Friday, April 26, 2024
Homeព័ត៌មានជាតិគូស្នេហ៍កម្សត់ ពង្រត់គ្នាទៅផ្សំដំណេកក្នុងខ្ទមស្រែ

គូស្នេហ៍កម្សត់ ពង្រត់គ្នាទៅផ្សំដំណេកក្នុងខ្ទមស្រែ

ភាពក្រីក្រធ្វើឱ្យមនុស្សហ៊ានបំពានប្រពៃណី ទំនៀមទម្លាប់ ដែលពិបាកបន្ទោស ប៉ុន្តែ បើមានជីវភាពធូរធារ ក៏គ្មានអ្នកណាបំពានប្រពៃណី នោះដែរ វៀរលែងតែព្រាននារី។ យ៉ាងណាមិញ ហេតុតែទាល់ច្រកគ្មានលុយរៀបការ តាមការបង្គាប់របស់ម្តាយខាងស្រី ទើបគូស្នេហ៍កម្សត់ នេះ បានពង្រត់គ្នាទៅផ្សំដំណេកក្នុងខ្ទមស្រែ ដោយប្រឈមនឹងការតាមបំបែករបស់ម្តាយ…។

នាងម៉ុម ឃៀន អាយុ២២ឆ្នាំ កំពុងរួមរស់ជាមួយប្តីអត់ខាន់ស្លា នៅភូមិស្រករ ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង បនារៀបរាប់ថា រូបនាងជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះតឿង ម៉ី អាយុ៥៣ឆ្នាំ។ ដោយសារខ្លួនកំព្រាឪពុកតាំងពីមិនទាន់ដឹងក្តី ទើបនាងឈប់រៀនត្រឹមថ្នាក់ទី៤ ព្រោះតែជីវភាពត្រដាបត្រដួសពេក។ តាំងពីចូលវ័យជំទង់មក នាងតែងចេញដើរស៊ីឈ្នួលជួល ព័ទ្ធគេគ្រប់ច្រកល្ហក រហូតដល់ពេញក្រមុំអាយុ១៩ឆ្នាំ ក៏ចេញទៅស៊ីឈ្នួលកាច់ពោត ដាំដំឡូងមីនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមព្រំដែនកម្ពុជា-ថៃ ដើម្បីរកកម្រៃជួយម្តាយ។ នាងទៅធ្វើការទីនោះបាន១ខែ ក៏បានជួបកំលោះម្នាក់ ឈ្មោះរុន ហី អាយុបងនាង១ឆ្នាំ នៅស្រុកមោងប្ញស្សី ដូចគ្នា ទៅស៊ីឈ្នួលគេដែរ បនារាប់អាន គ្នាយ៉ាងស្និទ្ធស្នាល រហូតឈានដល់សេចក្តីស្នេហា។

លោករុន ហី

ដោយឃ្លាំមើលឃើញថា គេជាមនុស្សល្អមិនចេះជក់ បារី ផឹកស្រា ទើបនាងបាក់ចិត្តអាណិតស្រលាញ់គេទៅ។ ពេលនោះនាងក៏បានប្រាប់គេថា បើស្រលាញ់ស្មោះ ត្រូវចូលដល់ម៉ែទៅ ប៉ុន្តែ ត្រូវប្រុសថ្លៃត្អូញត្អែរថា គ្រួសារគេមានជីវភាពក្រីក្រណាស់ មិនអាចរកលុយរាប់ពាន់ដុល្លារ រៀបការបានឡើយ សូម្បីតែលុយទិញក្បាលជ្រូក១ក៏គ្មានផង ធ្វើឱ្យនាងអាណិតគេជាពន់ពេកហើយ ក៏លែងហ៊ានបង្ខំ។

នាងម៉ុម ឃៀន និងកូន

នាងម៉ុម ឃៀន បន្តទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ គេប៉ិនលួងលោមនាង ដោយប្រើពាក្យអូនបងយ៉ាង ផ្អែមល្ហែមត្រជាក់ អង្រួនបេះដូងនាងឱ្យរញ្ជួយ ពេលនោះក៏បានដឹងដល់ម្តាយ ទើបម្តាយប្រាប់ទៅសង្សារនាងថា គាត់មិនបំបែកបំបាក់អ្វីទេ តែត្រូវរកលុយ៣ពាន់ដុល្លារ មករៀបការតាមប្រពៃណី មិនអាចសែនព្រេនត្រឹមមាន់ ស្ងោរ១គូបានឡើយ។ ម្តាយបានទាំងបង្ខាំងរូបនាងឱ្យនៅតែផ្ទះ មិនឱ្យជួបសង្សារនេះទេ ព្រោះគាត់ខ្លាចកូនស្រី អស់ព្រហ្មចារី។ ដោយសារតែសេចក្តីស្នេហាទុំជោរទៅហើយនោះ នៅពេលម៉ែមិននៅផ្ទះ នាងក៏ឱបបង្វេច ស្កាត់ទៅជួបសង្សារ រួចពង្រត់គ្នាមកដល់ភូមិស្រករ មានខ្ទមស្រែរខេករខាកមួយក្បែរព្រៃរនាមស្ងាត់ជ្រងំ ហើយ រាត្រីនោះ នាងបានលះបង់ព្រហ្មចារីជូនសង្សារ ដោយមិនស្តាយស្រណោះ។ ដំណឹងនាងរត់តាមប្រុស បានដឹងដល់ម្តាយ ធ្វើឱ្យ

គាត់ខឹងសម្បាខ្លាំងណាស់ បានតាមមករករឿងជេរប្រទេចអត់អាសូរ អូសដៃទៅវិញយ៉ាងណា ក៏នាងសច្ចាប្តូរស្លាប់រស់ជាមួយសង្សារទៅហើយ រហូតដល់ម៉ែទាល់តម្រិះ ក៏លែងរវល់ ធ្វើមិនដឹងមិនឮ រហូតមក។ សព្វថ្ងៃនាងនិងប្តីអត់ខាន់ស្លា នៅតែបន្តរស់នៅក្នុងខ្ទមស្រែក្បែរព្រៃរនាមដដែល ដោយម្ចាស់ខ្ទមគេ អាណិតអាសូរឱ្យស្នាក់នៅ មិនដេញចេញទេ។ ពួកនាងបង្កើតបានកូនស្រី២នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ទោះជាក្រក៏មិនដែលដាច់បាយដែរ ទាស់ត្រង់ម៉ែមិនរាប់រកតែប៉ុណ្ណោះ។


ដោយឡែក លោករុន ហី អាយុ២៣ឆ្នាំ ជាប្តីអត់ខាន់ស្លាបានឱ្យដឹងថា លោកកើតក្នុងត្រកូលកសិករក្រីក្រ គ្មានចំណេះដឹង ទើបពេលធំដឹងក្តី ចេះ តែដើរស៊ីឈ្នួលគេ ដោយប្រើកម្លាំងសុទ្ធសាធ។ ពេលធំពេញកំលោះមិន ដែលមានស្នេហាស្រីញីក្រៅតម្រាឯណាទេ ទើបតែបានជួបនាងម៉ុម ឃៀន ក៏ស្រលាញ់ដកចិត្តមិនរួច។ លោកបានលួងលោមសុំស្នេហ៍នាងត្រង់ៗ តែម្តង ដោយប្រាប់ថា អត់លុយរៀបការទេ បើនាងមិនព្រម គេសុខចិត្ត ទៅបួសមួយជីវិត ហើយរឿងស្នេហានេះ ក៏បែកការដឹងដល់ម៉ែក្មេក គាត់ ហៅទៅប្រាប់ឱ្យរកលុយរាប់ពាន់ដុល្លាររៀបការ។ ដោយសារលោកគ្មាន លុយ ទើបម៉ែក្មេកបង្ខាំងស្រីជាទីស្រលាញ់ឱ្យនៅតែផ្ទះ ប៉ុន្តែ ដោយសារ នាងស្រលាញ់លោកដោយស្មោះអស់ពីដួងចិត្ត ក៏ឱបបង្វេចលួចរត់ស្កាត់ មកជួបលោក ទើបលោកនាំនាងរត់មកសាងទ្រនំស្នេហ៍ក្បែរព្រៃរនាមនេះទៅ។ តាំងពីបានរួមរស់ជាមួយគ្នាមក ម៉ែក្មេកតាម បំបែកបំបាក់ដែរ តែពួកលោកឱបគ្នាស្អិតបេះមិនចេញ ទើបម៉ែលែងហ៊ានមករំខាន ទុកឱកាសឱ្យលោកនិង ប្រពន្ធ ស្វែងរកសុភមង្គលក្រោមនឹមក្រីក្រ គ្មានដើមទុនអ្វីទាំងអស់។ លោកស្រលាញ់ប្រពន្ធខ្លាំងណាស់ ពេលយប់ព្រលប់តែងតែនាំនាងទៅរកសេចក្តីសុខ ព្រមៗគ្នា ដោយគ្មានអ្នកមករំខាន តែអ្វីដែលលោក ភ័យព្រួយបំផុតនោះ ខ្លាចតែបានកូនច្រើនពេកអត់ អីហូបតែប៉ុណ្ណោះ។

លោកហ៊ាង រុន

រីឯអ្នកស្រីតឿង មុំ អាយុ៥៣ឆ្នាំ ជាម្តាយខាងស្រី យើងមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ ព្រោះគាត់បានចេញទៅរកស៊ីនៅតាមព្រំដែនកម្ពុជា-ថៃ បាត់ទៅហើយ។
លោកហ៊ាង រុន អាយុ៦១ឆ្នាំ និងអ្នកស្រីខៀវ សារឿន អាយុ៦០ឆ្នាំ ជាឪពុកម្តាយខាងប្រុសបានឱ្យ ដឹងស្របគ្នាថា កាលពីកូនៗទាំងពីរស្រលាញ់គ្នា គឺ នៅឯជាយដែនខ្មែរ-ថៃ ឯណោះទេ ហើយដោយសារតែដន្លងស្រីបង្គាប់រាប់ពាន់ដុល្លារ មិនស្គាល់ ជីវភាពអ្នកក្រ ដែលរកតែអង្ករច្រកឆ្នាំងស្ទើរមិនបាន ផងនោះ ជាហេតុនាំឱ្យកូនទាំងពីរពង្រត់គ្នាលេងផ្លូវ កាត់តែម្តងទៅ។ ពួកគាត់គ្មានដីស្រែ១ចំអាម ចែកកូន ទេ ទើបកូនៗវេទនាយ៉ាងនេះ ប៉ុន្តែ សព្វថ្ងៃ ពួកគេចេះ រកត្រី ដើរស៊ីឈ្នួលច្រូតកាត់ អាចចិញ្ចឹមជីវិតបាន ហើយមិនព្រួយដាច់ពោះស្លាប់នោះទេ ជាពិសេស ឃើញកូនៗស្រលាញ់គ្នាចាក់ទឹកមិនលិចបែបនេះ ពួកគាត់ត្រេកអរណាស់។

នកស្រីខៀវ សារឿន

គួរបញ្ជាក់ថា “ក្រមិនឈ្នះទ័ល” ព្រោះបើ ត្រឹមតែក្រអាចរកក្បាលជ្រូក មាន់ស្ងោរ ឬម្ហូបពីរបី តុរៀបចំសែនព្រេនបាន ប៉ុន្តែ បើដល់កន្លែងទ័ល សូម្បីតែសែនក៏មិនអាចទៅរួចដែរ។ ទោះយ៉ាងណាក៏ គួរប្តីប្រពន្ធក្មេងៗនេះប្រឹងប្រែងសន្សំលុយកាក់ រៀបចំ ពិធីសែនព្រេនមួយព្រឹកឱ្យខាងតែបាន ទើបកូនតូចៗ នោះមានខាន់ស្លាត្រឹមត្រូវ ដើម្បីចៀសវាងពេលធំ ឡើង គេដាក់ឈ្មោះឱ្យថា “កូនអត់ខាន់ស្លា” ជាការ អាម៉ាស់មុខដល់កូនដែលសុទ្ធតែស្រី…”៕

RELATED ARTICLES