ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ជាសន្តិសុខឯកជនម្នាក់ បានរត់មកប្តឹងសមត្ថកិច្ចទាំងទឹកភ្នែកទឹកសំបោរថា មានប្រុសព្រានជាសន្តិសុខយាម នៅគោលដៅជាមួយគាត់ម្នាក់ បានធ្វើសកម្មភាពចាប់រំលោភគាត់រហូតដល់បានសម្រេចចំនួន១លើករួចមកហើយ តែគាត់មិនហ៊ានមាត់ក ព្រោះតែត្រូវជនសង្ស័យគំរាមមិនឱ្យគាត់និយាយប្រាប់អ្នកណាដាច់ខាត លុះប្រុសព្រានតាមរំលោភលើកទី២ ធ្វើឱ្យគាត់ទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវ រួចរត់មកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
ហេតុការណ៍ស្ត្រីសន្តិសុខវ័យចំណាស់ រត់មកប្តឹងសមត្ថកិច្ចថាត្រូវប្រុសព្រានចាប់រំលោភនេះ បានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះដែលត្រូវប្រុសព្រានចាប់រំលោភ មានឈ្មោះស.ច អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខឯកជន បម្រើការនៅក្នុងក្រុមហ៊ុន AGS។ ចំណែកជនសង្ស័យល្មោភកាម មានឈ្មោះសួង សុខឌឿន អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខ បម្រើការនៅក្នុងក្រុមហ៊ុនសន្តិសុខ AGS ជាមួយគ្នា។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងអារម្មណ៍ភ័យតក់ស្លុតថា រវាងគាត់ និងជនសង្ស័យ បម្រើការជាសន្តិសុខឯកជនក្នុងក្រុមហ៊ុនជាមួយគ្នា និងត្រូវបានខាងក្រុមហ៊ុនដាក់វេនឱ្យយាមប្រចាំការនៅគោលដៅជាមួយគ្នាទៀតផង ហើយកន្លងមក គាត់និងជនសង្ស័យ គ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ មិនដែលមានទំនាក់ទំនងអ្វីលើសពីនេះឡើយ ព្រោះតែជនសង្ស័យមានអាយុតិចជាងគាត់ ដល់ទៅ១០ឆ្នាំឯណោះ។
ស្ត្រីរងគ្រោះបានបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភគាត់ រហូតដល់បានសម្រេច នៅចំណុចផ្លូវបេតុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ លុះក្រោយពេលចាប់រំលោភគាត់ស្កប់ស្កល់ តណ្ហា ហើយជនសង្ស័យក៏បានគំរាមមិនឱ្យគាត់និយាយរឿងនេះប្រាប់អ្នកណាដាច់ខាត ពុំនោះទេ គេនឹងសម្លាប់គាត់ចោលហើយ។
ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា ដោយសារតែខ្លាចពាក្យគំរាមរបស់ជនសង្ស័យ ទើបគាត់ចេះតែព្យាយាមលាក់បាំងរឿងដ៏គំរក់មួយនេះ ទុកក្នុងទ្រូងតែម្នាក់ឯង មិនហ៊ានប្រាប់អ្នកណាឡើយ។ ស្រាប់តែក្រោយមកទៀត ជនសង្ស័យនៅតែបន្តគំនិតថោកទាប ប៉ុនប៉ងតាមចាប់រំលោភ គាត់សម្រន់តណ្ហាម្តងទៀត ទើបធ្វើឱ្យគាត់ទ្រាំលែងបាន ក៏សម្រេចរត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ តាមចាប់ខ្លួនជន សង្ស័យយកមកចាត់ការតាមច្បាប់តែម្តង។
ក្រោយពីបានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់នៅពេលក្រោយ។
ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសឈ្មោះសួង សុខឌឿន ដែលទទួលរងការចោទប្រកាន់ ថាបានចាប់រំលោភស្ត្រីជាសន្តិសុខរួមការងារជាមួយគ្នា បាននៅឡើយ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕