ខេត្តកណ្តាល ៖ ករណីឃាតកម្មដ៏ឃោរឃៅ កាប់យុវជនម្នាក់បណ្តាលឱ្យដាច់កដេកស្លាប់ក្នុងថ្លុកឈាមក្បែរចិញ្ចើមផ្លូវ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានសមត្ថកិច្ច ប្រើរយៈពេលស៊ើបអង្កេតអស់៣៨ម៉ោង ទីបំផុតក៏បំបែកសំណុំរឿងក្តីបាន និងឈានដល់ការចាប់ខ្លួនក្រុមជនដៃដល់បានចំនួន៦នាក់ ខណៈដែលបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា ក្រុមជនដៃដល់ទាំង៦នាក់ ដែលកាប់ប្រហារយុវជនម្នាក់ បណ្តាលឱ្យដាច់កស្លាប់ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចជំនាញរបស់លោក ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ចំណែកបក្ខពួកចំនួន៣នាក់ទៀត បានរត់គេចខ្លួនអស់ទៅហើយ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា យុវជនរងគ្រោះដែលត្រូវឃាតករកាប់ដាច់កស្លាប់ មានឈ្មោះចេក ភាព អាយុ២០ឆ្នាំ មុខរបរជាលក់ទឹកកកតាមរ៉ឺម៉កម៉ូតូ មានលំនៅក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ។
ដោយឡែក ក្រុមជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមានទី១-ឈ្មោះគាត សំណាង ហៅឡេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ មានលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ (ជាជនដៃដល់)។ ទី២-ឈ្មោះហោ សោភ័ណ្ឌ ហៅឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុការ មានលំនៅក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ (ជាអ្នកចូលរួម)។ ទី៣-ឈ្មោះឌី ឌឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្តី ស្រុកកោះធំ។ ទី៤-ឈ្មោះបេង តាំងអេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកាប់ជ្រូកលក់ មានលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ។ ទី៥-ឈ្មោះវ៉ាន់ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ។ និងទី៦-ឈ្មោះយឹម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ។
រីឯបក្ខពួក៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន រួមមាន ទី១-ឈ្មោះសិលា ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ។ ទី២-ឈ្មោះជ្រុយ វុទ្ធា ហៅធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ។ និងទី៣-ឈ្មោះមាន លាងហ៊ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ។
វត្ថុតាងចាប់យក រួមមាន ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដា SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ១គ្រឿង និងម៉ាកស៊ុយស៊ូគីនិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ១គ្រឿង ២-ដាវចំនួន២ដើម និងកាំបិតចំនួន២ដើម និងទូរស័ព្ទចល័តចំនួន៦គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ឈ្មោះគាត សំណាង ហៅឡេង បានឆ្លើយសារភាពថា រូបគេពិតជាបានយកដាវកាប់ទៅលើជនរងគ្រោះ ឈ្មោះចេក ភាព ប្រាកដមែន មូលហេតុដោយសារតែកន្លងមកជនរងគ្រោះ ធ្លាប់មានទំនាស់ពាក្យសម្តីជាមួយក្រុមពួកគេ ដែលមានរហ័សនាមថា KTS ដែលជា Group របស់ពួកគេប្រើក្នុងហ្វេសប៊ុក។
ជនដៃដល់ឈ្មោះគាត សំណាង បានសារភាពទៀតថា នៅមុនពេលកើតហេតុ រូបគេនិងបក្ខពួក រួមមានឈ្មោះមាន លាងហ៊ី ជិះម៉ូតូម៉ាក ស៊ុយស៊ូគីលែត ឌុបរូបគេ មានដាវ១ដើម ចំណែកឈ្មោះជ្រុយ វុទ្ធា ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ បិតស្កុតខ្មៅ ឌុបឈ្មោះយឹម ឌីណា មានដាវ ២ដើម ដោយឡែកឈ្មោះហោ សោភ័ណ្ឌ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ឌុបឈ្មោះជី សិលា មានដាវ១ដើម បានជួបជុំគ្នា និងធ្វើដំណើរក្នុងគោលបំណងទៅលេងបុណ្យវត្តកោះទៀវ នៅពេលដែលឈ្មោះមាន លាងហ៊ី ឌុបរូបគេ (គាត សំណាង) ជិះទៅមុន លុះធ្វើដំណើរដល់ចំណុចខាងត្បូងស្ពានព្រែកទៀវ ស្ថិតក្នុងភូមិកោះទៀវ(ខ) ឃុំសំពៅពូន ក៏បានជួបជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ជ្រួសផ្លូវគ្នា ហើយជនរងគ្រោះកំពុងតែជិះម៉ូតូបណ្តើរ និយាយទូរស័ព្ទបណ្តើរ។
ជនដៃដល់ បានបន្តសារភាពថា បន្ទាប់មកពួកគេក៏បន្តដំណើរទៅមុខទៀត រហូតដល់ជិតវត្តកោះទៀវ ក៏ឃើញមានបក្ខពួករបស់ជនរងគ្រោះ ឈរនៅមុខក្លោងទ្វាវត្តកោះទៀវ ដោយមានកាន់ពូថៅ និងដុំថ្ម ភ្លាមនោះពួកគេក៏ប្រញាប់ជិះម៉ូតូឌុបគ្នាត្រឡប់ក្រោយវិញ ហើយរូបគេក៏បានដកដាវពីក្រោមគូទលើកែបម៉ូតូមកកាន់ ដោយជិះម៉ូតូយ៉ាងលឿនមកដល់ចំណុចកើតហេតុខាងលើពួកគេបានឃើញជនរងគ្រោះឈ្មោះចេក ភាព កំពុងឈប់ម៉ូតូ ឈរលើម៉ូតូដៃម្ខាងកាន់ទូរស័ព្ទនិយាយ ភ្លាមនោះឈ្មោះមាន លាងហ៊ី ស្រែកថា កាប់ទៅគ្នាវាហើយ រំពេចនោះរូបគេ ក៏បានទាញយកដាវនោះកាប់ទៅលើជនរងគ្រោះត្រូវចំក រួចក៏ជិះម៉ូតូយ៉ាងលឿងជែងឡានធំដើម្បីគេចខ្លួន។ បន្ទាប់មករូបគេ បានទូរស័ព្ទប្រាប់ឈ្មោះ យឹម ឌីណា ថាខ្លួនបានកាប់គេបានហើយមិនដឹងស្លាប់ឬរស់ទេ ហើយបានបន្តដំណើរដល់ចំណុចស្ពានក្បាលកោះទៀវ ក៏បានជួបនឹងបក្ខពួកខ្លួន ដែលជិះពីលើមក រួចក៏បាននាំគ្នាជិះទៅជួបជុំគ្នានៅវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ។
ជនដៃដល់បានសារភាពបន្ថែមទៀតថា នៅពេលទៅដល់វត្តជ្រោយតាកែវ ជុំគ្នា រូបគេបាននិយាយរៀបរាប់រឿងកាប់ជនរងគ្រោះប្រាប់ទៅបក្ខពួកថា តើគួរធ្វើយ៉ាងណា បើកាប់គេហើយ? បន្ទាប់មកពួកគេក៏បាននាំគ្នាយកដាវដែលកាប់ និងដាវ១ទៀត ទៅផ្ញើទុកនឹងបក្ខពួករបសគេ ម្នាក់ទៀតឈ្មោះវ៉ាន់ សំណាង ហើយប្រាប់ឱ្យយកទៅទុក។ លុះព្រឹកឡើង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ រូបគេក៏បានទទួលដំណឹងថា ជនរងគ្រោះដែលខ្លួនកាប់ពីយប់នោះ បានស្លាប់បាត់ហើយ ទើបរូបគេបានទូរស័ព្ទទៅប្រាប់ឈ្មោះវ៉ាន់ សំណាង ឱ្យយកដាវនោះទៅបោះចោលទៅ ព្រោះឈ្មោះ ចេក ភាព ដែលខ្លួនកាប់កាលពីយប់នោះស្លាប់បាត់ហើយ។ បន្ទាប់មកនៅវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចស្រុកកោះធំ ស្រាវជ្រាវរហូតចាប់បានរូបគេ និងបក្ខពួកជាបន្តបន្ទាប់។
គួររំលឹកថា កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ដោយយុវជនម្នាក់ បានជិះម៉ូតូតែម្នាក់ឯង ទៅដើរលេងបុណ្យបញ្ចុះសីមានៅក្នុងវត្តមួយ លុះដើរលេងអស់ចិត្ត ក៏ជិះម៉ូតូបំណងត្រឡប់មកផ្ទះវិញ ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវជនជាឃាតករដៃឆៅ បានធ្វើសកម្មភាពកាប់ប្រហារចំកញ្ចឹងកពីក្រោយ បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។
តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DH-2039 តែម្នាក់ឯង ចេញពីផ្ទះ ក្នុងបំណងទៅលេងបុណ្យបញ្ចុះខណ្ឌសីមា នៅក្នុងបរិវេណវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ។ លុះក្រោយពីដើរលេងបុណ្យវត្តអស់ចិត្ត ជនរងគ្រោះបានជិះម៉ូតូចេញពីវត្ត បំណងត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសល ពេលធ្វើដំណើរមកដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ ចំហៀងខាងកើត ដែលជាកន្លែងស្ងាត់ ស្រាប់តែត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ប្រហារទៅលើជនរងគ្រោះចំកញ្ចឹងក ពីក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យដួលម៉ូតូ ដេកស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នក្រុមជនសង្ស័យដែលឃាត់ខ្លួនទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចស្រុកកោះធំ រៀបចំកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
ដោយឡែកបក្ខពួក៣នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕