ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ បានដើរតាមឪពុកទៅរាយមង ចាប់ត្រីយកមកលក់ខ្លះ ទុកធ្វើម្ហូបខ្លះ លុះពេលឪពុកភ្លេចខ្លួន ស្រាប់តែកូនលង់ទឹកស្លាប់តែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១០និង១០ ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ចំណុចបឹងធំ ស្ថិតនៅភូមិចំបក់ជ្រំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
កុមារារងគ្រោះដែលលង់ទឹកស្លាប់នោះ មានឈ្មោះរី ចាន់មាន អាយុ២ឆ្នាំ មានលំនៅភូមិវាំងខាងត្បូង ឃុំតាំក្រសាំង ស្រុកសន្ទុក ខេត្តកំពងំធំ។ តាមប្រភពពីគ្រួសារក្មេងរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ កុមាររងគ្រោះ បានរត់ទៅតាមឪពុកដាក់មង នៅចំណុចកើតហេតុ ខាងលើ ដើម្បីចាប់ត្រីយកមកលក់ គ្រាន់បានប្រាក់សម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ និងទុកធ្វើម្ហូបខ្លះ លុះដល់វេលាកើតហេតុ ឪពុកកំពុងតែរាយមង ភ្លេចខ្លួន ស្រាប់តែកូនប្រុស ជាទីស្រលាញ់ធ្លាក់ក្នុងអន្លង់ដែលមានទឹកជ្រៅ បណ្តាលឱ្យលង់ស្លាប់បាត់ទៅ ទើបបុរសជាឪពុកស្ទុះទៅបីត្រកងកូន ហើយស្រែកយំយ៉ាងខ្លាំង ដោយស្តាយស្រណោះជីវិតកូនប្រុសជាពន់ពេក យកមកផ្ទះ និងរាយការណ៍សមត្ថកិច្ច ចុះមកអន្តរាគមន៍តែម្តង។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងមានករណីក្មេងលង់ទឹកកម្លាំង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងក្រោយពីពិនិត្យរួចរាល់ ក៏បញ្ជាក់ថា ក្មេងប្រុស រងគ្រោះពិតជាត្រូវលង់ទឹកស្លាប់មែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ពោលគឺ នៅលើសពកុមាររងគ្រោះ សមត្ថកិច្ចរកមិនឃើញស្លាកស្នាមអ្វីដែលគួរឱ្យសង្ស័យមានជាប់ពាក់ព័ន្ធករណីឃាតកម្មឡើយ។
សពកុមាររងគ្រោះ សមត្ថកិច្ចប្រគល់ឱ្យឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕