Friday, January 17, 2025
Homeសង្គម និងជីវិតទប់ចិត្តមិនបាន! ខឹងមិត្តភ័ក្តិលេបខាយប្រពន្ធ កាប់១ពូថៅ

ទប់ចិត្តមិនបាន! ខឹងមិត្តភ័ក្តិលេបខាយប្រពន្ធ កាប់១ពូថៅ

ខេត្តក្រចេះ ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏កើតមានចិត្តប្រចណ្ឌប្រពន្ធជាមួយនឹងមិត្តភក្តិម្នាក់រស់នៅភូមិជាមួយគ្នា ដែលចេះតែឧស្សាហ៍បោះពាក្យសម្តីលែបខាយប្រពន្ធរបស់ខ្លួនមិនឈប់ ធ្វើឱ្យទប់ចិត្តមិនបាន ក៏ទាញពូថៅស្ទុះទៅកាប់ជនរងគ្រោះពី ក្រោយចំនួន១ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់។

ករណីបុរសស្រវឹងផ្ទុះភ្លើងប្រចណ្ឌ កាប់មិត្តភក្តិរយះខ្នងរងរបួសធ្ងន់ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។

ជនបង្កហេតុដែលកាប់មិត្តភក្តិរយះខ្នង ព្រោះតែភ្លើងប្រចណ្ឌ មានឈ្មោះប្រាក់ យ៉ានធីតា ហៅប៉យ អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះសាយ វ៉ាត អាយុ៤១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើជាមួយគ្នា រងរបួសត្រង់ឆ្អឹងជំនីផ្នែកខាងឆ្វេង (របួសធ្ងន់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនបង្ក និងជនរងគ្រោះ ត្រូវជាមិត្តភក្តិនឹងគ្នា និងរស់នៅភូមិជាមួយគ្នា ហើយកន្លងមកអ្នកទាំងពីរឧស្សាហ៍ដើរផឹកស៊ីជាមួយគ្នាណាស់ ស្រាប់តែក្រោយមក មិនដឹងជាយ៉ាងម៉េច ជនរងគ្រោះចេះតែប្រើពាក្យលែបខាយទៅលើប្រពន្ធរបស់ជនបង្កជាមិត្តភក្តិជាញឹកញាប់ រហូតធ្វើឱ្យជនបង្កចេះតែចងគំនុំទុកក្នុងចិត្ត។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្រោយពីផឹកស្រាសអស់ជាច្រើនលីត្រ រហូតដល់ស្រវឹងធ្លាក់ភ្នែក ជនបង្កក៏ស្រាប់តែនឹកឃើញដល់រឿងចាស់ ដែលជនរងគ្រោះ បានលែបខាយពាក្យសម្តីដាក់ប្រពន្ធរបស់ខ្លួន ទើបធ្វើឱ្យផ្ទុះកំហឹង ស្ទុះទៅទាញពូថៅដងឈើ យកទៅកាប់ជនរងគ្រោះចំពីក្រោយ១ពូថៅ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ត្រង់ឆ្នឹងជំនីផ្នែកខាងឆ្វេង ដួលផ្កាប់មុខទៅហ្នឹងដីតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះជីវិត។ ចំណែកជនបង្កហេតុ ត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានភ្លាមៗ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារជនរងគ្រោះមែន មូលហេតុដោយសារតែខ្លួនស្រវឹងស្រាខ្លាំងពេក ណាមួយនឹកឃើញដល់រឿងចាស់ ដែលជនរងគ្រោះចេះតែលែបខាយប្រពន្ធមិនឈប់ ធ្វើឱ្យផ្ទុះភ្លើងប្រចណ្ឌ ក៏ទាញ ពូថៅកាប់ប្រហារជនរងគ្រោះតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES