ភ្នំពេញ ៖ យុវជនម្នាក់ កំពុងជិះកង់នៅម្តុំផ្សារដើមគ ប្រទះឃើញជនសង្ស័យឆបោកម៉ូតូមិត្តភក្តិ របស់ខ្លួនអស់២គ្រឿង ជិតមួយឆ្នាំមុន ក៏លោតទៅចាប់ ហើយស្រែកថា ចោរៗ ទើបក្របួចជាប់ ហើយប្រគល់ទៅឱ្យនគរបាលប៉ុស្តិ៍ទឹកល្អក់៣ យកទៅសួរនាំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវម៉ៅសេទុង នៅចំណុចផ្សារដើមគ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ ជនសង្ស័យមានឈ្មោះលី ដារ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីយុវជនជាអ្នកចាប់ជនឆបោក មានឈ្មោះជា ចំរុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជួយលក់គុយទាវម្តាយ ស្នាក់នៅម្តុំឃ្លាំងរំសេវ បានឱ្យដឹងថា កាលពីខែកញ្ញា ឆ្នាំ២០១៧ មិត្តរបស់គេមានឈ្មោះហុង ស្រីល័ក្ខ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ខោអាវនៅផ្សារ អូឡាំពិក ស្នាក់នៅម្តុំឃ្លាំងរំសេវ មិនទាន់បាន មករស់នៅភ្នំពេញនោះទេ គឺនៅខេត្តសៀមរាប ហើយពេលនោះ ម្តាយជនរងគ្រោះ ទើបតែទិញម៉ូតូម៉ាក Zoomer-X បានមួយថ្ងៃ មិនទាន់ទាំងកឹបស្លាកលេខផងនោះ ត្រូវជនឆបោកខ្ចីម៉ូតូនាងជិះមួយភ្លែត ស្រាប់តែយកទៅបាត់ឈឹង តែម្តង។ កន្លងមកថ្មីៗនេះ ជនឆបោកក៏បានរត់មកពីខេត្តសៀមរាប មកភ្នំពេញ បានខ្ចីម៉ូតូ មិត្តភក្តិម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគី Nex ពណ៌ត្រួយចេក មិនចាំស្លាកលេខ ជនឆបោកប្រាប់ថា ខ្ចីមួយភ្លែត យកទៅទិញបាយហូប ស្រាប់តែយកទៅបាត់ ស្រមោលតែម្តង។
ភ្លាមៗនោះដែរជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទឹកល្អក់៣ ចំណែកនារីនៅខេត្តសៀមរាប ក៏ចេញមកនៅភ្នំពេញដែរ។ រហូតដល់ថ្ងៃកើតហេតុខាងលើ រូបគេបានជិះកង់ តាមផ្លូវម៉ៅសេទុង បានប្រទះឃើញជនឆបោក កំពុងតែដើរនៅម្តុំផ្សារដើម-គ ទើបរូបគេក៏ស្ទុះទៅចាប់បាន ហើយស្រែកថាចោរៗ ដើម្បីឱ្យគេជួយចាប់ហើយប្រគល់ទៅឱ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារ ដើមគ ដើម្បីសួរនាំ។ លុះពេលដែលសមត្ថកិច្ច សួរនាំរួចទើបដឹងថា ជនរងគ្រោះបានដាក់ពាក្យ បណ្តឹងនៅទឹកល្អក់៣ ក៏បញ្ចូនជនឆបោកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣វិញ ដើម្បីកសាងសំណុំរឿង រួចបញ្ចូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធី៕