Friday, January 17, 2025
Homeសង្គម និងជីវិតហាមឱ្យឈប់រកស៊ីធ្វើជាស្រីម៉ាស្សា ប្រពន្ធមិនស្តាប់ ប្តីវ៉ៃប៉្រាវ

ហាមឱ្យឈប់រកស៊ីធ្វើជាស្រីម៉ាស្សា ប្រពន្ធមិនស្តាប់ ប្តីវ៉ៃប៉្រាវ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានផ្ទុះជម្លោះនឹងគ្នារហូតឈានដល់អំពើហិង្សា បន្ទាប់ពីបុរសជាប្តី បានព្យាយាមហាមឃាត់ប្រពន្ធឈប់ឱ្យទៅធ្វើជានារីម៉ាស្សាទៀត ដោយសុខចិត្តដើរធ្វើការសំណង់ចិញ្ចឹមប្រពន្ធ តែប្រពន្ធមិនព្រមស្តាប់នៅតែលួចលាក់ទៅធ្វើជានារីម៉ាស្សា លុះប្តីដឹង ផ្ទុះកំហឹងក៏កើតជាហិង្សា បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាមួយកន្លែង តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ប្តីប្រពន្ធខាងលើមិនបានបញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណរបស់ខ្លួននោះទេ ដោយគ្រាន់តែភាគីស្ត្រីជាប្រពនប្រាប់ថា នាងប្រកបរបរម៉ាស្សា ចំណែកបុរសជាប្តីប្រាប់ថា ខ្លួនមានរបរជាកម្មករសំណង់។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធពួកគាត់បានរួមរស់នឹងគ្នាអស់រយៈពេល១ឆ្នាំមកហើយ ដោយស្រលាញ់គ្នាចិត្តនិងចិត្ត គ្មានចាស់ទុំណាដឹងឮឡើង ហើយក៏មិនបានរៀបការ ឬសែនព្រេនអ្វីដែរ និងបានរួមរស់បង្កើតបានកូនម្នាក់ជាចំណងនិស្ស័យ។ តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធពួកគេបានជួលផ្ទះស្នាក់នៅតាមផ្លូវ២០០៤ ស្ថិតក្នុងភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយខ្លួនជាប្តីចាប់យករបរ ជាកម្មករសំណង់ ចំណែកប្រពន្ធបានធ្វើការក្នុងហាងម៉ាស្សា។

បុរសជាប្តីបានបន្តថា ក្រោយមកដោយសារតែមិនចង់ឱ្យប្រពន្ធធ្វើការងារម៉ាស្សា ទើបខ្លួនជាប្តីបានហាមឱ្យប្រពន្ធឈប់ធ្វើការនោះទៅ ដោយខ្លួនសុខចិត្តដើរធ្វើការងារសំណង់ រកប្រាក់មកចិញ្ចឹមប្រពន្ធកូនវិញ ហើយប្រពន្ធក៏បានឈប់មួយរយៈ ស្រាប់តែក្រោយមកនាងនៅតែលួចលាក់ទៅធ្វើការងារម៉ាស្សាដដែល រហូតដល់ខ្លួនជាប្តីតាមទាន់ ធ្វើឱ្យផ្ទុះជាជម្លោះ ប្រតាយប្រតប់គ្នាតែម្តង តែមិនឈានដល់ហិង្សានោះទេ។

តាមសម្តីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា ប្តីនាងពិតជាបានហាមមិនឱ្យនាងធ្វើជាស្រីម៉ាស្សាមែន តែបើនាងមិនធ្វើតើមានលុយឯណាចាយគ្រប់ បើពឹងលើការងារប្តីជាកម្មករសំណង់រកបានមុខខ្វះក្រោយហ្នឹង។ មួយរយៈមុននេះ ប្តីបានហាមមិនឱ្យនាងទៅធ្វើជាស្រីម៉ាស្សាទេ ឱ្យនាងនៅតែមើលកូនបានហើយ ចាំប្តីដើរធ្វើការសំណង់រកលុយមកចិញ្ចឹម តែដោយប្រាក់កាសចាយវាយប្រចាំថ្ងៃមិនគ្រប់ ទើបនាងបានលួចទៅធ្វើការងារម៉ាស្សានៅផ្ទះខាងលើ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ស្រាប់តែមកដល់រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ប្តីក៏តាមមកទាន់ ហើយឃើញមានភ្ញៀវកំពុងចូលជាមួយនាងជាប្រពន្ធ ក៏ផ្ទុះកំហឹងស្រែកជេរស្តីឱ្យ ក៏បានឈានដល់ការប្រតាយប្រតប់គ្នាផ្អើលទាំងថ្ងៃតែម្តង ទើបធ្វើឱ្យនាងទ្រាំមិនបានក៏រត់ទៅប្តឹងប៉ូលិសថា ប្តីវាយបែកក្បាល ។

ក្រោយទៅដល់ប៉ុស្តិ៍ប៉ូលិស សមត្ថកិច្ចបានធ្វើការសាកសួរភាគីទាំងសងខាង ហើយភាគីខាងប្រពន្ធដែលអះអាងថា ត្រូវប្តីវ៉ៃបែកក្បាល ក៏មិនឃើញមានស្នាមរបួសដែរ លុះក្រោយមកមួយសន្ទុះ ទើបស្ត្រីជាប្រពន្ធសម្រេចចិត្តថាបញ្ឈប់ការប្តឹងផ្តល់ រួចក៏ដឹកដៃគ្នាត្រឡប់ទៅផ្ទះវិញ បាត់អស់ទៅ៕

RELATED ARTICLES