Friday, January 17, 2025
Homeសង្គម និងជីវិតឆក់ត្រីភ្លាត់ស្នៀត បែរជាឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធម

ឆក់ត្រីភ្លាត់ស្នៀត បែរជាឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធម

ខេត្តកណ្តាល ៖ បុរសម្នាក់ បានស្ពាយអាគុយ និងឧបករណ៍ឆក់ត្រី បានចេញទៅឆក់ត្រីក្នុងទឹកប្រឡាយមួយកន្លែង ដើម្បីយកត្រីមកលក់យកប្រាក់ សម្រាប់ចាយវាយដោះស្រាយជីវភាពប្រចាំថ្ងៃ តែជាអកុសលភ្លាត់ស្នៀត បានឆក់ខ្លួនឯង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចប្រឡាយមេទឹកអំពៅដៀប ស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ ដែលត្រូវឧបករណ៍ឆក់ត្រី ឆក់ស្លាប់ឈ្មោះលី ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានស្ពាយអាគុយ និងឧបករណ៍ឆក់ត្រី ចេញទៅឆក់ត្រីនៅត្រង់ចំណុចកើតហេតុខាងលើតែម្នាក់ឯង ដើម្បីរកត្រីមកលក់យកប្រាក់សម្រាប់ចាយវាយដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយក៏បាត់ខ្លួនរហូតមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារបារម្ភពីសុវត្ថិភាពរបស់ជនរងគ្រោះជាពន់ពេក។ លុះមកដល់វេលាម៉ោងប្រមាណជា១៥រសៀល ស្រាប់តែមានអ្នកភូមិម្នាក់ឈ្មោះសំ រឹម បានប្រទះឃើញជនរងគ្រោះ បានស្លាប់នៅក្នុងប្រឡាយទឹក ដោយមានឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួនផងដែរ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស ដើម្បីធ្វើការពិនិត្យសាកសព។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចប៉ុស្តិ៍ ក៏បន្តរាយការណ៍ទៅសមត្ថកិច្ចជំនាញស្រុក ចុះមកធ្វើការពិនិត្យ ដោយសហការជាមួយអាជ្ញាធរភូមិ,ឃុំ និងគ្រូពេទ្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្លួនឯងប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វី ផ្សេងឡើង។ បន្ទាប់មកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ករណីមនុស្សត្រូវឧបករណ៍ឆក់ត្រីឆក់ស្លាប់ជាហូរហែ ខណៈដែលជនរងគ្រោះ ទាំងនោះស្ពាយឧបករណ៍ឆក់ចេញទៅឆក់ត្រី។ មូលហេតុមកពីជនរងគ្រោះទាំងនោះ មានការធ្វេសប្រហែសពេលក្នុងឆក់ត្រី ដែលច្បាប់បានហាមឃាត់មិនឱ្យប្រព្រឹត្ត៕

RELATED ARTICLES