ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលទទួលរងការចោទប្រកាន់ពីសំណាក់បុរសជាប្តីថា បានលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយកូនប្រុសចិញ្ចឹម និងដឹកដៃគ្នាឡើងផ្ទះសំណាក់រួមរ័ក ហើយត្រូវបុរសជាប្តីអះអាងប្រាប់ដល់សារព័ត៌មានចុះផ្សាយព្រោងព្រាត កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានចេញមុខបកស្រាយ និងច្រានចោលរាល់ការចោទប្រកាន់ពីសំណាក់បុរសជាប្តី ដោយអះអាងថា រឿងនេះមិនមានការពិតទាល់តែសោះ និងជាការប្រឌិតព័ត៌មាន ដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់គាត់ជាប្រពន្ធប៉ុណ្ណោះ។
ស្ត្រីជាប្រពន្ធដែលត្រូវបុរសជាប្តីប្រឌិតព័ត៌មានចោទប្រកាន់ ថាមានទំនាក់ទំនងស្នេហាជាមួយកូនប្រុសចិញ្ចឹមខ្លួនឯងនោះ មានឈ្មោះថុន គឹមសេង អាយុ៤៤ឆ្នាំ មានលំនៅផ្ទះលេខ១៣ ផ្លូវលេខ៥០៨ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ចំណែកបុរសជាប្តី មានឈ្មោះគឹម សុវណ្ណារ៉ា មុខរបរជាពេទ្យយោធា។ ដោយឡែក កូនប្រុសចិញ្ចឹមដែលទទួលរងការចោទប្រកាន់ មានអាយុ២៨ឆ្នាំ។
យោងតាមលិខិតសុំកែតម្រូវរបស់ស្ត្រីឈ្មោះថុន គឹមសេង បានរៀបរាប់ទាំងស្រុងដូចខាងក្រោម ៖
លោកស្រីថុន គឹមសេង ភេទស្រី អាយុ៤៤ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣ ផ្លូវលេខ៥០៨ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខទូរស័ព្ទ ០១២ ៧៣ ៤៤ ៥៥។
នាងខ្ញុំមានកិត្តិយស សូមអនុញ្ញាតជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មានការចុះផ្សាយព័ត៌មានដែលមានចំណងជើងថា “ប្រពន្ធនាំកូនប្រុសចិញ្ចឹមរួមរ័កនៅផ្ទះសំណាក់ ប្តីតាមទាន់” នៅលើទំព័រកាសែត “នគរធំ” ដោយមានខ្លឹមសារថា ៖
តាមសម្តីបុរសជាប្តី ដែលសុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធ បានរួមរស់នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបង្កើតបានកូនប្រុសម្នាក់ អាយុ៦ឆ្នាំកន្លះ។ ក្រោយមក ប្តីប្រពន្ធគាត់បានយកក្មេងប្រុសម្នាក់ អាយុ១៦ឆ្នាំមកចិញ្ចឹមទុកដូចកូនបង្កើត ដោយទំនុកបម្រុងយ៉ាងដិតដល់ តែមិននឹកស្មានថា ចុងក្រោយបែរជាកូនប្រុសចិញ្ចឹម ដែលសព្វថ្ងៃនេះ មានអាយុ២៨ឆ្នាំទៅហើយនោះ ហ៊ានលូកថ្លើមគាត់ជាឪពុកចិញ្ចឹម ដោយលួចលាក់មានទំនាក់ទំនងសហាយស្មន់ជាមួយម៉ែចិញ្ចឹមខ្លួនឯងបែបនេះសោះ។
បុរសជាប្តី បានបន្តថា គាត់ដឹងមិនច្បាស់ថា រវាងកូនចិញ្ចឹម និងប្រពន្ធរបស់គាត់ បានលួចលាក់ទាក់ទងបង្កាត់ភ្លើងស្នេហ៍ ក្លាយជាគូសហាយស្មន់នឹងគ្នាតាំងពីពេលណាមកទេ។ ប៉ុន្តែកន្លងមក ដោយសារតែមើលឃើញចរិត ប្ញកពាទំនាក់ទំនងរវាងម៉ែ និងកូនចិញ្ចឹមនេះ ហាក់ស្អិតល្មួតខុសធម្មតា លើសពីទំនាក់ទំនង ម៉ែនិងកូន ទើបគាត់បានឆែកមើលតាមរយៈកាំមេរ៉ាសុវត្ថិភាពក្នុងផ្ទះរបស់គាត់ ស្រាប់តែប្រទះឃើញកូនចិញ្ចឹមគាត់ បានលួចរួមរ័កជាមួយប្រពន្ធរបស់គាត់នៅក្នុងផ្ទះ ធ្វើឱ្យគាត់ឈឺចិត្តស្ទើរក្អួតឈាមស្លាប់។
បុរសជាប្តី បានឱ្យដឹងទៀតថា នៅពេលដែលឃើញរូបភាពសហាយស្មន់ខាងលើនេះ ហើយគាត់ក៏មិនទាន់បញ្ចោញប្រតិកម្មអ្វីដែរ ស្រាប់តែមិនបានប៉ុន្មានផង ក៏ឃើញកូនចិញ្ចឹមរបស់គាត់ មានកាំភ្លើងមួយដើម ម៉ាក K59 មិនដឹងជាបានមកពីណាទេ និងធ្លាប់បានយកមកគំរាមទារប្រាក់ពីគាត់អស់ចំនួនសរុប៧ម៉ឺនដុល្លារទៀតផង ហើយគាត់បានទៅប្តឹងសមត្ថកិច្ចដែរ ប៉ុន្តែគ្មានវិធានការនៅឡើយ។ មិនតែប៉ុណ្ណោះ ប្រពន្ធនិងកូនចិញ្ចឹមគាត់ ធ្លាប់បានទិញថ្នាំញៀនយកមកជក់ជាមួយនៅក្នុងផ្ទះទៀតផង ហើយបាននាំគ្នាចាកចេញពីផ្ទះរយៈ ពេល៣ខែមកហើយ ដោយនាំយកកូនតូចទៅជាមួយដែរ មិនដឹងថាទៅស្នាក់នៅកន្លែងណាទេ ទើបគាត់បានព្យាយាមតាមស្វែងរក និងថែមទាំងបានជួលម៉ូតូឌុបឱ្យតាមរកទៀតផង។
បុរសជាប្តី បានបញ្ជាក់ថា ស្រាប់តែមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ អ្នករត់ម៉ូតូឌុបបានទូរស័ព្ទ ប្រាប់គាត់ថា គេបានប្រទះឃើញប្រពន្ធ និងកូនចិញ្ចឹមរបស់គាត់ បានដឹកដៃគ្នាចូលទៅផ្ទះសំណាក់ព្រៃ ស្ថិតនៅក្នុងសង្កាត់ ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។ បន្ទាប់ពីទទួលដំណឹងបែបនេះ ភ្លាម គាត់ក៏បានចុះទៅដល់ផ្ទះសំណាក់ និងសុំម្ចាស់ផ្ទះសំណាក់ចូលទៅមើលប្រពន្ធរបស់គាត់ ប៉ុន្តែម្ចាស់ផ្ទះសំណាក់មិនអនុញ្ញាតឱ្យចូលទៅរុករកទេ ព្រោះខ្លាចប៉ះពាល់ដល់ភ្ញៀវផ្សេងទៀត ទើបគាត់មិនសុខចិត្តក៏ប្តឹងសមត្ថកិច្ចឱ្យ ចុះមកជួយអន្តរាគមន៍តែម្តង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថា ប្រពន្ធនិងកូនចិញ្ចឹមនាំ គ្នាឡើងផ្ទះសំណាក់ភ្លាម បុរជាប្តីក៏តាមចូលទៅសុំម្ចាស់ផ្ទះសំណាក់ដើម្បីរកប្រពន្ធ តែត្រូវភាគីផ្ទះសំណាក់ប្រកែកមិនព្រមឱ្យចូល ព្រោះបុរសជាប្តី មិនបានដឹងច្បាស់ថា ស្ត្រីជាប្រពន្ធនិងកូនចិញ្ចឹម ស្នាក់នៅបន្ទប់មួយណាឱ្យពិតប្រាកដ បើចូលទៅឆែកឆេរ នឹងធ្វើឱ្យផ្អើលដល់ភ្ញៀវដែលចូលទៅសម្រាកនៅផ្ទះសំណាក់។ បន្ទាប់មកបុរសជាប្តី បានរាយការណ៍ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឱ្យចុះមកអន្តរាគមន៍ តែត្រូវខាងម្ចាស់ផ្ទះសំណាក់មិនព្រមឱ្យចូលទៅឆែកឆេរតាមបន្ទប់ដដែល ព្រោះខ្លាចប៉ះពាលដល់ភ្ញៀវរបស់គេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប្រាប់ទៅបុរសជាប្តីថា ចាំព្រឹកឡើង ចាំសមត្ថកិច្ចនឹងជួយទំនាក់ទំនងខាងម្ចាស់ផ្ទះសំណាក់ ដើម្បី ឆែកកាមេរ៉ាសុវត្ថិភាពឱ្យ។
ទាំងនេះ គឺសុទ្ធសឹងតែជារឿងប្រឌិតទាំងស្រុង ពីព្រោះថា ក្មេងប្រុសម្នាក់អាយុ១៦ឆ្នាំ ដែលបានយកមកចិញ្ចឹម រហូតមកដល់បច្ចុប្បន្ន មានអាយុ២៨ឆ្នាំ ពុំមែននាងខ្ញុំជាអ្នកយកមកចិញ្ចឹមឡើយ គឺឈ្មោះគឹម សុវណ្ណារ៉ា ជាអ្នកសុំយកមករស់នៅជាមួយដោយខ្លួនឯង ហើយក្មេងប្រុស នេះពុំបានប្រព្រឹត្តអំពើដូចបានចោទប្រកាន់ឡើយ។ នាងខ្ញុំពុំដែលធ្លាប់ស្គាល់ផ្ទះសំណាក់ព្រៃ ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដូចកាសែតបានចុះផ្សាយឡើយ។ ម៉្យាងទៀត កូនចិញ្ចឹមគ្រាន់តែជាពលរដ្ឋធម្មតា គ្មានតំណែងដែលត្រូវកាន់កាំភ្លើងខ្លី ម៉ាក K59 នោះទេ រីឯការ គំរាមយកប្រាក់ក៏ជាព័ត៌មានមិនពិតដែរ។ នាងខ្ញុំជាស្ត្រីដែលត្រូវមមាញឹកនឹងការងារ ដើម្បីទ្រទ្រង់គ្រួសារទាំងមូល ជាពិសេស គឺផ្គត់ផ្គង់កូនអាយុ៦ឆ្នាំ គ្មានពេលវេលា និងគ្មានប្រាក់ឯណាយកទៅទិញថ្នាំញៀននោះទេ។ ផ្ទុយទៅវិញ ពុំមានភ័ស្តុតាងណាមួយ ដែលបញ្ជាក់ថា នាងខ្ញុំបានប្រព្រឹត្ត ដូចដែលបានផ្សព្វផ្សាយក្នុងព័ត៌មានខាងលើឡើយ។
គូសបញ្ជាក់ថា ៖ រូបភាពដែលបានថតនៅក្នុងកាមេរ៉ា ដែលបានផ្សព្វផ្សាយនៅក្នុងព័ត៌មានខាងលើ គឺពុំបានបង្ហាញថានាងខ្ញុំបានរួមរ័កជាមួយកូនចិញ្ចឹមនោះទេ។ ដោយឡែកប្រសិនបើអំពើនេះមានពិតមែន ហេតុអ្វីព័ត៌មានមិនបញ្ចោញវីដេអូ ដែលគឹម សុវណ្ណារ៉ា បានអះអាង? ជាងនេះទៅទៀត ការលើកឡើងរបស់លោកគឹម សុវណ្ណារ៉ា ជាការមួលបង្កាច់ទាំងកំរោលចំពោះនាងខ្ញុំ ពីព្រោះថា ពុំមានការសម្រេចរបស់តុលាការ ថា នាងខ្ញុំបានមានសហាយស្មន់ជាមួយកូនចិញ្ចឹមឡើយ។ ម៉្យាងវិញទៀត នាងខ្ញុំសុំបញ្ជាក់ថា ឈ្មោះគឹម សុវណ្ណារ៉ា ជាប្តីរបស់នាងខ្ញុំ ហើយពុំដែលផ្តល់សុភមង្គលឱ្យនាងខ្ញុំ និងក្រុមគ្រួសារម្តងណាឡើយ គាត់តែងតែរករឿងឈ្លោះប្រកែកពុំដែលលោះថ្ងៃ។ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នាងខ្ញុំមិនអាចទ្រាំទ្រនឹងការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តមកលើរូបនាងខ្ញុំបន្តទៅទៀត ទើបនាងខ្ញុំដាក់ពាក្យប្តឹងលែងលះទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ។ ដើម្បីឡើយ លោកគឹម សុវណ្ណារ៉ា តែងតែរិះរកគ្រប់មធ្យោបាយដើម្បីយាយីនាងខ្ញុំ ប៉ុន្តែនៅតែមិនអាចបង្អាក់ ដំណើរការក្នុងការដាក់ពាក្យបណ្តឹងរបស់នាងខ្ញុំអំពីការលែងលះ ទើបឈ្មោះគឹម សុវណ្ណារ៉ា ដាក់ពាក្យបណ្តឹងទៅតុលាការមកលើរូបនាងខ្ញុំ ដោយចោទប្រកាន់ថានាងខ្ញុំពីបទស្មន់។ ដោយឡែកការប្តឹងផ្តល់របស់គាត់ ពុំត្រឹមត្រូវមកលើនាងខ្ញុំ តែបែរជាបន្ទោស មើលងាយរិះគន់តុលាការ ថាគ្មានចំណាត់ការចំពោះពាក្យបណ្តឹងរបស់គាត់ទៅវិញ បន្ទាប់មកទើបឈ្មោះគឹម សុវណ្ណារ៉ា មានចេតនា ទុច្ចរិត ផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដើម្បីបង្កាច់បង្ខូចតាំងរូបនាងខ្ញុំ និងស្ថាប័នមានសមត្ថកិច្ច។ នេះជាទង្វើដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល សេរីភាព នាម កេរ្តិ៍ឈ្មោះ កិត្តិយស ភាពឯកជនរបស់នាងខ្ញុំ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចជាខ្លាំង…៕