ខេត្តព្រៃវែង ៖ យុវជនម្នាក់ បានទៅចូលរួមហូបចុកផឹកស៊ីនៅក្នុងពិធីចូលរោងការកូនអ្នកភូមិ លុះក្រោយពីផឹកស៊ីស្រវឹង ឡើងរាំលេងសប្បាយជាមួយមិត្តភក្តិ ស្រាប់តែកើតមានទំនាស់ពាក្យសម្តីជាមួយនឹងក្មេងស្ទាវមួយក្រុមដែលជាភ្ញៀវខាងកូនកំលោះ និងត្រូវក្រុមក្មេងស្ទាវទាំងនោះព្រួតគ្នាកាប់ប្រហារ បណ្តាលឱ្យយុវជនរងគ្រោះ រងរបួសដាច់រយះត្រង់កញ្ចឹងកយ៉ាងធំ ស្ទើរនឹងដាច់កទៅហើយ។
ករណីអំពើហិង្សាដ៏ឃោរឃៅនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចពិធីចូលរោងការមួយកន្លែង ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ។
យុវជនរងគ្រោះ ដែលត្រូវក្មេងទំនើងកាប់បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះចេន ភា អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ រងរបួសកញ្ចឹងក ខាងក្រោយត្រចៀកឆ្វេង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ អ្នកភូមិម្នាក់ឈ្មោះជួន ជាម បានរៀបចំពិធីសូត្រមន្តចូលរោងការកូនស្រី ដោយបានអញ្ជើញញាតិមិត្ត និងអ្នកភូមិចូលរួមយ៉ាងច្រើន។ លុះយប់ឡើង ក៏មានការជួបជុំ ផឹកស៊ី និងចាក់ធុងបាស់ដើម្បីឱ្យអ្នកភូមិរាំលេងកម្សាន្តផងដែរ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គេឃើញជនរងគ្រោះនិងមិត្តភក្តិនៅក្នុងភូមិ បាននាំគ្នាឡើងរាំលេងយ៉ាងសប្បាយ ស្រាប់តែក្រោយមក ក៏កើតមានទំនាស់ពាក្យសម្តីជាមួយនឹងក្រុមក្មេងស្ទាវ១ក្រុមទៀត ដែលគេសង្ស័យថាជាក្រុមភ្ញៀវរបស់កូនកំលោះ បន្ទាប់មកក៏ត្រូវក្រុមក្មេងស្ទាវនោះ ព្រួតគ្នាធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យដាច់រយះត្រង់កញ្ចឹងកយ៉ាងធ្ងន់ធ្ងរតែម្តង។
ក្រោយកើតហេតុ ក្រុមជនដៃដល់ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ។
ជុំវិញករណីហិង្សាខាងលើនេះ សមត្ថកិច្ចកំពុងតែស៊ើបអង្កេតស្វែងរកក្រុមជនដៃដល់ទាំងនោះ ដើម្បីចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី៕