Wednesday, October 30, 2024
Homeបរិយាយពេលណាស្ងប់និន្នាការនយោបាយ?

ពេលណាស្ងប់និន្នាការនយោបាយ?

ទោះបីជាតុលាការកំពូល បានចេញសាលដីកាស្ថាពររំលាយគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិបុគ្គល ១១៨រូប មិន ឱ្យធ្វើនយោបាយ ៥ឆ្នាំ ខណៈដែលអតីតតំណាងរាស្ត្របក្សប្រឆាំងមួយចំនួនរត់ទៅក្រៅប្រទេស ទុកឱ្យមន្ត្រីមួយចំនួន ក៏ដូចជា អតីតមេឃុំ ចៅសង្កាត់ ជំទប់ ក្រុមប្រឹក្សា សំងំក្នុងស្រុកនោះ មិនអាចធ្វើឱ្យនិន្នាការនយោបាយ ឯកភាពបានឡើយ។ សូម្បី តែបុរសចំណាស់ម្នាក់ អះអាងថាខ្លួនជាសង្ឃ ក៏បញ្ចោញនិន្នាការនយោបាយប្រឆាំងឱ្យឃើញដែរ រហូតមានការចាប់ខ្លួនឱ្យ ធ្វើកិច្ចសន្យា មុននឹងដោះលែងវិញ ដូច្នេះតើ “ពេលណាស្ងប់និន្នាការនយោបាយ?”

ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

នៅលើពិភពលោកនេះ ដែលមានមនុស្សរាប់ពាន់លាននាក់ រាប់ពាន់ជនជាតិរស់នៅ តែងមានផ្នត់គំនិត ឬចិត្តមិនដូច គ្នាទេ ទោះជាផ្លូវសង្គមក្តី នយោបាយក្តី។ ព្រះសមណគោតម បរមគ្រូ ទោះជាព្រះអង្គមានប្ញទ្ធិបារមីខ្លាំងពូកែយ៉ាងណា ក៏មានគូប្រឆាំង ដូចជា គ្រូឈ្មោះ “និគណ្ឋនាថបុត្ត” ហៅ “មហាវីរៈ” មានសិស្សគណច្រើនណាស់ គាត់បានបង្កើត “លទ្ធិអចេលក៍” គឺបួសអាក្រាតកាយ ប្រឆាំងនឹងលទ្ធិព្រះពុទ្ធសាសនា។ “និគណ្ឋនាថបុត្ត” ធ្វើសកម្មភាពប្រឆាំងបែបនេះ លុះ ចាញ់ប្រៀបព្រះពុទ្ធអង្គ គាត់ឈឺចិត្តពេក ព្រោះសិស្សគណរត់ចោលអស់ ក៏ក្អួតឈាមស្លាប់ទៅ។ ចំណែក “ទេវទត្ត” ដែល ប្រឆាំងនឹងព្រះពុទ្ធ រហូតដល់ព្យាយាមប្រមៀលដុំថ្មពីលើភ្នំ សង្កត់ព្រះអង្គ រហូតស្រក់ព្រះលោហិត ១ចម្អែតរុយ ក៏ត្រូវ ព្រះធរណីស្រូប។ ដោយឡែកព្រះយេស៊ូគ្រិស្ត ព្រះមហាម៉ាត់ ក៏សុទ្ធតែមានគូប្រជែងដូចគ្នា ដែលបង្ហាញថា មកពីមនុស្ស មានចិត្តគំនិតខុសគ្នា បានជាប្រឆាំងគ្នា ដោយអូសទាញបានអ្នកគាំទ្រឱ្យទោរទន់ទៅតាមខ្លួន ដែលការទោរទន់នេះ ហៅថា “និន្នាការ” នេះឯង។

ចំពោះរឿងនយោបាយ ក៏មាននិន្នាការកើតឡើង អស់ពីមួយជំនាន់ ឆ្លងទៅមួយជំនាន់ ធ្វើយ៉ាងណាក៏មិនអាចលុបបំបាត់ និន្នាការប្រឆាំងបានដែរ ប៉ុន្តែ គេអាចធ្វើឱ្យ “និន្នាការស្ងប់ស្ងាត់មួយរយៈបាន”។ ចង់ឱ្យនិន្នាការស្ងប់ស្ងាត់ លុះត្រាតែធ្វើឱ្យ មាន “ឯកភាពគ្នាជាធ្លុងមួយ” ពុំមែន “ឯកបក្ស” នោះទេ ព្រោះឯកភាព និងឯកបក្ស មានន័យខុសគ្នា។ ព្រះពុទ្ធសាសនា គឺជាសាសនាឯកភាព ដោយមានប្រជាពលរដ្ឋខ្មែរ គោរពបូជាស្ទើរទាំងអស់ ទោះជាចែកគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ ក៏ឈ្មោះថា ជាសាសនាឯកភាព។ ផ្ទុយទៅវិញ ដោយឈ្វេងយល់ថា “ឯកបក្ស” ដូចរបបប៉ុល ពត នាំឱ្យ មានគ្រោះប្រល័យពូជសាសន៍ ទើបរដ្ឋសភា បានចងក្រងរដ្ឋធម្មនុញ្ញ អនុញ្ញាតឱ្យមាន “ពហុបក្ស”។

បច្ចុប្បន្ន ទោះបីជាអតីតគណបក្សសង្គ្រោះជាតិ ត្រូវរំលាយទៅហើយក្តី ក៏ “និន្នាការប្រឆាំង” នៅតែមានដដែល ដូច្នេះ សួរថា “តើពេលណាស្ងប់និន្នាការនយោបាយ?”។ ពាក្យថា “ស្ងប់” មានន័យថា រម្ងាប់ ស្ងៀម ឥតកម្រើក មិនរំជួល មិន ជ្រួលច្របល់ ឈប់លើកលែង។ សព្វថ្ងៃយើងឃើញថា ទោះបីជាអតីតបក្សប្រឆាំង ត្រូវលុបចេញពីបញ្ជីគណបក្សនយោបាយ ទៅហើយក្តី ក៏ចលនាប្រឆាំង នៅតែពុះពោរធ្ងន់ទៅៗ ស្តែងចេញតាមប្រព័ន្ធអេឡិកត្រូនិក។ ការជេរប្រទេច ដាក់ បណ្តាសា បំផ្លើសព័ត៌មាន ដុតរូបទីងមោង ចេញពីក្រៅប្រទេស បណ្តាលឱ្យមានភាពក្តៅក្រហាយកើតឡើងក្នុងអារម្មណ៍ មន្ត្រីបក្សកាន់អំណាច ក៏ដូចជាអ្នកគាំទ្រ។ សូម្បីតែតាម្នាក់ អាយុជាង៧០ឆ្នាំទៅហើយ ពុំដឹងជាសង្ឃពិត ឬពុំពិត ត្រូវ សមត្ថកិច្ចចាប់ខ្លួន និងឱ្យធ្វើកិច្ចសន្យាឈប់វាយប្រហារបក្សកាន់អំណាច តាមហ្វេសប៊ុកតទៅទៀត ក្រោយពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រតិកម្មធ្ងន់ៗ និងបញ្ជាឱ្យចាប់ខ្លួន។ សកម្មភាពពួកប្រឆាំង នៅក្រៅប្រទេស ក៏ដូចជាអ្នក នៅក្នុងស្រុក បង្ហាញថា មកពីមាននិន្នាការប្រឆាំង ទើបពួកគេបញ្ចោញធាតុពិតឱ្យឃើញ។

ចំពោះសំណួរថា “ពេលណាស្ងប់និន្នាការនយោបាយ?” យើងអាចឆ្លើយបានថា កាលរស់ក្នុងរបបប៉ុល ពត ជាង៣ឆ្នាំ មានការបែងចែកវណ្ណៈក្នុងសង្គម គឺ “ពួកមូលដ្ឋាន ឬអ្នកចាស់” និង “ពួក១៧មេសា ឬអ្នកថ្មី” កាលនោះ អ្នកចាស់ស្អប់ អ្នកថ្មីខ្លាំងណាស់ ដោយហេតុថា អ្នកចាស់ដើរតាមទ្រឹស្តីកុម្មុយុនីស្ត ឯអ្នកថ្មីដើរតាមសេរីនិយម រហូតមានការកាប់សម្លាប់ គ្នាយ៉ាងរង្គាល។ ចូលដល់ចុងឆ្នាំ១៩៧៨ ដោយសារអង្គការប៉ុល ពត រឹតត្បិតសេរីភាព បង្ខំឱ្យធ្វើការហួសកម្លាំង និងហូប មិនឆ្អែត បណ្តាលឱ្យពួកមូលដ្ឋាន ឬអ្នកចាស់ ភ្ញាក់រលឹក លែងគាំទ្រអង្គការ ដោយងាកមករាប់អានអ្នកថ្មីវិញ។ លុះកងទ័ព រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដោយមានអន្តរាគមន៍ពីកងទ័ពវៀតណាម ចូលរំដោះមាតុភូមិបានធ្វើឱ្យ “និន្នាការនយោបាយស្ងប់” ពោលគឺអ្នកធ្លាប់ស្រលាញ់កុម្មុយនីស្ត និងសេរីនិយម ក៏ងាកមកគោរពស្រលាញ់សម្តេចហេង សំរិន សម្តេចជា ស៊ីម សម្តេចហ៊ុន សែន ឬស្រលាញ់ប៉ូលតែមួយដូចគ្នា។ ព្រឹត្តិការណ៍ដែលកើតឡើងនៅសម័យនោះ ប្រជាពលរដ្ឋសាមញ្ញ សាមគ្គីគ្នាល្អណាស់ ដោយស្រុកភូមិនីមួយៗ បានចែកជាក្រុមសាមគ្គី ធ្វើរួម ប្រវាស់ដៃ ចែកផលគ្នា ឬនិយាយឱ្យចំថា “ចេះ ចែកគ្នារស់ ព្រោះនិន្នាការស្ងប់”។

រំលងច្រើនឆ្នាំក្រោយមក ដោយសារមន្ត្រីពុករលួយមួយចំនួនកេងប្រវ័ញ្ច ចែកដីធ្លីមិនស្មើភាពគ្នា ដែលមេឃុំខ្លះមាន ដីស្រែរាប់សិបហិកតារ ចំណែកចៅហ្វាយស្រុក មានឡានជិះ ឯប្រពន្ធពាក់មាសពេជ្រស្រោចខ្លួន ខណៈដែលប្រជាពលរដ្ឋ សាមញ្ញ រកកង់ជិះមិនទាន់បានគ្រប់គ្នានោះ បណ្តាលឱ្យ “និន្នាការប្រឆាំងកើតឡើង”។ លុះមាន “ចលនាត្រីភាគី” នៅតាម ព្រំដែន ធ្វើសកម្មភាពផងនោះ ជាហេតុនាំឱ្យនិន្នាការដែលស្ងប់មួយរយៈ ក៏ស្ទុះកញ្ជ្រោលដូចទឹករលក រហូតដល់ហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោតនៅអាណត្តិទី១ ដូចឃើញស្រាប់។

ដូច្នេះយើងអាចសន្និដ្ឋានបានថា “បើចង់ឱ្យស្ងប់និន្នាការនយោបាយ” គ្មានអ្វីក្រៅពី “អំពើល្អ” នោះទេ ពោលគឺ ព្រោះតែ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានសាងអំពើល្អ ជួយរំដោះប្រជាពលរដ្ឋខ្មែរឱ្យផុតពីទម្ងន់ត្បូងចប គល់ប្ញស្សី ធ្វើឱ្យ ប្រជាពលរដ្ឋជំពាក់គុណ ក៏មាន “និន្នាការស្រប” ទូទាំងប្រទេស។ លុះមានអំពើពុករលួយ អយុត្តិធម៌សង្គមកើតឡើង “និន្នាការប្រឆាំង” ក៏កើតឡើងឯងៗដោយមិនដឹងខ្លួន។ បើមាននិន្នាការប្រឆាំងមិនឈប់ ការអភិវឌ្ឍ ក៏មានការរាំងស្ទះ ដែល ជាបរិបទសម្រាប់អ្នកនយោបាយពិចារណា។

ឥឡូវអ្វីៗជាន់ដានប្រវត្តិសាស្ត្រទៀតហើយ ខណៈដែលប្រជាពលរដ្ឋចែកនិន្នាការ “ប្រឆាំង និងមិនប្រឆាំង” ទោះជាអតីត បក្សប្រឆាំងត្រូវរំលាយ ក៏មិនអាចរំលាយនិន្នាការប្រឆាំង។ ការដែលអតីតតំណាងរាស្ត្របក្សប្រឆាំង ប៉ុន្មាននាក់នោះ ដាក់ ពាក្យសុំចូលជួបអ្នកទោសក្នុងពន្ធនាគារ ដែលជាគ្នីគ្នាគាត់នោះ ក៏បង្ហាញថា ពួកគាត់នៅតែមាននិន្នាការប្រឆាំងដដែល។ អ៊ីចឹង “ពេលណាទើបស្ងប់និន្នាការប្រឆាំង?” លុះត្រាតែគណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងសាងអំពើល្អឱ្យខ្លាំងបំផុត ដូច ឆ្នាំ១៩៧៩ ដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិ “ប្តូរជីវិត” ជួយរំដោះប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ឱ្យផុតពីគ្រោះប្រល័យ ពូជសាសន៍ ទើប “និន្នាការនយោបាយស្ងប់ស្ងាត់”។

សរុបទៅ “ពេលណាស្ងប់និន្នាការនយោបាយ?” ជាទស្សនៈមួយជួយបង្ហាញផ្លូវបក្សកាន់អំណាច តែប៉ុណ្ណោះ។ សព្វថ្ងៃ អ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឹងប្រែងសាងអំពើល្អខ្លាំងណាស់ ដើម្បីប្រយោជន៍ជាតិ និង “អូសទាញនិន្នាការនយោបាយប្រឆាំង” ប៉ុន្តែ មន្ត្រីក្រោមឱវាទមួយចំនួន មិនទាន់ចោលក្បួនពុករលួយ ឬបញ្ចោញចរិត “ប្រះពីដងរែក ទៅផ្អែកលើពូក”។ បើសាងអំពើល្អតែថ្នាក់កំពូល ឯថ្នាក់ក្រោមមិនជួយចូកជួយចែវ ហើយចង់ឱ្យស្ងប់និន្នាការនយោបាយនោះ ដូចអូសប្ញស្សីច្រាសចុងអ៊ីចឹង៕

ដោយ អាចារ្យថាំ

RELATED ARTICLES