់មន្ទីរពេទ្យរដ្ឋ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍ជាងកញ្ចក់ឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអធ័មនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
យុវជនរងគ្រោះ ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះសុខ លីអេង អាយុ២០ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅផ្ទះថៅកែ ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិព្រែកជ្រៃ ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល។
តាមសម្តីយុវជនឈ្មោះស៊ី ឆាយ អាយុ២២ឆ្នាំ មុខរបរជាងកញ្ចក់ ធ្វើការជាមួយជនរងគ្រោះ ដែលប្រទះឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេ និងជនរងគ្រោះបាននាំគ្នាចេញទៅដាក់កញ្ចក់នៅផ្ទះល្វែង១កន្លែង ស្ថិតនៅចំណុចភូមិខាង លើ។ លុះពេលទៅដល់ ជនរងគ្រោះក៏បានដាក់ជណ្តើរដែកដើម្បីឡើងទៅស្វានរន្ធចាប់កញ្ចប់បង្អួច នៅជាន់ទី១ ប៉ុន្តែដោយសារតែមិនបាន មើលគ្រប់ជ្រុងជ្រោយ ទើបធ្វើឱ្យជណ្តើរដែកនោះ បានគងសង្កត់ពីលើខ្សែភ្លើង លុះពេលជនរងគ្រោះឡើងជណ្តើរ ធ្វើឱ្យទម្ងន់សង្កត់ខ្សែភ្លើងកកិតនឹងខ្សែភ្លើងដាច់រលាត់ ក៏ឆ្លងចរន្តតាមជណ្តើរដែក ឆក់ជនរងគ្រោះតែម្តង។
ប្រភពដដែលបន្តថា នៅពេលឃើញជនរងគ្រោះកំពុងឆក់ខ្សែភ្លើង និងស្រែកឱ្យជួយភ្លាមនោះរូបគេ ជាអ្នករួមការងារជាមួយ បានស្ទុះទៅចាប់កន្ត្រាក់ជនរងគ្រោះចេញពីជណ្តើរ ធ្វើឱ្យជនរងគ្រោះបានសន្លប់បាត់មាត់បាត់កទៅហើយ ប៉ុន្តែនៅមិនទាន់ដាច់ដង្ហើមនៅឡើយ ទើបរូបគេប្រញាប់លើកជនរងគ្រោះដាក់លើរ៉ឺម៉កម៉ូតូ ដឹកបញ្ជូនទៅគ្លីនិកឯកជនចំនួន២កន្លែងនៅតាមផ្លូវខាងលើ ប៉ុន្តែគ្មានគ្លីនិកណាមួយព្រម ទទួលសង្គ្រោះជនរងគ្រោះឡើយ។ បន្ទាប់មក ទើបរូបគេ បានដឹកជនរងគ្រោះទៅផ្ទះថៅកែកញ្ចក់ និងបានដឹកតាមរថយន្តរបស់ថៅកែយកទៅ សង្គ្រោះបន្តនៅមន្ទីពេទ្យព្រះកុសុមៈ ប៉ុន្តែអកុសល ពេលដឹកមកដល់ គ្រូពេទ្យពិនិត្យរួច បានបញ្ជាក់ប្រាប់ថា មិនអាចសង្គ្រោះបានទេ ព្រោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបថៅកែកញ្ចក់បានរាយការណ៍តាមទូរស័ព្ទទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយចុះមកពិនិត្យសពនៅកន្លែងតម្កល់ទុក ក្នុងមន្ទីពេទ្យព្រះកុសុមៈតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីប្រាកដមែន។ ចំណែកក្រុមគ្រួសារសព ក៏មិនបានធ្វើការប្តឹងផ្តល់អ្វីដែរ គ្រាន់តែសម្តែងនូវអារម្មណ៍តូចចិត្តចំពោះគ្លីនិកឯកជនទាំង២ខាងលើ ដែលមិនព្រមជួយសង្គ្រោះបឋមដល់ជនរងគ្រោះ រហូតបណ្តាលឱ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មបែបនេះ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តកណ្តាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕