ខេត្តកំពត ៖ យុវជនឈាមរាវម្នាក់ បានទាក់ទងស្គាល់ក្មេងស្រីម្នាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក រួចក៏បានណាត់ជួបក្មេងស្រីរងគ្រោះឱ្យមកជួបនៅក្នុងវត្ត បន្ទាប់មកក៏ធ្វើសកម្មភាពចាប់បង្ខំរំលោភរហូតដល់ដល់បានសម្រេចដល់ទៅ២ដង ធ្វើឱ្យក្មេងស្រីរងគ្រោះសន្លប់បាត់មាត់ឈឹង និងត្រូវក្រុមគ្រួសារតាមរកឃើញ នាំយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកប្រុសព្រានត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។
ករណីប្រុសព្រានឈាមរាវ ចាប់រំលោភក្មេងស្រីរហូតដល់បានសម្រេច២ដង ធ្វើឱ្យក្មេងស្រីសន្លប់ស្តូកស្តឹង បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តព្រៃទប់ ស្ថិតក្នុងភូមិមាត់ពាម ឃុំម៉ាក់ ប្រាង្គ ស្រុកទឹកឈូ។
ប្រុសព្រានល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះឌឿង ឡា អាយុ១៧ឆ្នាំ មុខរបរកម្មករដាក់កន្ត្រកវិល តាមកម្មវិធីបុណ្យទាននានាក្នុងវត្ត មានលំនៅក្នុងភូមិបាក់ត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះអ.ស.អ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចវត្តព្រៃទប់ មានរៀបចំពិធីបញ្ចុះសីមា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។ លុះមកដល់ យប់ថ្ងៃទី១៤ ខែមីនា មានក្រុមកន្ត្រកវិល ដែលក្នុងនោះ មានជនសង្ស័យម្នាក់ផង បានមករៀបចំដាក់កន្ត្រកវិលនៅក្នុងវត្ត ដើម្បីឱ្យអ្នកចូលមកលេងនៅក្នុងពិធីបញ្ចុះសីមា ជិះលេងកម្សាន្តជាថ្នូរនឹងការលក់សំបុត្រ។
ប្រភពដដែលបន្តថា បន្ទាប់មកនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យដែលបានទាក់ទងស្គាល់គ្នាជាមួយក្មេងស្រីរងគ្រោះតាមហ្វេសប៊ុក គាប់ជួនមកដាក់កន្ត្រកវិល នៅក្នុងភូមិឃុំដែលក្មេងស្រីរងគ្រោះខាងលើរស់នៅផង ក៏បានទាក់ទងណាត់ជួបក្មេងស្រីរងគ្រោះនៅ ក្នុងវត្ត។ លុះក្មេងស្រីរងគ្រោះមកជួបមុខ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួងលោមផង ចាប់បង្ខំផង រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេចដល់ទៅ២ដងក្នុងមួយយប់ រហូតធ្វើឱ្យក្មេងស្រីរងគ្រោះសន្លប់បាត់មាត់បាត់ក នៅក្នុងអង្រឹង។
ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីកូនស្រីសុំទៅដើរលេងបុណ្យបញ្ចុះសីមាក្នុងវត្តព្រៃទប់យូរពេក មិនឃើញត្រឡប់មកផ្ទះវិញ ទើបឪពុកម្តាយបងប្អូន នឹកភ័យក៏នាំគ្នាចេញទៅតាមរក។ លុះទៅដល់វត្ត ចែកផ្លូវគ្នាតាមរក ស្រាប់តែប្រទះឃើញក្មេងស្រីរងគ្រោះ ដេកសន្លប់បាត់ស្មារតីនៅក្នុងអង្រឹងក្រោមកន្ត្រកហោះ ទើបក្រុមគ្រួសារប្រញាប់ប្រញាល់ដឹកបញ្ជូនក្មេងស្រីរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់។ ក្រោយមក ឪពុកម្តាយក្មេងស្រីរងគ្រោះ បានប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេច ចំនួន២ដងប្រាកដមែន បន្ទាប់ពីរូបគេបានស្គាល់ក្មេងស្រីរងគ្រោះតាមហ្វេសប៊ុក លុះគាប់ជួនមកដាក់កន្ត្រកវិល ដល់ភូមិរបស់នាង ក៏ណាត់នាងមកជួប រួចលួងលោមរំលោភដល់បានសម្រេចតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕