Saturday, August 23, 2025
Homeសង្គម និងជីវិតចាប់ក្របួចប្តីប្រពន្ធមេតុងទីន បោកលុយជិត៥០ម៉ឺនដុល្លារ

ចាប់ក្របួចប្តីប្រពន្ធមេតុងទីន បោកលុយជិត៥០ម៉ឺនដុល្លារ

ខេត្តកំពង់ធំ ៖ មេតុងទីន២នាក់ប្តីប្រពន្ធ ជំនាញខាងប្រើល្បិចខ្ពស់ ឆបោកយកលុយប្រមាណជិត៥០ម៉ឺនដុល្លារ ពីកូនតុងទីនប្រមាណ៧០នាក់ ដើរចាយវាយហ៊ឺហាយ៉ាងរំភើយ លុះបែកធ្លាយរឿងរ៉ាវ ក៏ត្រូវកូនតុងទីនព្រួតគ្នាប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនប្តីប្រពន្ធជើងល្អ ជំនាញឆបោកខាងលើ បានកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៍។

មេតុងទីន ដែលរៀបគម្រោងបោកសមាជិករបស់ខ្លួន ក្នុងទឹកប្រាក់ជិត៥០ម៉ឺនដុល្លារ រហូតមានការប្តឹងផ្តល់ ឈានដល់ការចាប់ខ្លួននេះ មានឈ្មោះញឹក សោភាព ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះឡុង ចំរើន អាយុ២៩ឆ្នាំ។ ទាំង២នាក់ប្តីប្រពន្ធ មានលំនៅក្នុងភូមិឃុំ ដែលសមត្ថកិច្ចចុះចាប់ខ្លួនខាងលើ។

លោកវរៈសេនីយត្រី ផុន សុផល អនុប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យជាមេតុងទីន២នាក់ប្តីប្រពន្ធ ដែលមានល្បិចខ្ពស់ខាងបោកសមាជិករបស់ខ្លួននេះ បានប្រើល្បិចបង្កើតតុងទីន និងដើរប្រមូលលុយចំនួន៣ខ្សែ ក្នុងនោះខ្សែទី១ មានសមាជិកចំនួន៩៦នាក់ ខ្សែទី២មានសមាជិកចំនួន៨០នាក់ និងខ្សែទី៣មានសមាជិកចំនួន៧០នាក់ ហើយក្នុងក្បាលនីមួយៗគឺ១០០ដុល្លារ និងត្រូវដេញ២ដងក្នុង១ខែ។

លោកផុន សុផល បន្តថា តាមពិត មេតុងទីន២នាក់ប្តីប្រពន្ធនេះ បានរៀបគំរោងឆបោកកូនតុងទីនរបស់ខ្លួនរួចស្រេចទៅហើយ ដោយតាមពិត ទាំង៣ខ្សែនោះ មានសមាជិកពិតប្រាកដតែចំនួនជាង៧០នាក់ប៉ុណ្ណោះ រីឯរាប់រយនាក់ទៀត គឺសុទ្ធតែជាឈ្មោះខ្មោច ដែលប្តីប្រពន្ធនេះ បង្កើតឡើងដើម្បីឆបោកប្រមូលយកលុយពីកូនតុងទីនរបស់ខ្លួនប៉ុណ្ណោះ។ លុះពេលរឿងរ៉ាវបែកធ្លាយ កូនតុងទីនក៏បានដាក់ពាក្យបណ្តឹង ទើបឈានដល់ការចាប់ខ្លួនមេតុងទីនទាំង២នាក់ប្តីប្រពន្ធខាងលើនេះ យកមកសួរនាំ និងចាត់ការតាមច្បាប់តែម្តង។

តាមសម្តីកូនតុងទីនម្នាក់ឈ្មោះតិច ឆេង បានបញ្ជាក់ថា តុងទីនចំនួន៣ខ្សែខាងលើនេះ ក្បាលទី១មានសមាជិកចំនួន៩៦នាក់ ចាប់ផ្តើមលេងតាំងពីឆ្នាំ២០១៤ ចំណែកក្បាលទី២មានសមាជិកចំនួន៨០នាក់ ចាប់ផ្តើមលេងនៅឆ្នាំ២០១៥ ដោយឡែកក្បាលទី៣ ចាប់លេងនៅដើម ឆ្នាំ២០១៧ មានចំនួន៧០នាក់។

កូនតុងទីនរូបនេះ បន្តថា តាមពិតទៅ មេតុងទីនឈ្មោះញឹក សោភាព និងប្រពន្ធឈ្មោះឡុង ចំរើន បានប្រើល្បិចកាន់កូនខ្មោចដេញខ្លួនឯងប្រមូលយកលុយខ្លួនឯង ធ្វើឱ្យកូនតុងទីនប្រមាណ៧០នាក់ត្រូវផុងខ្លួន ក្នុងម្នាក់អ្នកខ្លះអស់៥ពាន់ដុល្លារ ខ្លះ៧ពាន់ដុល្លារ ខ្លះអស់៩ពាន់ដុល្លារក៏មាន។ ក្រោយមកពួកគាត់ជាកូនតុងទីន មានការនឹកឆ្ងល់ ដោយសារតែខ្លួនឯងដេញមិនបានសោះ ទោះជាប្រឹងដាក់ការខ្ពស់យ៉ាងណាក្តី ក៏ចេះតែត្រូវមេតុងទីន២នាក់ប្តីប្រពន្ធនេះ និយាយថា ទាបជាងឈ្មោះនេះ ឈ្មោះនោះរហូតដល់សម្រេចសម្រួលទៅ សួរនាំគ្នាចុះឡើង ទើបដឹងថា កូនតុងទីនរាប់សិបនាក់ តាំងពីចាប់ផ្តើមលេងមក គ្មានអ្នកណាដេញបានទេ ហើយម្នាក់ៗអស់ជិតខ្ទងម៉ឺនដុល្លារ ទើបនាំគ្នាធ្វើការស្រាវជ្រាវ ក៏ដឹងថាតាមពិត ប្តីប្រពន្ធ២នាក់នេះ ប្រើល្បិចកាន់កូនខ្មោច ឆបោកប្រាក់តុងទីនពីពួកគាត់សោះ ក៏សម្រេចនាំគ្នាប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យ ទាំង២នាក់ប្តីប្រពន្ធនេះតែម្តង។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES