ខេត្តបាត់ដំបង ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹង ខឹងរឿងប្រពន្ធកូនហាមមិនឱ្យទៅហូបការកូនអ្នកភូមិ ខ្លាចផឹកស៊ីស្រវឹងក្នុងរោងការ នាំឱ្យខ្មាសគេ បែរជាឈឺចិត្តស្អិតទ្រូង រត់ទៅចងកសម្លាប់ខ្លួនចោលប្រពន្ធកូន កាលពីវេលាម៉ោង៩និង៥៧នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្បាលដំរី ស្ថិតក្នុងភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក។
បុរសគំនិតខ្លីដែលតូចចិត្តនឹងរឿងប្រពន្ធកូនហាមមិនឱ្យទៅស៊ីការគេ បែរជាដាច់ចិត្តចងកធ្វើអត្តឃាត មានឈ្មោះពូក ក្រឹម អាយុ៥៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) គឺជាមនុស្សប្រមឹក តែងដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ទោះជាប្រពន្ធកូនអង្វរក លួងលោម ហាមឃាត់យ៉ាងណាក៏មិនខ្ចីស្តាប់សោះ។ លុះមកដល់ថ្ងៃកើតហេតុ មានអ្នកភូមិបាន រៀបការកូន និងបានអញ្ជើញគ្រួសារគាត់ឱ្យទៅចូលរួមដែរ ហើយពួកគាត់ជាប្រពន្ធកូន នឹកឃើញថា ប្តី (ជនរងគ្រោះ) ចូលចិត្តផឹកស្រវឹងអួទីនួ និយាយស្តាប់គ្នាមិនបានបែបនេះ ទើបមិនចង់ឱ្យទៅចូលរួម ខ្លាចផឹកស៊ីស្រវឹងនាំឱ្យខ្មាសគេ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ប្តីរបស់គាត់បានមកសុំគាត់ទៅហូបការគេ តែគាត់និងកូនៗបានឃាត់ថា មិនបាច់ទៅទេ ឱ្យកូនទៅវិញ ព្រោះខ្លាចទៅផឹកស៊ីស្រវឹងពេញរោងការនាំឱ្យខ្មាសគេ។ គ្រាន់តែពួកគាត់និយាយចប់ ស្រាប់តែប្តី បានដើរចេញពីផ្ទះបាត់ទៅ ហើយគាត់ក៏នឹកស្មានមិនដល់សោះថា គ្រាន់តែរឿងប៉ុណ្ណឹង ធ្វើឱ្យប្តីគិតខ្លីដល់ម្លឹង។
ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា រហូតដល់យប់បន្តិច គាត់ក៏បានដើរតាមរកប្តី ដើម្បីឱ្យមកហូបបាយ ស្រាប់តែប្រទះឃើញប្តីចងកសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឱ្យគាត់ស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ កម្លាំងជំនាញបានចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល បុគ្គលិកជំនាញពេទ្យឃុំ លោកមេឃុំ លោកមេភូមិ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែពណ៌ស ចងកភ្ជាប់នឹងដើមស្វាយ។ មូលហេតុដោយសារតែជនរងគ្រោះ តូចចិត្តនឹងរឿងប្រពន្ធកូនហាមមិនឱ្យទៅស៊ីការ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕