ខេត្តកំពង់ចាម ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានជិះកង់ចេញពីផ្ទះ សំដៅទៅសាលារៀន រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យក្រុមគ្រួសារភ័យ នាំគ្នាដើរតាមស្វែងរក ស្រាប់តែប្រទះឃើញកង់ និងសម្លៀកបំពាក់សិស្សរបស់កូនស្រី ផ្ញើទុកនឹងផ្ទះប្រជាពលរដ្ឋក្បែរសាលា ចំណែកមនុស្សមិនដឹងបាត់ទៅណាជាមួយអ្នកណា ទើបធ្វើឱ្យស្ត្រីជាម្តាយ ភ័យព្រួយពីសុវត្ថិភាពកូនស្រី ក៏សម្រេចរត់ទៅប្តឹងឱ្យសមត្ថកិច្ច ជួយស្វែងរកកូនស្រីត្រឡប់មកផ្ទះវិញ។
ករណីក្មេងស្រីជិះកង់ទៅសាលារៀន បែរជាបាត់ខ្លួនមិនឃើញមកផ្ទះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចវិទ្យាល័យពាមជីកង ស្រុកកងមាស។
ក្មេងស្រីជំទង់ដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះផូ រីណា អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យពាមជីកង មានលំនៅក្នុងភូមិអង្គរបាន១ ឃុំអង្គរបាន ស្រុកកងមាស។ ក្មេងស្រីរូបនេះ បានបាត់ខ្លួនតាំងពីវេលាម៉ោងរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ខណៈដែលនាងបានជិះកង់ចេញពីផ្ទះ សំដៅទៅសាលារៀន។
លោកអធិការនគរបាលស្រុកកងមាស បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះយី ខឿន អាយុ៥៤ឆ្នាំ មានលំនៅក្នុងភូមិអង្គរបាន១ ឃុំអង្គរបាន ស្រុកកងមាស បានប្តឹងសុំឱ្យសមត្ថ កិច្ចជួយតាមរកកូនស្រីរបស់គាត់ ដែលបានបាត់ខ្លួនដោយគ្មានដំណឹងតាំងពីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីកូនស្រីរូបនេះ ជិះកង់ចេញទៅសាលារៀន រួចក៏លែងឃើញត្រឡប់មកផ្ទះវិញតែម្តង។
តាមសម្តីស្ត្រីជាម្តាយក្មេងស្រីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ កូនស្រីរបស់គាត់ឈ្មោះផូ រីណា បានជិះកង់ចេញពីផ្ទះថាសំដៅទៅសាលារៀនដូចសព្វមួយដង។ លុះមកដល់ល្ងាចថ្ងៃដដែល ដល់វេលាដែលកូនស្រីត្រូវត្រឡប់មកពីរៀនវិញ ស្រាប់តែមិនឃើញកូនស្រីមកផ្ទះសោះ ទើបធ្វើឱ្យពួកគាត់ជាឪពុកម្តាយនឹកឆ្ងល់ ក៏តាមទៅរកកូនស្រីដល់សាលារៀន ប៉ុន្តែមិនឃើញសោះ លុះតាមស៊ើបសួរ ស្រាប់តែប្រទះឃើញកង់ រួមនឹងសម្លៀកបំពាក់សិស្សសាលារបស់កូនស្រីគាត់ បានផ្ញើទុកនៅនឹងផ្ទះប្រជាពលរដ្ឋម្នាក់នៅក្បែរសាលា លុះគាត់សួរនាំម្ចាស់ផ្ទះ ប្រាប់ថា គាត់ក៏មិនដឹងថាកូនស្រីរបស់គាត់ទៅណា ជាមួយអ្នកណាដែរ ដោយនាងបានជិះកង់មកផ្ញើទុកនៅផ្ទះគាត់ និងឃើញមានសម្លៀកបំពាក់សិស្សនៅក្នុងកន្ត្រកកង់ រួចក៏ដើរចេញទៅបាត់ទៅ។
ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះបន្តថា ក្រោយពីព្យាយាមតាមស្វែងរកកូនស្រីសព្វកន្លែង នៅតែមិនទទួលបានដំណឹង ទើបពួកគាត់សម្រេច កាន់រូបថតកូនស្រីទៅដាក់ពាក្យបណ្តឹងដើម្បីសុំឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរកតែម្តង។
លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងនេះភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីកង បានចុះធ្វើការស្រាវជ្រាវ តាមរកក្មេងស្រីរងគ្រោះ ដើម្បីនាំយកមកប្រគល់ជូនក្រុមគ្រួសារវិញ៕