Friday, January 17, 2025
Homeសង្គម និងជីវិតផឹកស៊ីក្លែមសម្តី កាប់មិត្តភក្តិ១ពូថៅខ្ទេចភ្នែកម្ខាង

ផឹកស៊ីក្លែមសម្តី កាប់មិត្តភក្តិ១ពូថៅខ្ទេចភ្នែកម្ខាង

ខេត្តព្រៃវែង ៖ បុរស២នាក់ជាមិត្តភក្តិ រួមការងារជាមួយគ្នា បានទិញស្រាមកអង្គុយផឹកស៊ីជុំគ្នា លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ចាប់ផ្តើមក្លែមសម្តីចុះឡើង ធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតធ្វើឱ្យភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញពូថៅកាប់ប្រហារទៅលើមិត្តភក្តិរបស់ខ្លួន១ពូថៅ បណ្តាលឱ្យលិចត្រង់ត្របកភ្នែកម្ខាងរងរបួសធ្ងន់។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណឡឥដ្ឋ យីហោ សេង ឡេង មានទីតាំងស្ថិតក្នុងភូមិពានាផសារ ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច។

ជនដៃដល់ដែលផឹកស្រវឹងកាប់មិត្តភក្តិ១ពូថៅ មានឈ្មោះឆន កេត អាយុ២៥ឆ្នាំ មុខរបរកម្មករឡឥដ្ឋ។ ចំណែកជនរងគ្រោះមានឈ្មោះភាក ភា អាយុ៣០ឆ្នាំ មុខរបរកម្មករឡឥដ្ឋ។ រវាងជនដៃដល់ និងជនរងគ្រោះ គឺជាមិត្តភក្តិនឹងគ្នា ធ្វើការជាកម្មករឡឥដ្ឋ និងស្នាក់នៅក្នុង ភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់បានជួបជុំគ្នា ផឹកស្រា តាំងពីក្បាលព្រលប់ រហូតដល់យប់ជ្រៅ អស់សាច់ក្លែម ក៏ចាប់ផ្តើមក្លែមពាក្យសម្តីដាក់គ្នាទៅវិញទៅមក រហូតធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា ហើយភ្លាមនោះជនដៃដល់ទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញពូថៅកាប់ប្រហារទៅលើគូទំនាស់ចំនួន១ពូថៅ ត្រូវចំត្របកភ្នែកខាងឆ្វេង មុតដល់ឆ្អឹងក្បាល បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះឃាត់ខ្លួនជនដៃដល់ នាំយកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារជនរងគ្រោះឱ្យរងរបួសមែន មូលហេតុដោយសារតែស្រវឹងស្រាខ្លាំងពេក ណាមួយខឹងនឹងជនរងគ្រោះចេះតែនិយាយឌឺដងខ្លាំងពេក ទើបទប់ចិត្តមិនបាន ក៏ស្ទុះទៅកាប់ប្រហារតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង នឹងបញ្ជួនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES