ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ បានកើតមានជំងឺរ៉ាំរ៉ៃព្យាបាលរាប់ឆ្នាំមកហើយ និងទើបចេញពីមន្ទីរពេទ្យបានប្រមាណ៧ថ្ងៃ ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។
បុរសរងគ្រោះ ដែលចងកធ្វើអត្តឃាត មានឈ្មោះចេក ប៉ក់ អាយុ៦៥ឆ្នាំ មានប្រពន្ធឈ្មោះឈុំ ផាន់ អាយុ៦៦ឆ្នាំ និងមានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់បានកើតមានជំងឺប្រចាំកាយរ៉ាំរ៉ៃជាយូរឆ្នាំមកហើយ ហើយកន្លងមក ក្រុមគ្រួសារធ្លាប់នាំទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលដែរ តែមិនឃើញលទ្ធផលសោះ។ ក្រោយមក មួយរយៈមុននេះស្ថានភាពជំងឺរបស់ប្តីគាត់ ហាក់ធ្វើទុក្ខខ្លាំង ទើបពួកគាត់ជាប្រពន្ធកូន បាននាំប្តីទៅសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ធំ និងទើបតែចេញពីពេទ្យវិញបានរយៈពេល ប្រមាណ៧ថ្ងៃប៉ុណ្ណោះ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ប្តីរបស់គាត់បានត្អូញប្រាប់ថា គាត់ពិបាកដកដង្ហើមណាស់ ហើយក៏បានទារចុះមកដេកនៅក្រោមផ្ទះ ទើបគាត់ជាប្រពន្ធបានចុះមកដេកជាមួយ។ ស្រាប់តែមកដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅពេលដែលគាត់ភ្ញាក់ពីដំណេក ក៏ស្រាប់តែបាត់ប្តី ទើបគាត់បានស្រែកហៅកូនៗ និងបងប្អូន ដែលរស់នៅជិតខាងឱ្យជួយដើររកមើល ស្រាប់តែប្រទះឃើញប្តីរបស់គាត់បានចងកនឹងខ្សែគោ ជាប់ទៅនឹងដើមស្វាយទម្លាក់ខ្លួនទៅក្នុងស្រះទឹក ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្រញាប់ជួយគ្នាស្រាយចំណងទម្លាក់ចុះក្រោម បំណងជួយសង្គ្រោះ តែអកុសលប្តីគាត់បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលបានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យទីកន្លែងកើតហេតុឃើញថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួននឹងខ្សែគោទៅនឹងដើមស្វាយក្បែរមាត់ស្រះទឹកប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះតូចចិត្តនឹង កើតមានជំងឺប្រចាំកាយរ៉ាំរ៉ៃព្យាបាលមិនជា។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕