Friday, March 29, 2024
Homeព័ត៌មានជាតិស្នេហ៍អត់ខាន់ស្លា ប្តីខឹងពេលណាអាងឱបបង្វេចរត់

ស្នេហ៍អត់ខាន់ស្លា ប្តីខឹងពេលណាអាងឱបបង្វេចរត់

នារី ដែលឆ្លាត បើនាងក្រីក្រ ចេះរកប្តីបានដោយខ្លួនឯង តែងតែអូសទាញគូស្នេហ៍នោះ ឱ្យចូលខ្លួនរៀបការឱ្យស្របតាមច្បាប់ ប៉ុន្តែ បើមិនបានរៀបការ ប្តីខឹងពេលណា អាងតែរត់។ យ៉ាងណាមិញ នារីម្នាក់នេះ ចេះរកប្តីបាន តែមិនបានរៀបការ ឱ្យតែប្តីនោះខឹងពេលណា អាងឱបបង្វេចរត់ ធ្វើឱ្យខាតបង់ការងាររកស៊ី…។

នាងឆឹង ម៉ុម អាយុ១៩ឆ្នាំ រស់នៅភូមិពញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត បានរៀបរាប់ថា នាងជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះហែម ម៉ៅ អាយុ៥៩ឆ្នាំ។ កាលនៅកុមារី នាងបានរៀន សូត្រដល់ថ្នាក់ទី៤ ប៉ុន្តែ ដោយសារស្ថានភាពគ្រួសារមិនអំណោយផលក៏ឈប់រៀន ទៅ និងនៅតែផ្ទះជួយការងារស្រែចម្ការ។ លុះនាងមានអាយុ១៤ឆ្នាំ ដោយពិបាក ទប់ទល់នឹងភាពក្រីក្រអត់អង្ករច្រកឆ្នាំង ពេក នាងក៏ខ្ចីឯកសារគេ ដូចជាសៀវភៅគ្រួសារ និងបញ្ជីជាតិជាដើម ដើម្បីពន្លើស អាយុ ទៅទាក់ទងសុំចូលធ្វើការរោងចក្រកាត់ដេរ នៅភ្នំពេញ រហូតបានសម្រេច។ នៅពេលនាងក្លាយជាកម្មការិនីរោងចក្រនោះ បានជាង១ឆ្នាំ ក៏បានជួបកំលោះម្នាក់ ឈ្មោះឈឹម ឡៃ សព្វថ្ងៃអាយុ២៤ឆ្នាំ ស្រុកកំណើតនៅ ស្រុកទឹកឈូ ខេត្តកំពត ដោយការច្រឡំលេខទូរស័ព្ទ។ កំលោះនេះ មានមុខរបរបើករ៉ឺម៉កម៉ូតូដឹកអីវ៉ាន់ចាប់ហួយបោះឱ្យម៉ូយ តែងទូរស័ព្ទទាក់ទងជាមួយនាងបានជិត១ឆ្នាំឯណោះ ក៏ណាត់ជួបគ្នា។ ដោយសាររូបនាង មានមាឌធំ ទោះអាយុតិចក៏ឆាប់ពេញក្រមុំ និងពេលជួបគ្នានោះ កំលោះឈឹម ឡៃ កាន់តែបាក់ចិត្តស្រលាញ់ទ្វេឡើង។

នាងឆឹង ម៉ុម និងលោកឈឹម ឡៃ

នាងឆឹង ម៉ុម បន្តទៀតថា ពេលកំលោះមកជួបនាងដល់បន្ទប់ជួល ទោះជានាងព្យាយាមដេញទៅវិញ ក៏គេមិនទៅដែរ ហើយឆ្លៀតឱកាសមិត្តភក្តិរួមបន្ទប់រវល់ទៅស្រុកផងនោះ កំលោះឡៃ បានប្រើពាក្យសម្តីលួងលោមនាងចង់ទន់ឆ្អឹង ថែមទាំងដៃដល់ផងនោះ ធ្វើឱ្យនាងបាត់បង់ម្ចាស់ការ ក៏ប្រគល់ព្រហ្មចារីឱ្យគេទៅ។ តាំងពីពេលនោះមក ប្រុសស្នេហ៍ក៏ទាក់ទងបានមកធ្វើការជិតនាង និងជួលបន្ទប់រួមរស់ជាមួយគ្នាដោយលាក់លៀមមិនឱ្យចាស់ៗដឹងទេ ព្រោះខ្លាចពួកគាត់បំបែក។ លុះយូរទៅ លាក់មិនជិត ក៏ដឹងដល់ម្តាយរបស់នាង តែគាត់មិនថាអីទេ បានហៅនាងនិងប្រុសថ្លៃឱ្យចូលខ្លួនទៅបង្ហាញបងប្អូនញាតិមិត្តឱ្យស្គាល់ ថែមទាំង បង្គាប់ឱ្យប្រុសស្នេហ៍នេះ ទៅអញ្ជើញម៉ែឪគេ មកចូលស្តីដណ្តឹងតាមប្រពៃណីទៀតផង ប៉ុន្តែ ឪពុកម្តាយខាងប្រុសធ្វើព្រងើយកន្តើយរហូត បន្ទាប់ពីស៊ើបសួរដឹងថា គ្រួសារនាងក្រីក្រណាស់។

នាងឆឹង ម៉ុម និងកូន

នាងឆឹង ម៉ុម បន្តទៀតថា ទោះជាមានការជំទាស់ពីឪពុកម្តាយខាងប្រុស ក៏ប្តីអត់ខាន់ស្លារបស់នាងមិនព្រមបែកពីនាងដាច់ខាត នៅតែបន្តបណ្តែតក្បូនស្នេហ៍ឱ្យរសាត់ទៅ មុខជានិច្ច រហូតបង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។ តាំងពីបានកូនមក ប្តីមិនសូវនៅជាប់លាប់ជាមួយនាងទេ ជាពិសេស ឱ្យតែខឹងនាងបន្តិច អាងឱបបង្វេចរត់ទៅផ្ទះម៉ែគេ លុះនាះងទូរស័ព្ទហៅមកវិញ ទើបគេមក ក្លាយជាទម្លាប់ អាក្រក់ទៅហើយ។ ថ្មីៗនេះដោយមានជម្លោះបន្តិចបន្តួចជាមួយគ្នា ប្តីនេះក៏ចុះចោលនាងដូចមុន ខាតការងាររកស៊ីអស់ តែម្តងនេះ នាងមិនខ្ចីហៅទៀតទេ ចង់មកក៏មក បើមិនមកក៏ហីទៅ។ បើសិនជាគេមិនមក ទុកឱ្យនាងក្លាយជាស្រីមេម៉ាយទាំងក្មេងនោះ នាងត្រូវតែយកប្តីទៀត ព្រោះសព្វថ្ងៃពិបាកទ្រាំ ណាស់ ដោយសារតែឪពុកម្តាយក្មេក មិនព្រមចូលស្តីដណ្តឹងរៀបការ មកពី រឿងប្រកាន់វណ្ណៈ។


ដោយឡែក លោកឈឹម ឡៃ អាយុ២៤ឆ្នាំ ជាប្តីអត់ខាន់ស្លា បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា មូលហេតុដែលឪពុកម្តាយរបស់គេមិនព្រមចូលស្តីដណ្តឹង ព្រោះពួកគាត់អត់លុយរៀបការ ពុំមែនមកពីប្រកាន់វណ្ណៈអ្វីទេ ព្រោះពួកគាត់ក្រីក្រដូចតែគ្នាហ្នឹង។ ពួកគាត់មិនបំបែកបំបាក់អ្វីទេ ឯរឿងដែលរូបគេឧស្សាហ៍ ចុះចោលប្រពន្ធ គឺមកពីដាច់លុយពីហៅប៉ៅម្តងៗ ក៏ខ្វែងគំនិតគ្នា ទើបគេចុះចោលនាងមួយខ្យល់សិន ទៅ ពុំមែនរត់ចោលនោះទេ។ លោកស្រលាញ់ប្រពន្ធនេះណាស់ ព្រោះធ្លាប់មានអនុស្សាវរីយ៍កម្សត់កម្រ ជាមួយគ្នា ហើយបើសិនជាមានធូរធារក៏មិនទាស់ គ្នាអ្វីដែរ។ សព្វថ្ងៃ រូបគេកំពុងខ្វល់ខ្វាយចង់រកលុយរៀបការខ្លួនឯង តែមិនទាន់ដាច់ចិត្តខ្ចីធនាគារ ដូច្នេះមានតែចាំមើលពេលវេលាសិន។
អ្នកស្រីហែម ម៉ៅ អាយុ៥៩ឆ្នាំ ជាម្តាយខាងស្រី បានឱ្យដឹងថា ចំពោះរឿងកូនៗ ដែលយកគ្នាអត់ ខាន់ស្លានេះ គាត់បារម្ភខ្លាំងណាស់ ព្រោះវាខ្មាសញាតិ ណាមួយខ្លាចចាស់ទុំកាច់ផង។ ទោះយ៉ាងណាក៏ គាត់តែងអុជធូបបន់ស្រន់ខ្មោចជីដូនជីតាកុំឱ្យខឹង ដែរ ធ្វើម៉េចភាពក្រីក្រវាជាឧបសគ្គ ទើបគ្មានលទ្ធភាពរៀបការ។ ចំណែកខ្មោចមេបា ក៏មិនប្រកែប្រកាន់អ្វីដែរ ទើបគ្មានអ្នកណាឈឺថ្កាត់ម្នាក់សោះ គ្រាន់តែកូនប្រសានោះឧស្សាហ៍ឱបបង្វេចចុះចោលប្រពន្ធតែប៉ុណ្ណឹងទេ។

អ្នកស្រីហែម ម៉ៅ

រីឯអ្នកជិតខាងមួយចំនួន បានឱ្យដឹងស្របគ្នាថា រឿងប្តីអត់ខាន់ស្លា ចុះចោលប្រពន្ធនោះ វាក្លាយ ជាទម្លាប់ទៅហើយ ដោយផ្តើមចេញពីរឿងអត់លុយ តែបើប្តីមានលុយឱ្យប្រពន្ធស៊ីចាយមិនដាច់នោះ មិនដែលឃើញទាស់គ្នាទេ។
គួរបញ្ជាក់ថា នារីក្រីក្រមួយចំនួនឆ្លាតណាស់ បើនាងចេះរកប្តីបានដោយខ្លួនឯង លុះត្រាតែប្រុស នេះ ចូលខ្លួនរៀបការជាមុនសិន ទើបនាងប្រគល់ប្រាណ។ បើឱ្យគេស៊ីមុនសងក្រោយនោះ ជួនកាល ពេលបានកូន១ គេទៅចោលបាត់ មិនដឹងជាប្តឹង អ្នកណា ព្រោះយកគ្នាខុសច្បាប់រដ្ឋផង។ ហេតុនេះ បើមិនបានរៀបការ គួរតែគូស្នេហ៍នោះបណ្តើរគ្នាឡើង សាលាឃុំ-សាលាសង្កាត់ធ្វើសំបុត្រអាពាហ៍ពិពាហ៍ ក៏បានដែរ ស្រួលដល់មានបញ្ហា ខាងស្រីអាចប្តឹងប្តីនោះ ទាមទារអាហារកិច្ចចិញ្ចឹមកូនបាន…”៕

RELATED ARTICLES