Saturday, December 21, 2024
Homeព័ត៌មានជាតិបានប្តីក្មេងពូកែហិង្សា បានប្តីអាចារ្យងំស្រួល

បានប្តីក្មេងពូកែហិង្សា បានប្តីអាចារ្យងំស្រួល

ព្រហ្មលិខិតតែងគូសវាសជោគវាសនាមនុស្សឱ្យ មានការបត់បែនទៅតាមកាលៈទេសៈ ជាពិសេស ការជ្រើសគូស្រករ ជួនខុស ជួនត្រូវ មិនទៀងទាត់។ យ៉ាងណាមិញស្ត្រីម្នាក់នេះ កាលបានប្តីក្មេងស្គាល់តែអំពើហិង្សា លុះបានប្តីធ្វើអាចារ្យវត្ត ក៏ងំស្រួលរហូត ព្រោះបុរសកាន់សីល៥ចាំសីល៨ ស្គាល់ខុសត្រូវ និងថ្នមប្រពន្ធណាស់…។

លោកតាឡាំ ឈិន អាយុ៧៨ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត បានរៀបរាប់ថា សព្វថ្ងៃ គាត់ជាអាចារ្យគណៈកម្មការវត្ត ធ្លាប់មានភរិយា២នាក់ទៅហើយ។ កាលនៅកំលោះអាយុ២២ឆ្នាំ គាត់បានរៀបការជាមួយភរិយា ជាស្រីក្រមុំ ឈ្មោះហែម ញ៉ុល អាយុស្របាលគ្នា ដោយបានរួម រស់ជាមួយគ្នាជាង៣០ឆ្នាំឯណោះ ដោយបង្កើតបានកូន៣នាក់ សុទ្ធតែស្រីទាំងអស់។ ក្រោយមក ភរិយានោះមានជំងឺធ្ងន់ ព្យាបាល មិនជា ក៏ទទួលមរណភាពចោលគាត់ទៅ ទើបគាត់សម្រេចចិត្ត រកគ្រួសារថ្មីទៀត ដើម្បីកំដរឆាកជីវិតចុងក្រោយនេះ។ ទីបំផុត គាត់ រកបានប្រពន្ធទី២ ឈ្មោះប្រាក់ ឥដ្ឋ ដែលមានអាយុស្មើនឹងកូនស្រី ច្បងរបស់គាត់ ជាមួយប្រពន្ធមុន។ ភរិយាទី២នេះ ជាស្រី មេម៉ាយ ដែលមានប្តីមុនធ្វើទាហាន ហើយចិត្តអាក្រក់ ណាស់ មិនថា ពេលស្រវឹង ឬមិនស្រវឹងនោះទេ តែងតែ វាយធ្វើបាបនាងអត់អាសូរ។ លុះប្តីវាយធ្វើបាបពេកទ្រាំ មិនបាន នាងក៏ប្តឹងលែងលះប្តីនោះទៅ

លោកតាឡាំ ឈិន

សុខចិត្តនៅមេម៉ាយ ប្រសើរជាង ដែលកាលនោះ នាងទើបតែមានអាយុ៣០ឆ្នាំប៉ុណ្ណោះ មានឈ្មោះថា មេម៉ាយក្តៅស្រួយ។ បន្ទាប់ពី លែងប្តីមក នាងគិតថា លែងយកប្តីក្មេងទៀតហើយ តែបើ មានបុរសចំណាស់ពោះម៉ាយណាចូលសួរ នាងនឹងយល់ ព្រមមិនខាន ព្រោះសម្គាល់ឃើញថា ប្តីចាស់ស្គាល់សីលទាន មិនចេះប្រើអំពើហិង្សានោះឡើយ។

អ្នកស្រីប្រាក់ ឥដ្ឋ

តាអាចារ្យឡាំ ឈិន បន្តទៀតថា ស្របពេលនោះ គាត់ពោះម៉ាយមួយរយៈ ត្រូវកូនៗជំរុញឱ្យយកប្រពន្ធទៀត គាត់ក៏គិតថា បើយកប្រពន្ធក្រមុំ នាំឱ្យមានការរិះគន់ថា គោចាស់ប៉ះស្មៅខ្ចី បើយកមេម៉ាយមានកូនរញ៉េរញ៉ៃ សម្បុកមុន សម្បុកក្រោយ នាំពិបាកគ្រប់គ្រង។ ទីបំផុត គាត់សម្រេចចិត្តយកអ្នកមេម៉ាយអត់កូនវិញ ដើម្បីបញ្ចៀស ការរិះគន់រឿងយកក្រមុំ និងគេចឱ្យផុតពីបញ្ហាមានកូន សម្បុកមុនក្រោយ។ តាំងពីបានរួមរស់ជាមួយប្រពន្ធនេះ ជិត២០ឆ្នាំហើយ គ្មានផលវិបាកអ្វីទេ ព្រោះប្រពន្ធគោរពប្តី ដូចឪពុក ឯរូបគាត់អាយុក្បែរ៨០ឆ្នាំ ទៅហើយ ដឹងតែ ការកសាងវត្ត រក្សាសីលទានប៉ុណ្ណោះ ទុកជាយានឈាន ទៅសុគតិភព។ គាត់បង្កើតបានកូនស្រីម្នាក់ទៀត ជាមួយភរិយាទី២នេះ ដែលសព្វថ្ងៃក្រមុំស្តូកទៅហើយ។

លោកតាឡាំ ឈិន និងអ្នកស្រីប្រាក់ ឥដ្ឋ ជាមួយកូន

ដោយឡែក អ្នកស្រីប្រាក់ ឥដ្ឋ អាយុ៤៨ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា គាត់បានរៀបការជាមួយប្តីទី១ ឈ្មោះប្រាក់ ចាន់ ត្រូវជាបងជីដូនមួយ និងធ្វើទាហាន។ ប្តីនោះជាមនុស្ស កោងកាចអាងកាំភ្លើង អាងគ្រាប់បែក ឱ្យតែអន់ចិត្តប្រពន្ធ បន្តិច ក៏ប្រើអំពើហិង្សាភ្លាម រហូតដល់គាត់ទ្រាំមិនបាន ក៏ សុំលែងលះចែកផ្លូវគ្នាដើរទៅ។ នៅពេលធ្លាក់ខ្លួនមេម៉ាយ គាត់ពិចារណាថា ធម្មតាស្រីមេម៉ាយចំណាយមាត់គេ លុះត្រាតែរកប្តីថ្មីជាខ្នងបង្អែក ប្រសើរជាងរស់ឯកោ មេម៉ាយកាយរងា។ ប្តីដែលគាត់ចង់បានមិនមែនក្មេងទៀតទេ ព្រោះរាងហើយប្តីក្មេង ដោយចង់បានប្តីចាស់វិញ ព្រោះចាស់ពូកែថ្នមផង និងស្គាល់សីលទាន អាក្រក់ល្អ សខ្មៅ បុណ្យបាប។ លុះដល់លោកតាឡាំ ឈិន ចូលចែចូវ គាត់មិនទាន់ព្រមភ្លាមទេ រង់ចាំ មើលប្តីដើមសិនក្រែងគេតវ៉ាយ៉ាងម៉េចៗ លុះដឹងថា អតីតប្តីនោះ មានប្រពន្ធទៀត ទើបគាត់សម្រេចចិត្ត សែនព្រេនជាមួយប្តីចាស់ ដោយមានបងប្អូនញាតិសន្តានដឹងឮ មិនលេងឆក់កណ្តៀតនោះទេ។

អ្នកស្រីប្រាក់ ឥដ្ឋ បន្តទៀតថា កាលសែនព្រេននោះ គាត់ទើបមានអាយុ៣០ឆ្នាំប៉ុណ្ណោះ គឺមាន វ័យស្មើនឹងកូនស្រីច្បងរបស់ប្តី ខណៈដែលតាជាស្វាមីមានវ័យ៦០ឆ្នាំ ទៅហើយ។ គ្រាន់តែប៉ះធាតុ គ្នាជាមួយប្តីចាស់ភ្លាម គាត់ក៏មានផ្ទៃពោះភ្លែត និងទទួលស្គាល់ថា ប្តីចាស់ងំស្រួលណាស់ មិនដូច ប្តីក្មេងចោលម្សៀតនោះទេ។ សព្វថ្ងៃ កូនស្រីតែមួយនោះ មានអាយុ១៨ឆ្នាំហើយ ឯឪពុកនាងកាន់តែ ចាស់ទៅៗ នៅតែវត្ត ទុកឱ្យប្រពន្ធកូនចាត់ចែងរឿងស្រែ ចម្ការ មិនឱ្យតានឿយលំបាកទេ។ អ្នកស្រីក៏ សូមផ្តែផ្តាំដល់នារីឯទៀត ដែលអភ័ព្វបានប្តីចូលចិត្តវាយទាត់ធាក់ បើមានការចែកផ្លូវគ្នាដើរ ហើយ ចង់សាងជីវិតថ្មី គួរយកប្តីចាស់វិញ ធានាថា នឹងមានសុភមង្គលជានិច្ច ទោះជាបណ្តើរគ្នាទៅណា មកណា គេថាដូចឪពុក និងកូនក៏គ្មានបញ្ហាអ្វីដែរ។

អ្នកស្រីឡុង បុល

អ្នកស្រីឡុង បុល អាយុ៤៣ឆ្នាំ នាងកៅ សុផាន អាយុ៣៣ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ប្តីចាស់ប្រពន្ធក្មេងអាយុច្រើនជាងគ្នា៣០ឆ្នាំនេះ បើ អ្នកមិនដឹង ពេលឃើញពួកគាត់បណ្តើរគ្នាទៅណាម្តងៗ គេស្មានថា ឪ និងកូន។ បើតាមការឃ្លាំមើលកន្លងមក អ្នកស្រីប្រាក់ ឥដ្ឋ មានសំណាងធំណាស់ ព្រោះបានប្តី អាចារ្យវត្ត ស្គាល់បុណ្យ បាប មិនចេះហូបស្រា លេង ល្បែង ដែលជាគ្រឿងអបាយមុខនាំទុក្ខដល់គ្រួសារ។ ចំពោះកូនៗខាងប្រពន្ធមុនរបស់តាអាចារ្យ ក៏គោរព ម្តាយចុងនេះដូចម្តាយបង្កើត មិនដែលមានទំនាស់អ្វីទេ។

នាងកៅ សុផាន

គួរបញ្ជាក់ថា សុភមង្គលគូស្វាមីភរិយា ឋិតនៅ លើការស្គាល់ទុក្ខធុរៈគ្នា មានជីវភាពសមរម្យ ជាពិសេស រឿងយប់ព្រលប់សំខាន់ណាស់។ បុរសដែលមានវ័យ៦០ឆ្នាំ ឯប្រពន្ធអាយុ៣០ឆ្នាំ អាចបណ្តែតក្បូន ស្នេហ៍មិនរអាក់រអួលអ្វីទេ ប៉ុន្តែ ពេលស្វាមីឈាន ដល់វ័យជិត៨០ឆ្នាំ នេះ រឿងកាមគុណថយចុះហើយ មិនរវីរវល់ដូចពីមុនទេ។ ចូលដល់វ័យចុងក្រោយនេះ ស្វាមីមិនអាចបម្រើតណ្ហាប្រពន្ធបានទៀតទេ តែគាត់ ដល់ដំណាក់កាលទូន្មានប្រពន្ធឱ្យស្គាល់សីលទាន ទុកជាយានទៅសុគតិភព។ តាមការកត់សម្គាល់ គូស្វាមីខ្លះត្រូវរៀបគ្រែដំណេកដោយខ្លួន មិនសម្រាន្ត ជិតគ្នាទៀតទេ ហើយនៅលើក្បាលដំណេកស្វាមី មានតាំងព្រះពុទ្ធរូប សម្រាប់នមស្ការព្រឹកល្ងាច ព្រោះគាត់លែងនឹកនាដល់រឿងកិលេសទៀតហើយ…”៕

RELATED ARTICLES