ខេត្តកំពង់ចាម ៖ ចាត់ទុកថាជាល្បិចថ្មី១ទៀតរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ដែលត្រូវបានសមត្ថកិច្ចជំនាញរកឃើញ ដោយមានការកែច្នៃរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ដើម្បីបង្កប់ដឹកឈើប្រណីត ដឹកបញ្ជូនចេញទៅតាមគោលដៅឃ្លាំងស្តុក មុននឹងបញ្ជូនបន្តចេញទៅលក់នៅក្រៅប្រទេស ប៉ុន្តែយ៉ាងណាក្តីត្រូវបានសមត្ថកិច្ចស្ទាក់បង្ក្រាបបាន កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសាស្ត្រ ភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រោយ ទទួលបានព័ត៌មានអំពីបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ (ឈើក្រញុងូ) រួចមក លោកបានចាត់បញ្ជាឱ្យកំលាំងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច សហការជាមួយកំលាំងជំនាញការិយាល័យចរាចរណ៍ជើងគោក បានចុះបង្ក្រាបបទព្រៃឈើ ក្នុងភូមិសាស្ត្រភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម។
លោកស្នងការបញ្ជាក់ថា ជាលទ្ធផល សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ស្លាកលេខ 2A- 9216 និងឈើប្រណីត ប្រភេទគ្រញូងចំនួន៤១ដុំ ស្មើនឹង២៤១គីឡូ ស្មើនឹង ០,២០០ម៉ែត្រគីប។
យ៉ាងណាក្តី ម្ចាស់រថយន្តហាយឡែនឌ័រ ដែលត្រូវបានធ្វើការកែច្នៃ ដើម្បីដឹកជញ្ជូនឈើប្រណីតខាងលើនេះ បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ បន្ទាប់ពីត្រូវសមត្ថកិច្ចស្ទាក់បង្ក្រាប។
តាមការកត់សម្គាល់ រថយន្តហាយឡែនឌ័រខាងលើ ត្រូវបានក្រុមឈ្មួញទុច្ចរិត ធ្វើការកែច្នៃ ត្រង់ចំណុចកាងខាងក្រោយរថយន្ត ដោយមានរៀបចំដាក់ជាឃ្លុបមួយសម្រាប់ដាក់ឈើប្រណីតក្រោមបាតរថយន្ត ចំណែកនៅក្នុងរថយន្តវិញ មិនមានដឹកអ្វីទាំងអស់ គឺប្រើល្បិចដូចជា អ្នកដំណើរ ឬអ្នកទេសចរណ៍ធម្មតា ប៉ុន្តែតាមពិត នៅពេលសមត្ថកិច្ចត្រួតពិនិត្យ ដោះកាងរថយន្តខាងក្រោយចេញ ទើបប្រទះឃើញថា តាមពិតរថយន្តហាយឡែនឌ័រមួយគ្រឿងនេះ ដឹកសុទ្ធតែឈើប្រណីតសោះ។
វត្ថុតាងដែលចាប់ដកហូតបាន ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត៕